ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាប្រាប់អេលីយ៉េសថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ អេលីយ៉េសក្រោកឡើង ហើយទៅជាមួយគេ ចូលជួបស្តេច
អេសេគាល 2:6 - អាល់គីតាប រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នក កូនមនុស្សអើយ កុំខ្លាចគេឡើយ ក៏កុំខ្លាចចំពោះពាក្យសម្ដីរបស់គេដែរ ទោះបើមានបន្លា និងអញ្ចាញមកទាស់នឹងអ្នក ហើយអ្នកមានទីអាស្រ័យនៅកណ្ដាលពួកខ្យាដំរីក៏ដោយ កុំខ្លាចពាក្យសម្ដីគេឲ្យសោះ ក៏កុំស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ |
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាប្រាប់អេលីយ៉េសថា៖ «ចូរទៅជាមួយគេចុះ កុំភ័យខ្លាចឡើយ!»។ អេលីយ៉េសក្រោកឡើង ហើយទៅជាមួយគេ ចូលជួបស្តេច
អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ប្រជាជនដែលគោរពហ៊ូកុំរបស់យើង ដោយចិត្តស្មោះអើយ ចូរនាំគ្នាស្ដាប់យើង! មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ ហើយក៏មិនត្រូវចុះចាញ់ ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។
កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
«ពួកគេចូលចិត្តនិយាយមួលបង្កាច់ មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប ដែលពុំអាចពត់បានឡើយ គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា!
ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង រួចចាក់ទឹកទៅក្នុងថ្លាងនោះ។
ក្នុងចំណោមប្រជាជាតិនានាដែលនៅជុំវិញ គ្មាននរណាមាក់ងាយកូនចៅអ៊ីស្រអែល គឺគ្មាននរណាធ្វើបាបពួកគេឲ្យឈឺចាប់ ដូចមុតបន្លាទៀតឡើយ។ ពេលនោះ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់»។
ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង មកពីរសរបស់អុលឡោះតាអាឡា។ ទ្រង់ប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌ និងមានចិត្តក្លាហាន ដើម្បីប្រាប់ពូជពង្សយ៉ាកកូប ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន ហើយប្រាប់ប្រជាជនអ៊ីស្រអែល ឲ្យស្គាល់អំពើបាបរបស់ខ្លួន។
ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលអុលឡោះដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកណាពី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។
កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចអុលឡោះវិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរ៉កាបាន។
ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបអំណាចគ្រប់យ៉ាងរបស់អ៊ីព្លេសជាសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ
ខ្ញុំសុំប្រាប់អ្នករាល់គ្នា ជាមិត្ដសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។
កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។
ពេត្រុស និងយ៉ូហាន ឆ្លើយតបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះអុលឡោះ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់អុលឡោះ?
ឥឡូវនេះ ឱអុលឡោះជាអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើទ្រង់ថ្លែងបន្ទូលរបស់ទ្រង់ដោយចិត្ដអង់អាចមោះមុតផង
ចូរអង្វរទ្រង់សម្រាប់ខ្ញុំផង សូមទ្រង់ប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្ដអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ
គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្ដុតាងសឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្ដរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីអុលឡោះ
ដ្បិតអុលឡោះពុំបានប្រទានឲ្យយើងមានវិញ្ញាណដែលនាំឲ្យខ្លាចទេ គឺទ្រង់ប្រទានឲ្យយើងទទួលរសអុលឡោះដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្ដធ្ងន់។
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតគាត់កាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញអុលឡោះ ដែលមនុស្សពុំអាចមើលឃើញ។
យ៉ាងណាមិញ បើបងប្អូនរងទុក្ខវេទនា ព្រោះតែសេចក្ដីសុចរិត នោះបងប្អូនមានសុភមង្គលហើយ។ សូមកុំភ័យខ្លាចមនុស្សលោកឡើយ ហើយក៏មិនត្រូវតប់ប្រមល់ដែរ
កន្ទុយរបស់វាមានទ្រនិចដូចខ្យាដំរី ហើយមានអំណាចនឹងឲ្យមនុស្សម្នាឈឺចុកចាប់អស់រយៈពេលប្រាំខែ។