ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាកុស 9 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាកុស 9

1 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​អាណាចក្រ​របស់​ព្រះ​មក​ប្រកបដោយ​ព្រះចេស្ដា”។

ព្រះយេស៊ូវប្ដូររូបរាង

2 ប្រាំមួយ​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ ហើយ​នាំ​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​មួយ​តែក្រុមពួកគេ​។ ពេលនោះ ព្រះអង្គ​ត្រូវបាន​ប្ដូររូបរាង​នៅមុខ​ពួកគេ​។

3 ព្រះពស្ត្រ​របស់​ព្រះអង្គ​បញ្ចេញពន្លឺ​ស​ស្គុស ដែល​គ្មាន​អ្នកបោកគក់​នៅលើ​ផែនដី​អាច​ធ្វើឲ្យស​យ៉ាងនេះ​បានឡើយ​។

4 រួច​អេលីយ៉ា​បាន​លេចមក​ជាមួយ​ម៉ូសេ​នៅមុខ​ពួកគេ ហើយ​កំពុង​សន្ទនាជាមួយ​ព្រះយេស៊ូវ​។

5 ពេត្រុស​ក៏​ទូល​ព្រះយេស៊ូវ​ថា៖ “រ៉ាប៊ី ជា​ការល្អ​ណាស់​ដែល​ពួកយើង​នៅ​ទីនេះ​! សូមឲ្យ​យើងខ្ញុំ​សង់​រោង​បី មួយ​សម្រាប់​លោក មួយ​សម្រាប់​ម៉ូសេ និង​មួយ​សម្រាប់​អេលីយ៉ា”។

6 តាមពិត គាត់​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ ពីព្រោះ​ពួកគេ​ភ័យរន្ធត់​។

7 ពេលនោះ មាន​ពពក​គ្របពីលើ​ពួកគេ ហើយ​មាន​សំឡេង​មួយ​មក​ពី​ពពក​នោះ​ថា៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ!”។

8 រំពេចនោះ ពួកគេ​មើលជុំវិញ ក៏​លែង​ឃើញ​អ្នកណាទៀតឡើយ គឺ​មាន​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ​គង់​ជាមួយ​ពួកគេ​។

9 នៅពេល​កំពុង​ចុះ​ពី​ភ្នំ ព្រះយេស៊ូវ​ទ្រង់​ហាម​ពួកគេ​មិនឲ្យ​ប្រាប់​អ្នកណា​នូវ​អ្វីដែល​ពួកគេ​បាន​ឃើញ​ឡើយ រហូតទាល់តែ​កូនមនុស្ស​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។

10 ពួកគេ​ក៏​ទុក​ព្រះបន្ទូល​នេះ​តែ​ក្នុង​ពួកគេ ទាំង​ជជែក​គ្នា​ថា “រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់” មានន័យ​ដូចម្ដេច​។

11 ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា៖ “ហេតុអ្វីបានជា​ពួក​គ្រូវិន័យ​និយាយ​ថា អេលីយ៉ា​ត្រូវតែ​មក​មុន​?”។

12 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អេលីយ៉ា​មក​មុន​មែន ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ​។ ចុះ​ម្ដេចក៏​មាន​សរសេរ​ទុកមក​អំពី​កូនមនុស្ស​ថា លោក​ត្រូវតែ​រងទុក្ខ​ជាច្រើន និង​ត្រូវ​គេ​បដិសេធ​ទាំងមើលងាយ​ដូច្នេះ​?

13 ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា តាមពិត​អេលីយ៉ា​បាន​មក​រួចហើយ តែ​ពួកគេ​បាន​ប្រព្រឹត្ត​ដល់​លោក​តាមអំពើចិត្ត ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក​ស្រាប់ហើយ”។

អំណាចនៃជំនឿ

14 នៅពេល​មកដល់​សិស្ស​ឯទៀត ពួកគេ​ក៏​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅជុំវិញ​សិស្សទាំងនោះ ព្រមទាំង​ឃើញ​ពួក​គ្រូវិន័យ​កំពុង​ប្រកែក​នឹង​ពួកគេ​។

15 ភ្លាមនោះ ហ្វូងមនុស្ស​ទាំងមូល​ឃើញ​ព្រះយេស៊ូវ ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រត់មក​ស្វាគមន៍​ព្រះអង្គ​។

16 ព្រះអង្គ​ទ្រង់​សួរ​ថា​៖“តើ​អ្នករាល់គ្នា​ប្រកែក​នឹង​ពួកគេ​អំពី​អ្វី​?”។

17 មាន​ម្នាក់​ក្នុង​ហ្វូងមនុស្ស​ទូល​តបថា​៖ “លោកគ្រូ ខ្ញុំ​បាន​នាំ​កូនប្រុស​របស់ខ្ញុំ​ដែល​មាន​វិញ្ញាណ​គ​ចូល មក​រក​លោក​។

18 នៅ​ទីណាក៏ដោយដែល​វា​ធ្វើទុក្ខ​កូនរបស់ខ្ញុំ វា​ផ្ដួល​កូនខ្ញុំ ហើយ​កូន​ខ្ញុំ​ក៏​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​រឹងខ្លួនក្រញង់​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វា​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ”។

19 ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ឱ ជំនាន់​ឥតជំនឿ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ!”។

20 គេ​ក៏​នាំ​វា​មក​ឯ​ព្រះអង្គ​។ នៅពេល​ឃើញ​ព្រះអង្គ វិញ្ញាណ​នោះ​ក៏​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​ភ្លាម ដូច្នេះ​វា​ដួល​នៅលើ​ដី ទាំង​ននៀល​បែកពពុះមាត់​។

21 ព្រះយេស៊ូវ​ទ្រង់​សួរ​ឪពុក​របស់​វា​ថា​៖“តើ​ការនេះ​កើតឡើង​ដល់​វា​យូរហើយឬនៅ​?”។ គាត់​ទូល​ឆ្លើយថា​៖ “តាំងពី​តូច​មកម្ល៉េះ

22 វិញ្ញាណនោះ​បោះ​កូនខ្ញុំ​ទៅ​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជាញឹកញាប់ ដើម្បី​បំផ្លាញជីវិត​វា​។ ប៉ុន្តែ​ប្រសិនបើ​លោក​អាចធ្វើ​អ្វី​បាន សូម​អាណិតមេត្តា​ជួយ​យើងខ្ញុំ​ផង”។

23 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“‘ប្រសិនបើ​អាច’ ឬ?​អ្វីៗ​ទាំងអស់​អាចសម្រេចបាន​សម្រាប់​អ្នក​ដែល​ជឿ”។

24 ភ្លាមនោះ ឪពុក​របស់​ក្មេង​ក៏​ស្រែកឡើង​ថា​៖ “​ខ្ញុំ​ជឿ​ហើយ​! សូម​ជួយ​ភាពឥតជំនឿ​របស់ខ្ញុំ​ផង”។

25 នៅពេល​ឃើញ​ថា​ហ្វូងមនុស្ស​នាំគ្នារត់មក ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ​ថា​៖“វិញ្ញាណ​គ​ថ្លង់​! យើង​បញ្ជា​ឯង​ឲ្យ​ចេញ​ពី​ក្មេងនេះ​ទៅ កុំ​ចូល​វា​ទៀតឡើយ​!”។

26 វិញ្ញាណនោះ​ក៏​ស្រែកឡើង​ទាំង​ធ្វើ​ឲ្យ​ក្មេងនោះ​ប្រកាច់ប្រកិន​យ៉ាងខ្លាំង ហើយ​ចេញទៅ​។ ក្មេងនោះ​បាន​ដូចជា​មនុស្សស្លាប់ ដូច្នេះ​មនុស្ស​ជាច្រើន​និយាយ​ថា​៖ “វា​ស្លាប់​ហើយ​!”។

27 ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ចាប់​ដៃ​ក្មេងនោះ ហើយ​លើក​វា​ឡើង វា​ក៏​ក្រោកឈរ​។

28 នៅពេល​ព្រះអង្គ​យាង​ចូលទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ដោយឡែក​ថា៖ “ហេតុអ្វីបានជា​យើងខ្ញុំ​មិនអាច​ដេញ​វិញ្ញាណអសោចនោះ​ឲ្យចេញ​បាន​?”។

29 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“វិញ្ញាណ​ប្រភេទ​នេះ ឲ្យ​ចេញ​ដោយ​អ្វីក៏​មិន​បាន​ដែរ លើកលែងតែ​តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារប៉ុណ្ណោះ”។

ប្រាប់ជាមុនម្ដងទៀតអំពីការសុគត

30 ពួកគេ​បាន​ចាកចេញ​ពីទីនោះ ឆ្លងកាត់​កាលីឡេ​។ ព្រះយេស៊ូវ​មិន​ចង់ឲ្យ​អ្នកណា​ដឹង​ឡើយ

31 ដ្បិត​ព្រះអង្គ​កំពុង​បង្រៀន​ពួក​សិស្ស​របស់​ព្រះអង្គ ដោយ​មានបន្ទូល​ថា៖“កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស ហើយ​គេ​នឹង​សម្លាប់​លោក​។ បន្ទាប់ពី​ត្រូវគេ​សម្លាប់ នៅ​ថ្ងៃ​ទី​បីលោក​នឹង​រស់ឡើងវិញ”។

32 ប៉ុន្តែ​ពួកសិស្ស​មិនយល់​ព្រះបន្ទូល​នេះ​ទេ ហើយក៏​មិនហ៊ាន​ទូល​សួរ​ព្រះអង្គ​ដែរ។

អ្នកណាធំជាង

33 ពួកគេ​បាន​មកដល់​កាពើណិម​។ ពេល​នៅ​ក្នុង​ផ្ទះ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“នៅតាមផ្លូវ តើ​អ្នករាល់គ្នា​ជជែក​អំពី​អ្វី​?”។

34 ប៉ុន្តែ​ពួកសិស្ស​នៅស្ងៀម ពីព្រោះ​នៅតាមផ្លូវ ពួកគេ​បាន​ប្រកែក​គ្នា​អំពី​អ្នកណា​ធំជាង​អ្នកណា​។

35 ព្រះអង្គ​គង់ចុះ​ហើយ ក៏​ហៅ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក រួច​មានបន្ទូល​នឹង​ពួកគេ​ថា៖“ប្រសិនបើ​អ្នកណា​ចង់​ធ្វើជា​អ្នក​ទីមួយ អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នក​ក្រោយបង្អស់ ហើយ​ជា​អ្នកបម្រើ​របស់​គេ​ទាំងអស់គ្នា”។

36 ព្រះអង្គ​ទ្រង់​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅ​កណ្ដាលចំណោម​ពួកគេ រួច​លើក​វា​ព ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖

37 “អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ មិនមែន​ទទួល​ខ្ញុំ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ”។

ក្នុងព្រះនាមព្រះយេស៊ូវ

38 យ៉ូហាន​ទូលថា​៖ “លោកគ្រូ យើងខ្ញុំ​បាន​ឃើញ​ម្នាក់​កំពុង​ដេញ​អារក្ស​ក្នុង​នាម​របស់លោក យើងខ្ញុំ​ក៏​ព្យាយាម​ហាមឃាត់​គាត់ ពីព្រោះ​គាត់​មិន​បាន​មកតាម​យើង​ទេ”។

39 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ឃាត់​គាត់​ឡើយ ដ្បិត​គ្មានអ្នកណា​ដែល​ធ្វើ​ការអស្ចារ្យ​ក្នុង​នាម​របស់ខ្ញុំ រួច​អាច​និយាយអាក្រក់​អំពី​ខ្ញុំ​ភ្លាម​បាន​ទេ​។

40 ពោលគឺ អ្នកដែល​មិន​ប្រឆាំងនឹង​យើង គឺ​នៅ​ខាង​យើង

41 ហើយ​បើ​អ្នកណាក៏ដោយ​យក​ទឹក​មួយ​កែវ​ឲ្យ​អ្នករាល់គ្នា​ផឹក​ក្នុង​នាម​របស់ខ្ញុំ​ដោយសារតែ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ​។

ពាក្យដាស់តឿនរបស់ព្រះយេស៊ូវ

42 “អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ ជំពប់ដួល នោះ​ប្រសើរ​ជាង​សម្រាប់​អ្នកនោះ ប្រសិនបើ​ព្យួរ​ត្បាល់កិន​ដ៏ធំ ​នឹង​ក​របស់​គាត់ ហើយ​ទម្លាក់​ទៅក្នុង​សមុទ្រ​។

43 ប្រសិនបើ​ដៃ​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុត​ដៃម្ខាង ប្រសើរ​ជាង​ធ្លាក់​ទៅ​ក្នុង​ស្ថាននរក​ទាំង​មាន​ដៃ​ពីរ គឺ​ទៅក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន​។

44 នៅ​ទីនោះ ‘ដង្កូវ​មិនចេះ​ងាប់ ហើយ​ភ្លើង​មិនចេះ​រលត់’។

45 ប្រសិនបើ​ជើង​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុតជើងម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក​ទាំង​មាន​ជើង​ពីរ គឺទៅក្នុងភ្លើងដែលពន្លត់មិនបាន ។

46 នៅទីនោះ ‘ដង្កូវ​មិនចេះ​ងាប់ ហើយ​ភ្លើង​មិនចេះ​រលត់’។

47 ប្រសិនបើ​ភ្នែក​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​ទាំង​មាន​ភ្នែកតែម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ស្ថាននរក ទាំង​មាន​ភ្នែក​ពីរ​។

48 នៅទីនោះ ‘ដង្កូវ​មិន​ចេះ​ងាប់ ហើយ​ភ្លើង​មិន​ចេះ​រលត់’។

49 ជាការពិត មនុស្ស​គ្រប់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យប្រៃ​ដោយ​ភ្លើង ។

50 អំបិល​ជា​របស់​ល្អ ប៉ុន្តែ​ប្រសិនបើ​អំបិល​បាត់ជាតិប្រៃ តើ​អ្នករាល់គ្នា​នឹង​ធ្វើឲ្យ​វា​ប្រៃឡើងវិញ​ដោយ​អ្វី​? ចូរឲ្យ​មាន​អំបិល​នៅក្នុង​ខ្លួនអ្នករាល់គ្នា ហើយ​នៅសុខ​ជាមួយគ្នា​ចុះ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative