Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កិច្ចការ 19 - ព្រះគម្ពីរខ្មែរសាកល


ប៉ូលនៅអេភេសូរ

1 ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន

2 ក៏​សួរ​ពួកគេ​ថា៖ “កាល​បាន​ជឿ តើ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឬទេ​?”។ ពួកគេ​តប​នឹង​គាត់​ថា៖ “តាមពិត យើង​មិនដែលទាំង​ឮ​ថា​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។

3 ប៉ូល​សួរ​ទៀត​ថា​៖ “ចុះ​អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ដោយនូវ​អ្វី?”។ ពួកគេ​ឆ្លើយថា​៖ “ដោយនូវ​ពិធីជ្រមុជទឹក​របស់​យ៉ូហាន”។

4 ប៉ូល​ក៏​និយាយថា​៖ “យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​ដោយ​ពិធីជ្រមុជ​នៃ​ការកែប្រែចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿលើ​ព្រះអង្គ​ដែល​នឹង​យាង​មក​ក្រោយ​គាត់ គឺ​ជឿ​លើ​ព្រះយេស៊ូវ”។

5 នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​។

6 បន្ទាប់មក ប៉ូល​ដាក់​ដៃ​លើ​ពួកគេ នោះ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​យាង​មក​លើ​ពួកគេ ហើយ​ពួកគេ​ចាប់ផ្ដើម​និយាយ​ភាសាដទៃ និង​ព្យាករ​។

7 មនុស្ស​ទាំងអស់​នោះ​មាន​ប្រមាណ​ដប់ពីរ​នាក់។


បង្រៀននៅសាលាទីរ៉ានុស

8 ប៉ូល​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​ប្រកាសយ៉ាងក្លាហាន​ក្នុងអំឡុង​បី​ខែ ទាំង​ជជែក និង​បញ្ចុះបញ្ចូល​គេ​អំពី​អាណាចក្រ​របស់​ព្រះ​។

9 លុះ​នៅពេល​មាន​អ្នកខ្លះ​មានចិត្តរឹងរូស ហើយ​មិនព្រមជឿ ទាំង​និយាយអាក្រក់​អំពី​មាគ៌ា​នោះ​នៅមុខ​អង្គប្រជុំ ប៉ូល​ក៏​ដកខ្លួនចេញ​ពី​ពួកគេ ទាំង​ញែកយក​ពួក​សិស្ស រួច​ជជែក​នៅក្នុង​សាលា​ទីរ៉ានុស​ជា​រៀងរាល់ថ្ងៃ​។

10 គាត់​បាន​បន្ត​ធ្វើ​ដូច្នេះ​ក្នុងអំឡុង​ពីរ​ឆ្នាំ ធ្វើឲ្យ​អស់អ្នក​ដែល​រស់នៅ​អាស៊ី​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​។


ដេញវិញ្ញាណអាក្រក់នៅអេភេសូរ

11 ព្រះ​ទ្រង់​ធ្វើ​ការអស្ចារ្យ​មិន​ធម្មតា តាមរយៈ​ដៃ​របស់​ប៉ូល

12 រហូតដល់​សូម្បីតែ​កន្សែងដៃ ឬ​អៀមការពារប្រឡាក់ ក៏​គេ​យក​ចេញពី​ខ្លួន​ប៉ូល​ទៅ​ដាក់​លើ​ពួក​អ្នកជំងឺ នោះ​ជំងឺ​ក៏​បាត់​ពី​ពួកគេ ហើយ​វិញ្ញាណអាក្រក់​ក៏​ចេញទៅ​ដែរ​។

13 មាន​គ្រូដេញអារក្ស​ជនជាតិយូដា​ខ្លះ​ដែល​ដើរចុះឡើង បាន​សាកល្បង​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ទៅលើ​អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល ដោយ​និយាយថា​៖ “ខ្ញុំ​បញ្ជា​ពួកឯង​ដោយនូវ​ព្រះយេស៊ូវ​ដែល​ប៉ូល​ប្រកាស”។

14 កូនប្រុស​ប្រាំពីរ​នាក់​របស់​នាយកបូជាចារ្យ​ជនជាតិយូដា​ម្នាក់​ឈ្មោះ​ស្កេវ៉ា បាន​ធ្វើ​ដូច្នេះ​។

15 ប៉ុន្តែ​វិញ្ញាណអាក្រក់​តប​នឹង​ពួកគេ​ថា៖ “មែន យើង​ស្គាល់​ព្រះយេស៊ូវ ហើយ​ប៉ូល​ក៏​យើង​ស្គាល់ច្បាស់​ដែរ ចុះ​ពួកឯង​វិញ តើ​ពួកឯង​ជា​នរណា​?”។

16 អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល​នោះ​ក៏​ស្ទុះ​ទៅ​សង្គ្រុប​ពួកគេ ហើយ​ឈ្នះ​ពួកគេ​ទាំងអស់គ្នា បានជា​ពួកគេ​រត់ចេញ​ពី​ផ្ទះ​នោះ​ទាំង​ខ្លួនទទេ ហើយ​រងរបួស​ផង​។

17 ហេតុការណ៍​នេះ​បាន​ឮសុសសាយ​ដល់​អស់ទាំង​ជនជាតិយូដា និង​ជនជាតិក្រិក​ដែល​រស់នៅ​អេភេសូរ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​គេ​គ្រប់គ្នា នោះ​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​ក៏​ត្រូវបាន​លើកតម្កើង​។

18 មនុស្ស​ជាច្រើន​ដែល​បាន​ជឿ​ក៏​មក​សារភាព ព្រមទាំង​លាតត្រដាង​នូវ​អំពើ​របស់​ខ្លួន​ផង

19 ហើយក៏​មាន​អ្នក​ដែល​ធ្វើ​មន្តអាគម​ជាច្រើន បាន​យក​ក្បួនតម្រា​មក​ដុតចោល​នៅមុខ​មនុស្ស​គ្រប់គ្នា​។ គេ​គិត​តម្លៃ​ក្បួនទាំងនោះ ក៏​ឃើញថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​កាក់ប្រាក់​។

20 គឺ​យ៉ាងដូច្នេះ ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ចម្រើនឡើង និង​បាន​ឈ្នះ​យ៉ាងមានអំណាច​។


ចលាចលនៅអេភេសូរ

21 ក្រោយពី​ហេតុការណ៍ទាំងនេះ​បាន​បញ្ចប់​ហើយ ប៉ូល​ត្រូវ​ព្រះវិញ្ញាណ​បណ្ដាលឲ្យ​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ឆ្លងកាត់​ម៉ាសេដូន និង​អាខៃ​។ គាត់​និយាយ​ថា​៖ “បន្ទាប់ពី​ខ្ញុំ​ទៅដល់​ទីនោះ​ហើយ ខ្ញុំ​ត្រូវតែ​ទៅ​មើល​រ៉ូម​ដែរ”។

22 ដូច្នេះ គាត់​បាន​ចាត់​អ្នក​ដែល​បម្រើ​ជាមួយ​គាត់​ពីរ​នាក់ គឺ​ធីម៉ូថេ និង​អេរ៉ាស្ទុស ឲ្យទៅ​ម៉ាសេដូន រីឯ​ខ្លួនគាត់​ស្នាក់នៅ​អាស៊ី​មួយរយៈ​សិន​។

23 នៅ​គ្រានោះ មាន​ការជ្រួលច្របល់​មិន​តិច​ទេ កើតឡើង​អំពី​មាគ៌ា​នេះ​។

24 ពោលគឺ មាន​ជាងប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស បាន​ធ្វើឲ្យមាន​ចំណូល​មិន​តិច​ទេ​ដល់​ពួក​ជាង តាមរយៈ​ការ​ធ្វើ​រូបវិហារ​ព្រះម៉ែ​អរតេមីស​ពី​ប្រាក់​។

25 គាត់​ក៏​ប្រមូល​អ្នកទាំងនោះ ព្រមទាំង​ពួក​ជាង​ដែល​មាន​មុខរបរ​ដូចគ្នា ហើយ​និយាយថា​៖ “អ្នករាល់គ្នា​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា ដោយសារតែ​មុខរបរ​នេះ យើង​មាន​ភាពស្ដុកស្ដម្ភ​។

26 ប៉ុន្តែ​អ្នករាល់គ្នា​បាន​ទាំង​ឃើញ ទាំង​ឮ​ថា ប៉ូល​ម្នាក់នេះ​បាន​បញ្ចុះបញ្ចូល និង​បង្វែរ​ប្រជាជនជាច្រើន មិនគ្រាន់តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះទេ គឺ​ស្ទើរតែ​នៅ​អាស៊ី​ទាំងមូល ដោយ​និយាយ​ថា​: ‘អ្វីៗ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិនមែន​ជា​ព្រះ​ទេ’។

27 ការនេះ​មិនគ្រាន់តែ​គ្រោះថ្នាក់​ដល់​យើង ដោយ​ខូចឈ្មោះ​មុខរបរ​នេះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​លែងមានអ្នកណា​រាប់រក​ព្រះវិហារ​របស់​ព្រះម៉ែ​អរតេមីស​ដ៏ធំឧត្ដម​ទៀតផង ហើយ​អានុភាព​របស់​ព្រះម៉ែ​ដែល​អាស៊ី និង​ពិភពលោក​ទាំងមូល​ថ្វាយបង្គំ​នោះ ក៏​នឹង​វិនាសសាបសូន្យ​ដែរ”។

28 ពួកគេ​បាន​ឮ​ដូច្នេះ ក៏​ពេញដោយភាពក្ដៅក្រហាយ ហើយ​ស្រែកឡើង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។

29 ដូច្នេះ ទីក្រុង​បាន​ពេញ​ទៅដោយ​ភាពច្របូកច្របល់​។ គេ​ក៏​ចាប់​កៃយុស និង​អើរីស្តាក ជា​អ្នកម៉ាសេដូន​ដែល​រួមដំណើរ​ជាមួយ​ប៉ូល ហើយ​លើកគ្នា​សម្រុកចូល​ទៅក្នុង​ទីលានមហោស្រព​។

30 រីឯ​ប៉ូល​ក៏​ចង់​ចូលទៅ​ក្នុង​បណ្ដាជន ប៉ុន្តែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូលទៅ​ទេ​។

31 សូម្បីតែ​ពួក​មន្ត្រីស្រុកអាស៊ី​ខ្លះ ដែល​ជា​មិត្តភក្ដិ​របស់​ប៉ូល ក៏​ចាត់​គេ​ឲ្យមក​អង្វរ​គាត់ កុំឲ្យ​ប្រថុយ​ចូល​ទៅក្នុង​ទីលានមហោស្រព​ឡើយ​។

32 ពេលនោះ អ្នកខ្លះ​ស្រែក​យ៉ាងនេះ អ្នកខ្លះ​ស្រែក​យ៉ាងនោះ ដ្បិត​អង្គប្រជុំ​បាន​ច្របូកច្របល់ ដូច្នេះ​មនុស្ស​ភាគច្រើន​ក៏​មិន​ដឹង​ថា​គេ​មកជួបជុំគ្នា​ដោយសារ​អ្វី​ទេ​។

33 នៅពេល​ពួក​ជនជាតិយូដា​រុញ​អ័លេក្សានត្រុស​ទៅខាងមុខ មាន​អ្នកខ្លះ​ក្នុង​ហ្វូងមនុស្ស​បាន​ជំរុញ​គាត់​ឲ្យនិយាយ​។ អ័លេក្សានត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ ចង់​ឆ្លើយការពារខ្លួន​នៅមុខ​បណ្ដាជន​។

34 ប៉ុន្តែ​ពេល​បាន​ដឹង​ថា​គាត់​ជា​ជនជាតិយូដា គេ​ទាំងអស់គ្នា​ក៏​ស្រែក​ព្រមគ្នា អស់រយៈពេល​ប្រមាណជា​ពីរ​ម៉ោង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។

35 នៅទីបំផុត លេខាធិការក្រុង​បាន​ធ្វើឲ្យ​ហ្វូងមនុស្ស​នៅស្ងៀម ហើយ​និយាយថា​៖ “អស់លោក​ដែលជា​អ្នកអេភេសូរ​អើយ! តើ​មាន​អ្នកណា​ដែល​មិន​ដឹង​ថា ទីក្រុង​របស់​អ្នកអេភេសូរ​ជា​អ្នកថែរក្សាព្រះវិហារ​របស់​ព្រះម៉ែ​អរតេមីស​ដ៏ធំឧត្ដម និង​របស់​រូបសំណាក​ដែល​ធ្លាក់ពីលើមេឃមក​នោះ?

36 ដូច្នេះ ដោយសារ​ការទាំងនេះ​ជា​អ្វី​ដែលមិនអាចបដិសេធបាន អស់លោក​ត្រូវតែ​នៅស្ងៀម ហើយ​កុំ​ធ្វើ​អ្វី​តក់ក្រហល់ពេក​ឡើយ​។

37 ព្រោះថា​អ្នក​ទាំងនេះ​ដែល​អ្នករាល់គ្នា​នាំមក មិនមែន​ជា​ចោរប្លន់ព្រះវិហារ ហើយក៏មិន​បាន​និយាយប្រមាថ​ព្រះម៉ែ​របស់យើង​ដែរ​។

38 ដោយហេតុនេះ ប្រសិនបើ​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់ មាន​បណ្ដឹង​ទាស់នឹង​អ្នកណា នោះ​មាន​សាលាក្ដី​បើក​ស្រាប់ ហើយ​អភិបាល​ក៏​នៅ​ដែរ ដូច្នេះ​ចូរឲ្យ​ពួកគេ​ប្ដឹង​គ្នា​ចុះ​។

39 ប៉ុន្តែ​ប្រសិនបើ​អស់លោក​ទាមទារ​អ្វី​លើសពីនេះទៅទៀត នោះ​ត្រូវ​ដោះស្រាយ​នៅក្នុង​អង្គប្រជុំ​ដែល​ស្របច្បាប់​។

40 ដ្បិត​យើង​ពិតជា​ស្ថិតក្នុងភាពគ្រោះថ្នាក់​ដែល​នឹង​ត្រូវគេ​ប្ដឹង​អំពី​បទបង្កចលាចល​នៅ​ថ្ងៃនេះ ដោយ​គ្មាន​មូលហេតុ​អ្វីដែល​យើង​អាច​ដោះសា​អំពី​ការជ្រួលច្របល់​នេះ​បានទេ”។

41 កាល​និយាយ​ដូច្នេះ​ហើយ លោក​ក៏​រំសាយ​អង្គប្រជុំ​នោះ​ទៅ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម