ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 102 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 102

ស្រែកហៅក្នុងទុក្ខលំបាក
សេចក្ដីអធិស្ឋាន​របស់​មនុស្ស​រងទុក្ខ នៅពេល​ខ្សោយ ហើយ​បង្ហូរ​ពាក្យត្អូញត្អែរ​របស់ខ្លួន​នៅចំពោះ​ព្រះយេហូវ៉ា​។

1 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូមឲ្យ​សម្រែក​របស់ទូលបង្គំ​បាន​ទៅ​ដល់​ព្រះអង្គ​ផង​!

2 នៅ​ថ្ងៃ​នៃ​ទុក្ខលំបាក​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ​ផង​; នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង​;

3 ដ្បិត​ថ្ងៃអាយុ​របស់ទូលបង្គំ​បាន​អស់ទៅ​ដូចជា​ផ្សែង ហើយ​ឆ្អឹង​ទូលបង្គំ​បាន​ឆេះ​ដូចជា​ឡភ្លើង​;

4 ចិត្ត​របស់ទូលបង្គំ​ត្រូវបាន​វាយ ហើយ​ក្រៀមស្វិត​ដូចជា​ស្មៅ រហូតដល់​ទូលបង្គំ​ភ្លេច​ហូប​អាហារ​របស់ទូលបង្គំ​ផង​។

5 ដោយសារតែ​សំឡេង​ថ្ងូរ​របស់ទូលបង្គំ ស្បែក​ទូលបង្គំ​ក៏​ជាប់​នឹង​ឆ្អឹង​ទូលបង្គំ​។

6 ទូលបង្គំ​បាន​ដូចជា​សត្វទុង​នៅ​ទីរហោស្ថាន ក៏​ដូចជា​មៀម​នៅ​ទីបាក់បែក​;

7 ទូលបង្គំ​បាន​ចាំយាម ក៏​បាន​ដូចជា​សត្វស្លាប​ដែល​នៅឯកោ​លើ​ដំបូលផ្ទះ​។

8 វាល់ព្រឹកវាល់ល្ងាច ពួក​សត្រូវ​របស់ទូលបង្គំ​បាន​ត្មះតិះដៀល​ទូលបង្គំ ពួកអ្នក​ចំអកមើលងាយ​ទូលបង្គំ ប្រើឈ្មោះ​ទូលបង្គំ​ទៅ​ដាក់បណ្ដាសា​គេ​។

9 ទូលបង្គំ​បាន​ហូប​ផេះ​ដូចជា​អាហារ ហើយ​លាយ​គ្រឿងផឹក​របស់ទូលបង្គំ​ជាមួយ​ទឹកភ្នែក

10 ដោយសារតែ​សេចក្ដីក្រេវក្រោធ និង​ព្រះពិរោធ​របស់ព្រះអង្គ​។ ប្រាកដមែន ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង ហើយ​បោះ​ទូលបង្គំ​ចោល​។

11 ថ្ងៃអាយុ​របស់ទូលបង្គំ​ប្រៀបដូចជា​ស្រមោល​ដែល​ជ្រេទៅ ហើយ​ទូលបង្គំ​ក៏​ក្រៀមស្វិត​ដូចជា​ស្មៅ​។

12 រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​គង់លើបល្ល័ង្ក​ជារៀងរហូត​; ការនឹកចាំ​អំពី​ព្រះអង្គ​នឹងមាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!

13 ព្រះអង្គ​នឹង​ក្រោកឡើង ហើយ​អាណិតមេត្តា​ស៊ីយ៉ូន ពីព្រោះ​ពេលវេលា​ដើម្បី​មេត្តា​ដល់​នាង គឺ​ពេលកំណត់​បាន​មក​ដល់​ហើយ​។

14 ប្រាកដមែន បាវបម្រើ​របស់ព្រះអង្គ​ពេញចិត្ត​នឹង​ថ្ម​របស់​ទីក្រុងនោះ ហើយ​ស្រឡាញ់​ធូលី​របស់នាង​។

15 ពេលនោះ ប្រជាជាតិ​នានា​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​អស់ទាំង​ស្ដេច​នៃ​ផែនដី​ក៏​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ដែរ​;

16 ដ្បិត​ព្រះយេហូវ៉ា​សង់​ស៊ីយ៉ូន​ឡើងវិញ ហើយ​លេចមក​ក្នុង​សិរីរុងរឿង​របស់ព្រះអង្គ​។

17 ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។

18 សូមឲ្យ​សេចក្ដីនេះ​ត្រូវបាន​កត់ត្រាទុក​សម្រាប់​ជំនាន់​ក្រោយ ដើម្បីឲ្យ​ប្រជារាស្ត្រ​ដែល​នឹង​ត្រូវបាន​និម្មិតបង្កើត បាន​សរសើរតម្កើង​ព្រះយេហូវ៉ា​ថា​៖

19 “ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ទីវិសុទ្ធ​ដ៏ខ្ពស់បំផុត​របស់ព្រះអង្គ ព្រះអង្គ​រំពៃមើល​ពី​ស្ថានសួគ៌​មក​ផែនដី

20 ដើម្បី​សណ្ដាប់​សម្រែកថ្ងូរ​របស់​អ្នកទោស ហើយ​ដោះលែង​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់

21 ដើម្បីឲ្យ​ពួកគេ​ប្រកាស​ព្រះនាម​របស់​ព្រះយេហូវ៉ា​នៅ​ស៊ីយ៉ូន ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅ​យេរូសាឡិម

22 នៅពេល​ប្រជាជាតិ​នានា និង​អាណាចក្រ​ទាំងឡាយ​ប្រមូល​គ្នា​ដើម្បី​បម្រើ​ព្រះយេហូវ៉ា”។

23 ព្រះអង្គ​បាន​ធ្វើឲ្យ​កម្លាំង​របស់ទូលបង្គំ​ចុះខ្សោយ​នៅកណ្ដាល​ផ្លូវ ព្រះអង្គ​បាន​បន្ថយ​ថ្ងៃអាយុ​របស់ទូលបង្គំ​។

24 ទូលបង្គំ​ទូលថា​៖ “ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​ដក​ទូលបង្គំ​ចេញ​ពី​កណ្ដាល​ថ្ងៃអាយុ​របស់ទូលបង្គំ​ឡើយ​! ព្រះជន្មាយុ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។

25 នៅដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

26 ផ្ទៃមេឃ និងផែនដី​នឹង​សាបសូន្យ​ទៅ ប៉ុន្តែ​ព្រះអង្គ​នៅស្ថិតស្ថេរ​ជានិច្ច​; ទាំង​ផ្ទៃមេឃ ទាំង​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់​។ ព្រះអង្គ​នឹង​ផ្លាស់​វា​ចេញ​ដូច​អាវ នោះ​វា​នឹង​ត្រូវបាន​ផ្លាស់ចេញ​។

27 ប៉ុន្តែ​ព្រះអង្គ​នៅដដែល ព្រះជន្មាយុ​របស់ព្រះអង្គ​មិន​ចេះ​អស់​ឡើយ​។

28 កូនចៅ​របស់​បាវបម្រើ​ព្រះអង្គ​នឹង​រស់នៅ ហើយ​ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​នៅចំពោះ​ព្រះអង្គ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative