២ ធីម៉ូថេ 4 - អាល់គីតាប1 ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះ និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងនាមអ៊ីសាដែលមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យនោះថា 2 ចូរប្រកាសបន្ទូលរបស់អុលឡោះ ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្ដអត់ធ្មត់គ្រប់ជំពូក 3 ដ្បិតនឹងមានគ្រាមួយ ដែលមនុស្សលោកមិនព្រមស្ដាប់សេចក្ដីបង្រៀនដ៏ត្រឹមត្រូវទៀតឡើយ ផ្ទុយទៅវិញ គេរកតួនមកបង្រៀនតាមទំនើងចិត្ដរបស់គេ គ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះ។ 4 គេងាកចេញពីសេចក្ដីពិត ហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញ។ 5 ចំពោះអ្នក អ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ ត្រូវស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ព្រមទាំងបំពេញមុខងាររបស់ខ្លួនឲ្យបានល្អប្រសើរផង។ 6 រីឯខ្ញុំវិញ ខ្ញុំបានលះបង់ជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។ 7 ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ 8 ឥឡូវនេះ អ៊ីសាជាអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយគាត់នឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលគាត់មក គាត់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចាំគាត់មកយ៉ាងឱឡារិកនោះដែរ។ ពាក្យដាស់តឿនផ្សេងៗ 9 ចូរលៃលកទៅរកខ្ញុំជាប្រញាប់។ 10 លោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ ហើយចេញដំណើរទៅក្រុងថេស្សាឡូនិក។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសទៅស្រុកដាល់ម៉ាទា។ 11 មានតែលោក លូកាម្នាក់ប៉ុណ្ណោះ ដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសទៅជាមួយផង ដ្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបាន។ 12 ខ្ញុំបានចាត់លោកទីឃីកុសឲ្យទៅក្រុងអេភេសូ។ 13 ពេលអ្នកចេញទៅ ចូរយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកការប៉ុសនៅក្រុងត្រូអាស ព្រមទាំងយកសៀវភៅមកជាមួយផង ជាពិសេសក្រាំងស្បែក។ 14 លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ អ៊ីសាជាអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។ 15 អ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្ដីដែលយើងប្រកាស។ 16 ពេលដែលខ្ញុំត្រូវឆ្លើយដោះសាខ្លួន នៅលើកទីមួយ គ្មានបងប្អូនណាម្នាក់មកជួយគាំទ្រខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមអុលឡោះកុំប្រកាន់ទោសគេឡើយ!។ 17 មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។ 18 អ៊ីសាជាអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយអ៊ីសានឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងនគររបស់គាត់នៅសូរ៉កា។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន! 19 សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ 20 លោកអេរ៉ាស្ទុស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺឲ្យនៅក្រុងមីលេត។ 21 ចូរលៃលកទៅឲ្យបានមុនរដូវត្រជាក់ កុំបីខាន។ លោកអ៊ើប៊ូឡូស លោកពូដេន លោកលីណូស នាងក្លូឌាស និងបងប្អូនឯទៀតៗទាំងអស់ សូមជម្រាបសួរមកអ្នក។ 22 សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។ |
© 2014 United Bible Societies, UK.
United Bible Societies