ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


កិច្ចការ 18 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
កិច្ចការ 18

ប៉ូលនៅកូរិនថូស

1 បន្ទាប់ពីការទាំងនេះ ប៉ូល​បាន​ចាកចេញ​ពី​អាថែន ហើយ​មកដល់​កូរិនថូស។

2 គាត់​ជួប​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័គីឡា​អ្នក​ប៉ុនតុស និង​ព្រីស៊ីឡា​ប្រពន្ធ​របស់​គាត់ អ្នកទាំងពីរ​ទើប​មក​ពី​អ៊ីតាលី ពីព្រោះ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិយូដា​ទាំងអស់​ចេញ​ពី​រ៉ូម​។ ប៉ូល​ក៏​ទៅជួប​ពួកគេ

3 ហើយ​ស្នាក់នៅ​ជាមួយ​ពួកគេ ទាំង​ធ្វើការ​ជាមួយ​ផង ដោយសារ​ពួកគេមាន​មុខរបរ​ដូច​គាត់ គឺ​ពួកគេ​ជា​ជាងធ្វើរោង​ដែរ​។

4 គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។

5 ប៉ុន្តែ​កាល​ស៊ីឡាស និង​ធីម៉ូថេ​ចុះមក​ពី​ម៉ាសេដូន ប៉ូល​ចាប់ផ្ដើម​ចំណាយពេលទាំងស្រុង​នឹង​ព្រះបន្ទូល ដោយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដល់​ជនជាតិយូដា​ថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ​។

6 ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។

7 ដូច្នេះ ប៉ូល​ក៏​ចេញ​ពីទីនោះ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ទីទិយុស​យូស្ទុស​ជា​អ្នក​ថ្វាយបង្គំ​ព្រះ ដែល​ផ្ទះ​គាត់​នៅ​ជាប់​សាលាប្រជុំ​។

8 រីឯ​គ្រីសប៉ុស​អ្នកគ្រប់គ្រងសាលាប្រជុំ​បាន​ជឿ​ព្រះអម្ចាស់​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​គាត់ ហើយ​អ្នកកូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់ ក៏​ជឿ​ដែរ ព្រមទាំង​ទទួលពិធីជ្រមុជទឹក​ផង​។

9 យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​នឹង​ប៉ូល​ក្នុង​និមិត្ត​ថា​៖“កុំ​ខ្លាច​ឡើយ ចូរ​បន្ត​និយាយ​ចុះ​! កុំ​នៅស្ងៀម​ឡើយ

10 ដ្បិត​យើង​នៅ​ជាមួយ​អ្នក ហើយ​គ្មានអ្នកណា​លូក​ដៃ​ធ្វើបាប​អ្នក​ឡើយ​។ ជាការពិត នៅក្នុង​ទីក្រុង​នេះមាន​ប្រជារាស្ត្រ​របស់យើង​ជាច្រើន”។

11 ដូច្នេះ ប៉ូល​ក៏​ស្នាក់នៅ​ទីនោះ​មួយ​ឆ្នាំ​ប្រាំមួយ​ខែ ទាំង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ​ក្នុងចំណោម​ពួកគេ​។

12 ប៉ុន្តែ​នៅគ្រា​ដែល​កាលីយ៉ូ​ធ្វើជា​អភិបាល​អាខៃ ពួកយូដា​បាន​រួមចិត្តគ្នា​ក្រោកឡើងប្រឆាំង​នឹង​ប៉ូល ហើយ​យក​គាត់​ទៅ​ទីកាត់ក្ដី

13 រួច​ចោទ​ថា​៖ “អ្នកនេះ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ថ្វាយបង្គំ​ព្រះ ផ្ទុយនឹង​ក្រឹត្យវិន័យ”។

14 នៅពេល​ប៉ូល​រៀបនឹង​បើក​មាត់​និយាយ កាលីយ៉ូ​មានប្រសាសន៍​នឹង​ពួកយូដា​ថា៖ “‍ឱ ពួក​ជនជាតិយូដា​អើយ! ប្រសិនបើ​ជា​បទល្មើស ឬ​បទឧក្រិដ្ឋ​ដ៏សាហាវ​ណាមួយ​មែន​នោះ ខ្ញុំ​ក៏​អាចនឹង​គាំទ្រ​អ្នករាល់គ្នា​ដោយ​សមហេតុផល

15 ប៉ុន្តែ​ប្រសិនបើ​ជា​បញ្ហា​អំពី​ពាក្យសម្ដី ឬ​ឈ្មោះ ឬ​អ្វី​ដែល​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​អ្នករាល់គ្នា ចូរ​ដោះស្រាយ​ខ្លួនឯង​ទៅ​! ខ្ញុំ​មិន​ចង់​ធ្វើជា​ចៅក្រម​ក្នុង​រឿងទាំងនេះ​ទេ”។

16 រួច​លោក​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​ទីកាត់ក្ដី​។

17 ពេលនោះ ពួកគេ​ទាំងអស់គ្នា​ក៏​ចាប់​សូស្ថេន​អ្នកគ្រប់គ្រងសាលាប្រជុំ ហើយ​វាយ​គាត់​នៅមុខ​ទីកាត់ក្ដី ប៉ុន្តែ​កាលីយ៉ូ​មិន​អើពើ​នឹង​ការទាំងនេះ​សោះ​។

ត្រឡប់ទៅអាន់ទីយ៉ូកវិញ

18 ក្រោយពី​ប៉ូល​បន្ត​ស្នាក់នៅ​ទីនោះ​ជាយូរ​ថ្ងៃ គាត់​ក៏​លា​បងប្អូន ហើយ​ចុះសំពៅ​ទៅ​ស៊ីរី​; ព្រីស៊ីឡា និង​អ័គីឡា​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ នៅ​កេងគ្រា ប៉ូល​បាន​កោរសក់ ពីព្រោះ​គាត់​បាន​បន់​។

19 ពួកគេ​មក​ដល់​អេភេសូរ ប៉ូល​ក៏​ទុក​អ្នកទាំងពីរ​នៅ​ទីនោះ ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ ជជែក​ជាមួយ​ជនជាតិយូដា​។

20 ពួកគេ​សុំ​ប៉ូល​ឲ្យ​ស្នាក់នៅ​យូរបន្តិចទៀត ប៉ុន្តែ​គាត់​មិន​ព្រម​ទេ​។

21 គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។

22 លុះ​ចូលចត​នៅ​សេសារា ប៉ូល​ក៏​ឡើងទៅ​យេរូសាឡិម​សួរសុខទុក្ខ​ក្រុមជំនុំ រួច​ចុះ​ទៅ​អាន់ទីយ៉ូក​។

23 ក្រោយពី​ស្នាក់នៅ​មួយរយៈ គាត់​ក៏​ចេញដំណើរទៅ ហើយ​ឆ្លងកាត់​ស្រុក​កាឡាទី និង​ព្រីគា​ជាបន្តបន្ទាប់ ទាំង​ពង្រឹង​សិស្ស​ទាំងអស់​ផង។

អ័ប៉ុឡូស

24 ពេលនោះ មាន​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស ស្រុកកំណើត​នៅ​អ័លេក្សានទ្រា បាន​មក​ដល់​អេភេសូរ​។ គាត់​ជា​មនុស្ស​ដែល​មានវោហារ ព្រមទាំង​ចេះស្ទាត់​ខាង​គម្ពីរ​។

25 អ្នកនេះ​បាន​ទទួលការអប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ ហើយ​ឆេះឆួល​ក្នុង​វិញ្ញាណ ព្រមទាំង​ប្រកាស និង​បង្រៀន​សេចក្ដី​អំពី​ព្រះយេស៊ូវ​យ៉ាងច្បាស់ ប៉ុន្តែ​គាត់​ស្គាល់​តែ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ​។

26 អ័ប៉ុឡូស​ចាប់ផ្ដើម​ប្រកាសយ៉ាងក្លាហាន​នៅក្នុង​សាលាប្រជុំ​។ ពេល​ព្រីស៊ីឡា និង​អ័គីឡា​បាន​ឮ ពួកគេ​ក៏​នាំ​គាត់​មក ហើយ​ពន្យល់​ដល់​គាត់​អំពី​មាគ៌ា​របស់​ព្រះឲ្យ​រឹតតែច្បាស់ថែមទៀត​។

27 បន្ទាប់មក អ័ប៉ុឡូស​មានបំណង​ធ្វើដំណើរឆ្លង​ទៅ​អាខៃ ពួក​បងប្អូន​ក៏​លើកទឹកចិត្ត​គាត់ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួលស្វាគមន៍​គាត់​។ នៅពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាងច្រើន​ដល់​អស់អ្នក​ដែល​ជឿ​ដោយសារតែ​ព្រះគុណ

28 ដ្បិត​គាត់​បាន​ជជែកផ្ចាញ់​ជនជាតិយូដា​យ៉ាងក្លៀវក្លា​នៅកន្លែងសាធារណៈ ដោយ​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative