យ៉ូស្វេ 24:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងអស់ថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា "ពីដើម បុព្វបុរសរបស់អ្នករាល់គ្នារស់នៅខាងនាយទន្លេអឺប្រាត គឺថេរ៉ា ជាឪពុករបស់អ័ប្រាហាំ និងណាឃរ ហើយគេបានគោរពប្រតិបត្តិព្រះដល់ដទៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូស្វេលោករំឭកដល់ជនទាំងឡាយថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ពួកឰយុកោឯងរាល់គ្នា ពីដើមបាននៅខាងនាយទន្លេ គឺថេរ៉ា ជាឪពុកអ័ប្រាហាំ នឹងណាឃរ គេក៏បានគោរពប្រតិបត្តិដល់ព្រះដទៃដែរ អាល់គីតាប យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អ៊ីព្រហ៊ីម និងណាហ៊ររស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ |
នេះជាតំណវង្សរបស់ថេរ៉ា។ ថេរ៉ាបង្កើតអាប់រ៉ាម ណាឃរ និងហារ៉ាន ហើយហារ៉ានបង្កើតឡុត។
ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។
ឥឡូវនេះ ឯងបានចេញមក ព្រោះតែឯងនឹករឭកផ្ទះឪពុកឯងខ្លាំងពេក តែហេតុអ្វីបានជាឯងលួចយករូបព្រះរបស់ពុកមកដែរ?»
ប៉ុន្ដែ បើលោកឪពុករកឃើញមានរូបព្រះទាំងនោះនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ទៀតទេ។ សូមឆែកមើលនៅចំពោះមុខបងប្អូនយើងនេះចុះ បើមានរបស់ណាដែលនៅជាមួយខ្ញុំ ជារបស់លោកឪពុក សូមយកវិញចុះ»។ ឯលោកយ៉ាកុបមិនដឹងថា នាងរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។
សូមព្រះរបស់លោកអ័ប្រាហាំ និងព្រះរបស់លោកណាឃរ ជាព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងចុះ»។ ដូច្នេះ លោកយ៉ាកុបក៏ស្បថនឹងព្រះ ដែលលោកអ៊ីសាកជាឪពុករបស់លោកគោរពកោតខ្លាច
ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។
ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះយើងបានហៅមក ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។
ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្ស និងកំណើតរបស់អ្នក នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកអ្នកជាសាសន៍អាម៉ូរី ហើយម្តាយអ្នកជាសាសន៍ហេត។
យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ
បន្ទាប់មក ត្រូវទូលនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកថា "បុព្វបុរសរបស់ខ្ញុំ ជាសាសន៍អើរ៉ាម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះ លោកបានត្រឡប់ជាសាសន៍មួយយ៉ាងធំ ខ្លាំងពូកែ ហើយមានគ្នាជាច្រើន។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។