Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 25 - ព្រះគម្ពីរខ្មែរសាកល


ប្ដឹងឧទ្ធរណ៍ទៅសេសារ

1 បី​ថ្ងៃ​ក្រោយពី​ភេស្ទុស​មក​ដល់​ខេត្ត​នោះ លោក​បាន​ឡើង​ពី​សេសារា​ទៅ​យេរូសាឡិម​។

2 ពួក​នាយកបូជាចារ្យ និង​ពួក​មេដឹកនាំ​របស់​ជនជាតិយូដា​ក៏​ប្ដឹង​ទៅ​លោក​ទាស់នឹង​ប៉ូល ព្រមទាំង​អង្វរ​សុំ

3 ការអនុគ្រោះ​ពី​លោក​ឲ្យ​បញ្ជូន​ប៉ូល​មក​យេរូសាឡិម​។ តាមពិត ពួកគេ​កំពុង​រៀបចំ​ការពួនស្ទាក់​ដើម្បី​សម្លាប់​ប៉ូល​នៅតាមផ្លូវ​។

4 យ៉ាងណាមិញ ភេស្ទុស​តបថា​៖ “ប៉ូល​ជាប់ឃុំឃាំង​នៅ​សេសារា រីឯ​ខ្លួនខ្ញុំផ្ទាល់​ក៏​បម្រុងនឹង​ត្រឡប់ទៅវិញ​ក្នុងពេលឆាប់ៗ​ដែរ”។

5 លោក​មានប្រសាសន៍​ទៀត​ថា​៖ “ដូច្នេះ ពួក​អ្នក​មានអំណាច​ក្នុង​អ្នករាល់គ្នា​ចុះទៅជាមួយ​ខ្ញុំ ហើយ​ប្រសិនបើ​បុរស​នោះ​មាន​អ្វី​ខុស ចូរ​ចោទប្រកាន់​គាត់​ចុះ”។

6 លោក​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើសពី​ប្រាំបី ឬ​ដប់​ថ្ងៃ រួច​ចុះ​ទៅ​សេសារា​។ នៅ​ថ្ងៃបន្ទាប់ លោក​ក៏​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។

7 នៅពេល​ប៉ូល​មក​ដល់ ពួកយូដា​ដែល​ចុះមក​ពី​យេរូសាឡិម​ក៏​ឈរព័ទ្ធជុំវិញ​គាត់ ហើយ​ចោទប្រកាន់​គាត់​ដោយ​ពាក្យបណ្ដឹង​ធ្ងន់ៗ​ជាច្រើន ដែល​ពួកគេ​មិន​អាច​បញ្ជាក់ភស្តុតាង​បាន​។

8 ប៉ូល​ឆ្លើយការពារខ្លួន​ថា​៖ “ខ្ញុំ​មិន​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ក្រឹត្យវិន័យ​របស់​ជនជាតិយូដា ទាស់នឹង​ព្រះវិហារ ឬ​ទាស់នឹង​សេសារ​ឡើយ”។

9 ប៉ុន្តែ​ភេស្ទុស​ចង់​បំពេញចិត្ត​ពួកយូដា ក៏​តប​នឹង​ប៉ូល​ថា​៖ “តើ​អ្នក​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ឲ្យ​ខ្ញុំ​កាត់ក្ដី​អំពី​រឿងទាំងនេះ​នៅ​ទីនោះ​ឬទេ​?”។

10 ប៉ូល​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​ឈរ​នៅមុខ​ទីកាត់ក្ដី​របស់​សេសារ ជា​កន្លែងដែល​គួរ​កាត់ក្ដី​ខ្ញុំ​។ ខ្ញុំ​មិន​បាន​ធ្វើខុស​អ្វី​នឹង​ជនជាតិយូដា​ទេ ដូចដែល​លោក​ជ្រាប​ច្បាស់​ហើយ​។

11 ដោយហេតុនេះ ប្រសិនបើ​ខ្ញុំ​បាន​ធ្វើខុស ឬ​ប្រព្រឹត្ត​អ្វី​សមតែ​ស្លាប់ នោះ​ខ្ញុំ​មិន​ប្រកែក​នឹង​ស្លាប់​ទេ ប៉ុន្តែ​ប្រសិនបើ​អ្វីដែល​អ្នកទាំងនេះ​កំពុង​ចោទប្រកាន់​ខ្ញុំ​មិនពិត​វិញ នោះ​គ្មានអ្នកណា​អាច​ប្រគល់​ខ្ញុំ​ទៅ​ពួកគេ​បាន​ឡើយ​។ ខ្ញុំ​សូម​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”។

12 ក្រោយពី​ពិគ្រោះជាមួយ​ក្រុមប្រឹក្សា ភេស្ទុស​តបថា​៖ “អ្នក​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​ហើយ ដូច្នេះ​អ្នក​នឹង​ទៅ​ជួប​សេសារ​!”។


ព្រះបាទអ័គ្រីប៉ា និងបេរេនីសមកជួបភេស្ទុស

13 លុះ​ប៉ុន្មានថ្ងៃ​ក្រោយមក ព្រះបាទ​អ័គ្រីប៉ា និង​បេរេនីស​យាង​មក​ដល់​សេសារា ដើម្បី​សួរសុខទុក្ខ​ភេស្ទុស​។

14 ដោយសារ​ពីរនាក់នោះ​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ ភេស្ទុស​ក៏​រៀបរាប់​ទូល​ស្ដេច​អំពី​រឿង​ទាក់ទងនឹង​ប៉ូល​ថា​៖ “មាន​បុរស​ម្នាក់​ដែល​ភេលីច​ទុកឲ្យនៅ​ជា​អ្នកទោស​។

15 ពេល​ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​បាន​ប្ដឹង​អំពី​បុរសនេះ ដោយ​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​គាត់

16 ខ្ញុំព្រះបាទ​បាន​តប​នឹង​អ្នកទាំងនោះ​ថា មិនមែន​ជា​ទម្លាប់​របស់​ជនជាតិរ៉ូម៉ាំង​ទេ ដែល​ប្រគល់​អ្នកណា​ម្នាក់​ទៅ មុន​ចុងចោទ​បាន​ជួបគ្នាផ្ទាល់មុខ​នឹង​ដើមចោទ ហើយ​ទទួល​ឱកាស​ឆ្លើយការពារខ្លួន​ចំពោះ​បណ្ដឹង​នោះ​។

17 ដូច្នេះ កាល​ពួកគេ​មកជួបជុំគ្នា​នៅ​ទីនេះ ខ្ញុំព្រះបាទ​មិន​បាន​ពន្យារពេល​ឡើយ គឺ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំព្រះបាទ​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​បុរស​នោះ​មក​។

18 ពេល​ពួក​ដើមចោទ​ឈរឡើង ពួកគេ​គ្មាន​ពាក្យបណ្ដឹង​ទាស់នឹង​អ្នកនោះ​អំពី​ការ​អាក្រក់​ណាមួយ​ដែល​ខ្ញុំព្រះបាទ​នឹកស្មាន​នោះ​ឡើយ

19 គឺ​មាន​តែ​បញ្ហា​ខ្លះ​ៗ​ជាមួយ​គាត់​អំពី​សាសនា​របស់ពួកគេផ្ទាល់ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ​ដែល​ស្លាប់​ទៅហើយ ប៉ុន្តែ​ប៉ូល​អះអាងថា​នៅរស់​។

20 ដោយព្រោះ​ខ្ញុំព្រះបាទ​វល់គំនិត​អំពី​បញ្ហា​ទាំងនេះ ខ្ញុំព្រះបាទ​ក៏​សួរ​គាត់ ក្រែងលោ​គាត់​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ទទួល​ការ​កាត់ក្ដី​នៅទីនោះ អំពី​ការទាំងនេះ​។

21 ប៉ុន្តែ​ប៉ូល​ស្នើ​ឲ្យ​ឃុំ​គាត់​ដើម្បីឲ្យ​ព្រះចៅអធិរាជ​កាត់ក្ដី ដូច្នេះ​ខ្ញុំព្រះបាទ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូតដល់​ពេល​ខ្ញុំព្រះបាទ​បញ្ជូន​គាត់​ទៅ​សេសារ”។

22 ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “ខ្លួនខ្ញុំផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ”។ ភេស្ទុស​ទូលថា​៖ “ព្រះករុណា​នឹង​បាន​ស្ដាប់​គាត់ នៅ​ថ្ងៃស្អែក”។


ប៉ូលនៅមុខព្រះបាទអ័គ្រីប៉ា

23 នៅ​ថ្ងៃបន្ទាប់ អ័គ្រីប៉ា និង​បេរេនីស​បាន​យាង​មក​យ៉ាងអធិកអធម ហើយ​ចូលទៅ​ក្នុង​សាលសវនាការ​ជាមួយ​ពួក​មេបញ្ជាការ និង​ពួក​អ្នកមានឋានៈខ្ពស់​នៃ​ទីក្រុង​នោះ។ បន្ទាប់មក ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។

24 ភេស្ទុស​មានប្រសាសន៍ថា​៖ “ព្រះបាទ​អ័គ្រីប៉ា និង​អស់លោក​ដែល​មានវត្តមាន​ជាមួយ​យើងខ្ញុំ​អើយ សូម​មើល​បុរសនេះ​ដែល​ប្រជាជន​យូដា​ទាំងអស់​បាន​ប្ដឹង​មក​ខ្ញុំ ទាំង​នៅ​យេរូសាឡិម និង​នៅ​ទីនេះ​ផង ដោយ​ស្រែកថា​មិន​ត្រូវ​ឲ្យ​គាត់​រស់នៅ​តទៅទៀត​ទេ​។

25 រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។

26 ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។

27 ដ្បិត​ខ្ញុំ​យល់ឃើញថា​មិនសមទេ ដែល​បញ្ជូន​អ្នកទោស​ទៅ​ដោយ​មិន​បញ្ជាក់​បណ្ដឹង​អំពី​គាត់”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម