ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


កិច្ចការ 26 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
កិច្ចការ 26

ប៉ូលឆ្លើយការពារខ្លួននៅមុខព្រះបាទអ័គ្រីប៉ា

1 ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “អ្នក​មានសិទ្ធិ​និយាយ​អំពី​ខ្លួនឯង​បាន”។ ប៉ូល​ក៏​លាត​ដៃ ហើយ​ចាប់ផ្ដើម​ឆ្លើយការពារខ្លួន​ថា​៖

2 “ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​ចាត់ទុក​ខ្លួនឯង​ថា​មានភ័ព្វសំណាង ដែល​អាច​ឆ្លើយការពារខ្លួន​នៅមុខ​ព្រះករុណា​នៅ​ថ្ងៃនេះ ទាក់ទងនឹង​ការ​ទាំងអស់​ដែល​ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​នោះ

3 ជាពិសេស ដោយសារ​ព្រះករុណា​ជា​អ្នកជំនាញ​ខាង​ទំនៀមទម្លាប់ និង​បញ្ហា​ទាំងអស់​របស់​ជនជាតិយូដា​។ ដូច្នេះ ខ្ញុំព្រះបាទ​សូមអង្វរ​ឲ្យ​ព្រះករុណា​សណ្ដាប់​ខ្ញុំព្រះបាទ​ដោយអនុគ្រោះ​ផង​។

4 “ពិតណាស់ហើយ ជនជាតិយូដា​ទាំងអស់​ស្គាល់​របៀបរស់នៅ​របស់ខ្ញុំព្រះបាទ​តាំងពី​យុវវ័យ​មកម្ល៉េះ គឺ​របៀបដែល​ខ្ញុំព្រះបាទ​នៅ​ក្នុងចំណោម​ជនរួមជាតិ​របស់ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម​កាលពីដំបូង​។

5 ពួកគេ​ស្គាល់​ខ្ញុំព្រះបាទ​តាំងពីយូរមកហើយ ហើយ​ពួកគេ​អាច​ធ្វើបន្ទាល់​បាន ប្រសិនបើ​ចង់ ថា​ខ្ញុំព្រះបាទ​បាន​រស់នៅ​ជា​ពួកផារិស៊ី​ស្របតាម​និកាយ​ដ៏តឹងរ៉ឹងបំផុត​នៃ​សាសនា​របស់យើង​។

6 ឥឡូវនេះ ខ្ញុំព្រះបាទ​កំពុង​ឈរ​ទទួល​ការ​កាត់ក្ដី​ដោយសារតែ​សេចក្ដីសង្ឃឹម​ចំពោះ​សេចក្ដីសន្យា​ដែល​ព្រះ​បាន​តាំង​នឹង​ដូនតា​របស់យើង

7 គឺ​សេចក្ដីសន្យា​ដែល​កុលសម្ព័ន្ធទាំងដប់ពីរ​របស់យើង​បាន​បម្រើ​ព្រះ​យ៉ាងអស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​។ ព្រះរាជា​អើយ ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​អំពី​សេចក្ដីសង្ឃឹម​នេះ​ឯង​។

8 ហេតុអ្វីបានជា​អស់លោក​យល់ឃើញ​ថា ការ​ដែល​ព្រះ​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​នោះ ជា​ការ​មិនគួរឲ្យជឿ​ដូច្នេះ​?

9 ជាការពិត ខ្លួន​ខ្ញុំព្រះបាទ​ផ្ទាល់​ធ្លាប់​គិតថា ត្រូវតែ​ធ្វើ​កិច្ចការប្រឆាំង​ជាច្រើន ទាស់នឹង​ព្រះនាម​ព្រះយេស៊ូវ​អ្នកណាសារ៉ែត

10 ហើយ​ខ្ញុំព្រះបាទ​បាន​ធ្វើ​ការនេះ​នៅ​យេរូសាឡិម​។ មិនគ្រាន់តែប៉ុណ្ណោះទេ ខ្ញុំព្រះបាទ​បាន​ឃុំឃាំង​វិសុទ្ធជន​ជាច្រើន​ក្នុង​គុក ដោយ​ទទួល​សិទ្ធិអំណាច​ពី​ពួក​នាយកបូជាចារ្យ ថែមទាំង​បោះឆ្នោតគាំទ្រ​ទៀតផង ពេល​ពួកគេ​ត្រូវ​សម្លាប់​។

11 នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។

ប៉ូលធ្វើបន្ទាល់អំពីការទទួលជឿ និងបេសកកម្ម

12 “នៅគ្រានោះ ខ្ញុំព្រះបាទ​បាន​ធ្វើដំណើរ​ទៅ​ដាម៉ាស់ ដោយ​ទទួល​សិទ្ធិអំណាច និង​ការអនុញ្ញាត​ពី​ពួក​នាយកបូជាចារ្យ​។

13 ព្រះរាជា​អើយ នៅពេល​ថ្ងៃត្រង់ កាល​កំពុង​ធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទ​ឃើញ​ពន្លឺ​មួយ​ពីលើមេឃ​ដែល​ភ្លឺ​ជាង​ព្រះអាទិត្យ ចាំងជុំវិញ​ខ្ញុំព្រះបាទ និង​ពួក​អ្នក​ដែល​ធ្វើដំណើរ​ជាមួយ​ខ្ញុំព្រះបាទ​។

14 ពេលនោះ យើងខ្ញុំ​ទាំងអស់គ្នា​ដួល​ទៅលើ​ដី រួច​ខ្ញុំព្រះបាទ​ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំព្រះបាទ​ជា​ភាសា​ហេព្រើរ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​? ជា​ការពិបាក​សម្រាប់​អ្នក ដែល​អ្នក​ទាត់​ជន្លួញ’។

15 “ខ្ញុំព្រះបាទ​ទូលថា​: ‘ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?’។ “ព្រះអម្ចាស់​មានបន្ទូលថា​:‘យើង​គឺ​យេស៊ូវ ដែល​អ្នក​កំពុង​បៀតបៀន​។

16 ចូរ​ក្រោកឡើង ហើយ​ឈរ​ដោយ​ជើង​អ្នក​ចុះ​! ដ្បិត​យើង​បាន​លេចមក​ដល់​អ្នក​ដើម្បី​ការនេះ គឺ​ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ និង​ជា​សាក្សី​អំពី​ការ​ដែល​អ្នក​បាន​ឃើញ​យើង ព្រមទាំង​អំពី​អ្វីដែល​យើង​នឹង​សម្ដែង​ដល់​អ្នក​។

17 យើង​នឹង​រំដោះ​អ្នក​ចេញពី​ប្រជាជន​អ៊ីស្រាអែល​និង​ពី​សាសន៍ដទៃ​។​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​រក​ពួកគេ

18 ដើម្បី​បើក​ភ្នែក​ពួកគេ ដើម្បីឲ្យ​ពួកគេ​បែរ​ពី​សេចក្ដីងងឹត​មក​រក​ពន្លឺ​វិញ បែរ​ពី​អំណាច​សាតាំង​មក​រក​ព្រះ​វិញ ព្រមទាំង​ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ការលើកលែងទោស​បាប និង​ទទួល​ចំណែក​ជាមួយ​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ជំនឿ​លើ​យើង’។

19 “ដូច្នេះ ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​មិន​បាន​ជំទាស់​នឹង​និមិត្ត​នៃស្ថានសួគ៌​នេះ​ទេ​។

20 មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។

21 ដោយសារតែ​ការទាំងនេះ ពួកយូដា​បាន​ចាប់​ខ្ញុំព្រះបាទ ពេល​ខ្ញុំព្រះបាទ​នៅ​ក្នុង​ព្រះវិហារ ហើយ​ព្យាយាម​សម្លាប់​ខ្ញុំព្រះបាទ​។

22 យ៉ាងណាមិញ ដោយ​ទទួល​ការជួយ​ពី​ព្រះ ខ្ញុំព្រះបាទ​បាន​ឈរ​ធ្វើបន្ទាល់ ដល់​អ្នកតូច​ផង ដល់​អ្នកធំ​ផង រហូតដល់​ថ្ងៃ​នេះ​។ ខ្ញុំព្រះបាទ​មិន​និយាយ​អ្វី ក្រៅពី​សេចក្ដី​ដែល​បណ្ដា​ព្យាការី និង​ម៉ូសេ​បាន​ថ្លែងថា​នឹង​កើតឡើង​នោះ​ទេ

23 គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ និង​ថា​ដោយ​ព្រះអង្គជាអ្នកដែល​រស់ឡើងវិញ​មុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ព្រះអង្គ​នឹង​ប្រកាស​ពន្លឺ ដល់​ប្រជារាស្ត្រ​នេះ​ផង ដល់​សាសន៍ដទៃ​ផង”។

ប្រតិកម្មនឹងសម្ដីរបស់ប៉ូល

24 ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!”។

25 ប៉ូល​តបថា​៖ “ឯកឧត្ដម​ភេស្ទុស​អើយ ខ្ញុំ​មិន​ឆ្កួត​ទេ​។ ផ្ទុយទៅវិញ ខ្ញុំ​កំពុង​និយាយ​ពាក្យ​ពិត និង​សមហេតុផល​ទេតើ​។

26 ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។

27 ព្រះបាទ​អ័គ្រីប៉ា​អើយ តើ​ព្រះករុណា​ជឿ​បណ្ដា​ព្យាការី​ឬទេ​? ខ្ញុំព្រះបាទ​ដឹង​ថា​ព្រះករុណា​ជឿ​ហើយ”។

28 អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “អ្នក​ចង់​បញ្ចុះបញ្ចូល​យើង​ឲ្យ​ធ្វើជា​គ្រីស្ទាន ដោយ​ពាក្យ​តែបន្តិច​ឬ​?”។

29 ប៉ូល​ទូលថា​៖ “ទោះបីជា​ពាក្យ​បន្តិច ឬ​ច្រើន​ក៏ដោយ ក៏​ខ្ញុំព្រះបាទ​សូម​អធិស្ឋាន​ទៅ​ព្រះ មិនគ្រាន់តែ​សម្រាប់​ព្រះករុណា​ប៉ុណ្ណោះទេ គឺ​សម្រាប់​អស់អ្នក​ដែល​កំពុង​ស្ដាប់​ខ្ញុំព្រះបាទ​នៅ​ថ្ងៃនេះ ឲ្យ​បាន​ដូចជា​ខ្ញុំព្រះបាទ​ដែរ ប៉ុន្តែ​កុំឲ្យ​ជាប់ច្រវាក់​ទាំងនេះ​!”។

30 បន្ទាប់មក ទាំង​ស្ដេច អភិបាល និង​បេរេនីស ព្រមទាំង​ពួក​អ្នក​ដែល​អង្គុយជាមួយ​ពួកគេ​ក៏​ក្រោកឡើង​។

31 លុះ​ចេញទៅ​ខាងក្រៅ ពួកគេ​និយាយ​គ្នា​ថា​៖ “បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ”។

32 អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “បុរស​នេះ​អាច​ដោះលែង​បាន ប្រសិនបើ​មិន​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative