២ ធីម៉ូថេ 4:2 - Khmer Christian Bible ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាសមិនថា ត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់គ្រប់បែបយ៉ាង ព្រះគម្ពីរខ្មែរសាកល ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ចំពូក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ នឹងសេចក្ដីប្រៀនប្រដៅគ្រប់យ៉ាង អាល់គីតាប ចូរប្រកាសបន្ទូលរបស់អុលឡោះ ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្ដអត់ធ្មត់គ្រប់ជំពូក |
អ្នកទាំងនោះក៏មកឯព្រះយេស៊ូ ហើយបានអង្វរព្រះអង្គយ៉ាងទទូចថា៖ «គាត់ស័ក្ដិសមទទួលការប្រោសប្រណីពីលោកណាស់
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ រីឯអ្នកវិញ ចូរទៅផ្សាយពីនគរព្រះជាម្ចាស់ចុះ»។
ពេលទៅដល់ក្រុងសាឡាមីន ពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។
នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុងសំដៅទៅមាត់ទន្លេមួយ ជាកន្លែងដែលយើងគិតថានឹងមានកន្លែងអធិស្ឋាន យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ដ្រីដែលបានមកជួបជុំគ្នា
លុះនៅថ្ងៃទីមួយនៃសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាធ្វើពិធីកាច់នំប៉័ង លោកប៉ូលបានអធិប្បាយទៅកាន់ពួកគេ។ ដោយព្រោះគាត់បម្រុងចាកចេញនៅថ្ងៃបន្ទាប់ គាត់ក៏បន្ដអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
ពេលយើងចូលទៅក្នុងក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់ដែលនៅយាមគាត់។
តើឲ្យមានអ្នកប្រកាសយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អអំពីសេចក្ដីសុខសាន្ដ ល្អប្រពៃណាស់ហ្ន៎!»
ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន
ហើយខ្ញុំក៏ត្រលប់ជាអ្នកបម្រើក្រុមជំនុំស្របតាមតួនាទីមើលការខុសត្រូវដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់
ហើយអធិស្ឋានឲ្យយើងផង គឺសូមឲ្យព្រះជាម្ចាស់បើកទ្វារឲ្យយើងសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសអំពីអាថ៌កំបាំងរបស់ព្រះគ្រិស្ដ ដែលខ្ញុំបានជាប់ចំណងដោយសារការនេះឯង
អ្នករាល់គ្នាបានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ គឺអ្នករាល់គ្នាទទួលព្រះបន្ទូលដោយអំណរមកពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពេលដែលមានសេចក្ដីវេទនាជាខ្លាំងផង
បងប្អូនអើយ! យើងសូមដាស់តឿនអ្នករាល់គ្នាថា ចូរព្រមានអស់អ្នកដែលគ្មានសណ្ដាប់ធ្នាប់ ចូរលើកទឹកចិត្ដអស់អ្នកដែលបាក់ទឹកចិត្ដ ចូរជួយទ្រទ្រង់អស់អ្នកដែលខ្សោយ និងមានចិត្ដអត់ធ្មត់ចំពោះមនុស្សទាំងអស់។
ចូរយកចិត្ដទុកដាក់នឹងការអានគម្ពីរ ការលើកទឹកចិត្ដ និងសេចក្ដីបង្រៀនទម្រាំខ្ញុំមកដល់។
រីឯអ្នកដែលប្រព្រឹត្ដបាប ចូរស្ដីបន្ទោសអ្នកនោះនៅចំពោះមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកផ្សេងទៀតខ្លាចដែរ។
ដូច្នេះ បើអ្នកណាជម្រះខ្លួនពីសេចក្ដីទាំងនេះ អ្នកនោះនឹងត្រលប់ជាប្រដាប់ប្រដាសម្រាប់សេចក្ដីថ្លៃថ្នូរ ដោយបានញែកជាបរិសុទ្ធ ហើយមានប្រយោជន៍ដល់ម្ចាស់ ជាប្រដាប់ប្រដាដែលរៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង។
និងប្រដៅពួកប្រឆាំងដោយចិត្ដសុភាព ក្រែងលោព្រះជាម្ចាស់បណ្ដាលឲ្យគេប្រែចិត្តស្គាល់សេចក្ដីពិត
រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ
សេចក្ដីបន្ទាល់នេះពិតណាស់ ដូច្នេះចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានជំនឿត្រឹមត្រូវ
ចូរប្រាប់អំពីទាំងនេះ ទាំងដាស់តឿន និងស្ដីបន្ទោសពួកគេដោយសិទ្ធិអំណាចគ្រប់បែបយ៉ាង។ កុំឲ្យអ្នកណាម្នាក់មើលងាយអ្នកឡើយ។
ប៉ុន្ដែបងប្អូនអើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យស៊ូទ្រាំស្ដាប់ពាក្យដាស់តឿននេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។
យើងស្ដីបន្ទោស ហើយវាយប្រដៅអ្នកណាដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្ដសង្វាត ហើយប្រែចិត្ដចុះ។