ចុងបញ្ចប់របស់មនុស្សសុចរិត និងមនុស្សទុច្ចរិតបទតម្កើង របស់ដាវីឌ។ 1 កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ 2 ដ្បិតពួកគេនឹងត្រូវបានកាត់ចោលក្នុងមួយរំពេចដូចស្មៅ ហើយក្រៀមស្វិតដូចស្មៅទន់ដ៏ខៀវខ្ចីដែរ។ 3 ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។ 4 ចូររីករាយក្នុងព្រះយេហូវ៉ាចុះ នោះព្រះអង្គនឹងប្រទានឲ្យអ្នកតាមសំណូមនៃចិត្តអ្នក។ 5 ចូរផ្ទុកផ្ដាក់ផ្លូវរបស់អ្នកនឹងព្រះយេហូវ៉ា ហើយជឿទុកចិត្តលើព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យសម្រេច 6 ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់អ្នកចេញមកដូចពន្លឺ ក៏នឹងធ្វើឲ្យសេចក្ដីយុត្តិធម៌របស់អ្នកចេញមកដូចថ្ងៃត្រង់។ 7 ចូរនៅស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអត់ធ្មត់ចុះ កុំរសាប់រសល់ព្រោះតែអ្នកដែលចម្រើនឡើងក្នុងផ្លូវរបស់ខ្លួនឡើយ ក៏កុំរសាប់រសល់ព្រោះតែមនុស្សដែលអនុវត្តកលល្បិចដែរ។ 8 ចូររម្ងាប់កំហឹង ហើយបោះបង់ចោលសេចក្ដីក្ដៅក្រហាយទៅ; កុំរសាប់រសល់ឡើយ ដ្បិតវាគ្រាន់តែនាំឲ្យធ្វើអាក្រក់ប៉ុណ្ណោះ។ 9 ជាការពិត មនុស្សដែលធ្វើអាក្រក់នឹងត្រូវបានកាត់ចេញ រីឯអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ានឹងទទួលផែនដីជាមរតក។ 10 បន្តិចទៀត លែងមានមនុស្សអាក្រក់ទៀតឡើយ ទោះបីជាអ្នកខំរកមើលនៅកន្លែងគេក៏ដោយ ក៏គេមិននៅដែរ។ 11 រីឯមនុស្សរាបទាបនឹងទទួលផែនដីជាមរតក ហើយរីករាយនឹងសេចក្ដីសុខសាន្តដ៏បរិបូរ។ 12 មនុស្សអាក្រក់ប៉ងធ្វើអាក្រក់ទាស់នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់អ្នកនោះផង។ 13 ព្រះអម្ចាស់ទ្រង់សើចដាក់មនុស្សអាក្រក់ ដ្បិតព្រះអង្គទ្រង់ជ្រាបថា ថ្ងៃរបស់គេជិតមកដល់ហើយ។ 14 ពួកមនុស្សអាក្រក់បានហូតដាវ ព្រមទាំងយឹតធ្នូរបស់ខ្លួន ដើម្បីធ្វើឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតដួល និងដើម្បីសម្លាប់អ្នកដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន។ 15 ប៉ុន្តែដាវរបស់ពួកគេនឹងចាក់ទម្លុះបេះដូងខ្លួនគេ ហើយធ្នូរបស់ពួកគេក៏នឹងត្រូវបានបំបាក់ដែរ។ 16 បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។ 17 ដ្បិតដើមដៃរបស់មនុស្សអាក្រក់នឹងត្រូវបានបំបាក់ ប៉ុន្តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។ 18 ព្រះយេហូវ៉ាទ្រង់ជ្រាបអស់ទាំងថ្ងៃរបស់មនុស្សគ្រប់លក្ខណ៍ ហើយមរតករបស់ពួកគេនឹងនៅស្ថិតស្ថេរជារៀងរហូត។ 19 ពួកគេនឹងមិនអាម៉ាស់មុខក្នុងគ្រានៃមហន្តរាយឡើយ ហើយពួកគេនឹងបានឆ្អែតក្នុងថ្ងៃនៃទុរ្ភិក្ស។ 20 យ៉ាងណាមិញ មនុស្សអាក្រក់នឹងវិនាស; ខ្មាំងសត្រូវរបស់ព្រះយេហូវ៉ាប្រៀបដូចជាលម្អនៃវាលស្មៅ ពួកគេនឹងអស់ទៅ គឺអស់ទៅដូចជាផ្សែង។ 21 មនុស្សអាក្រក់ខ្ចីគេ ហើយមិនសងវិញឡើយ រីឯមនុស្សសុចរិត មានចិត្តសប្បុរស ហើយឲ្យដល់គេ។ 22 ជាការពិត អ្នកដែលមានព្រះពរពីព្រះអង្គ នឹងទទួលផែនដីជាមរតក រីឯអ្នកដែលត្រូវព្រះអង្គដាក់បណ្ដាសា នឹងត្រូវបានកាត់ចេញ។ 23 ជំហានរបស់មនុស្សត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយព្រះយេហូវ៉ា ហើយព្រះអង្គសព្វព្រះហឫទ័យនឹងផ្លូវរបស់គេ។ 24 ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។ 25 ខ្ញុំធ្លាប់ជាក្មេង ឥឡូវនេះខ្ញុំចាស់ហើយ ប៉ុន្តែខ្ញុំមិនដែលឃើញមនុស្សសុចរិតត្រូវបានបោះបង់ចោលឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេសុំទានអាហារដែរ។ 26 វាល់ព្រឹកវាល់ល្ងាច គេមានចិត្តសប្បុរស ព្រមទាំងឲ្យខ្ចីផង ហើយពូជពង្សរបស់គេនឹងបានជាពរ។ 27 ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អ នោះអ្នកនឹងរស់នៅជារៀងរហូត 28 ដ្បិតព្រះយេហូវ៉ាទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយព្រះអង្គមិនបោះបង់ចោលវិសុទ្ធជនរបស់ព្រះអង្គឡើយ; ពួកគេត្រូវបានថែរក្សាជារៀងរហូត រីឯពូជពង្សរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។ 29 មនុស្សសុចរិតនឹងទទួលផែនដីជាមរតក ហើយរស់នៅទីនោះជារៀងរហូត។ 30 មាត់របស់មនុស្សសុចរិតថ្លែងប្រាជ្ញា ហើយអណ្ដាតរបស់គេពោលសេចក្ដីយុត្តិធម៌។ 31 ក្រឹត្យវិន័យរបស់ព្រះនៃគេនៅក្នុងចិត្តគេ ជំហានរបស់គេមិនញញីញញ័រឡើយ។ 32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយស្វែងរកដើម្បីធ្វើឲ្យគេត្រូវបានសម្លាប់ 33 ប៉ុន្តែព្រះយេហូវ៉ាមិនបោះបង់គេចោលទៅក្នុងកណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេត្រូវបានផ្ដន្ទាទោស នៅពេលគេត្រូវបានជំនុំជម្រះដែរ។ 34 ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។ 35 ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ដ៏កាចសាហាវ ហើយគេរីកឡើងដូចរុក្ខជាតិខៀវខ្ចីនៅទីកំណើតរបស់វា។ 36 ប៉ុន្តែគេកន្លងបាត់ទៅ ហើយមើល៍! មិនមានគេទៀតទេ! ទោះបីជាខ្ញុំស្វែងរកគេក៏ដោយ ក៏រកមិនឃើញដែរ។ 37 ចូរសង្កេតមនុស្សឥតខ្ចោះ ហើយមើលមនុស្សទៀងត្រង់ចុះ ដ្បិតមានអនាគតសម្រាប់មនុស្សនៃសេចក្ដីសុខសាន្ត។ 38 ប៉ុន្តែមនុស្សបំពាននឹងត្រូវបានបំផ្លាញជាមួយគ្នា; អនាគតរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។ 39 ចំណែកឯការរួចជីវិតរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាបន្ទាយរបស់ពួកគេ ក្នុងពេលមានទុក្ខវេទនា។ 40 ព្រះយេហូវ៉ាទ្រង់ជួយពួកគេ ហើយរំដោះពួកគេ គឺព្រះអង្គរំដោះពួកគេពីមនុស្សអាក្រក់ ហើយសង្គ្រោះពួកគេ ពីព្រោះពួកគេបានជ្រកកោនក្នុងព្រះអង្គ៕ |