ទីតុស 1 - Khmer Christian Bible1 ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដសម្រាប់ជំនឿរបស់ពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងការស្គាល់សេចក្ដីពិតដែលស្របតាមការគោរពកោតខ្លាចព្រះជាម្ចាស់ 2 ដោយសង្ឃឹមលើជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់ដ៏ស្មោះត្រង់បានសន្យាតាំងពីមុនអស់កល្បជានិច្ច 3 ប៉ុន្ដែនៅពេលកំណត់ ព្រះអង្គបានបង្ហាញឲ្យឃើញព្រះបន្ទូលរបស់ព្រះអង្គតាមរយៈការប្រកាសដំណឹងល្អដែលខ្ញុំបានទទួលការផ្ទុកផ្ដាក់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះរបស់យើង។ 4 ជូនចំពោះទីតុសជាកូនពិតប្រាកដស្របតាមជំនឿតែមួយ សូមឲ្យព្រះជាម្ចាស់ដ៏ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអង្គសង្គ្រោះរបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នក។ 5 ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រេតសម្រាប់ការនេះ គឺដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យបានរៀបរយ ព្រមទាំងតែងតាំងឲ្យមានចាស់ទុំនៅគ្រប់ក្រុង ដូចដែលខ្ញុំបានបង្គាប់អ្នក 6 អ្នកនោះជាអ្នកដែលឥតបន្ទោសបាន មានប្រពន្ធតែមួយ មានកូនជាអ្នកជឿ ដែលគ្មានអ្នកណាចោទប្រកាន់ថាខិលខូច ឬមិនស្ដាប់បង្គាប់ឡើយ។ 7 ក្នុងនាមជាអ្នកមើលការខុសត្រូវរបស់ព្រះជាម្ចាស់ អ្នកមើលការខុសត្រូវនោះត្រូវតែជាអ្នកដែលឥតបន្ទោសបាន មិនធ្វើតាមទំនើងចិត្ដ មិនរហ័សខឹង មិនចំណូលស្រា មិនឆេវឆាវ ឬលោភចង់បានដោយថោកទាបឡើយ 8 ផ្ទុយទៅវិញ ត្រូវចេះរាក់ទាក់ ស្រឡាញ់ការល្អ ដឹងខុសត្រូវ សុចរិត បរិសុទ្ធ ចេះទប់ចិត្ត 9 ព្រមទាំងកាន់តាមព្រះបន្ទូលដ៏ពិត ស្របតាមសេចក្ដីដែលបានរៀន ដើម្បីអាចលើកទឹកចិត្ដអ្នកដទៃបាន តាមរយៈសេចក្ដីបង្រៀនត្រឹមត្រូវ និងបង្ហាញពួកអ្នកប្រឆាំងឲ្យដឹងកំហុសដែរ។ 10 ដ្បិតមនុស្សមិនស្ដាប់បង្គាប់ មនុស្សនិយាយពាក្យឥតប្រយោជន៍ និងមនុស្សបោកបញ្ឆោត ពិតជាមានច្រើនណាស់ ជាពិសេសក្នុងចំណោមពួកកាត់ស្បែកនេះឯង។ 11 ដូច្នេះ ត្រូវតែបិទមាត់អ្នកទាំងនោះ ដ្បិតដោយព្រោះតែការចំណេញដ៏ថោកទាប ពួកគេបានបំផ្លាញគ្រួសារទាំងឡាយដោយបង្រៀនសេចក្ដីដែលមិនគួរបង្រៀន។ 12 មានម្នាក់ក្នុងចំណោមពួកគេ ជាអ្នកនាំព្រះបន្ទូលរបស់ពួកគេផ្ទាល់បាននិយាយថា អ្នកស្រុកក្រេតសុទ្ធតែជាពួកកុហក ជាសត្វសាហាវដ៏អាក្រក់ ជាពួកល្មោភស៊ី ហើយខ្ជិលច្រអូស។ 13 សេចក្ដីបន្ទាល់នេះពិតណាស់ ដូច្នេះចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានជំនឿត្រឹមត្រូវ 14 ហើយកុំចាប់អារម្មណ៍នឹងរឿងព្រេងរបស់ជនជាតិយូដា ឬបញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិតនោះឡើយ។ 15 ចំពោះពួកអ្នកដែលបរិសុទ្ធ អ្វីៗទាំងអស់ក៏បរិសុទ្ធ រីឯពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ គ្មានអ្វីបរិសុទ្ធឡើយ ផ្ទុយទៅវិញ ទាំងគំនិត និងមនសិការរបស់ពួកគេស្មោកគ្រោកអស់ហើយ។ 16 ពួកគេប្រកាសថាស្គាល់ព្រះជាម្ចាស់ ប៉ុន្ដែតាមរយៈការប្រព្រឹត្តិ ពួកគេមិនទទួលស្គាល់ព្រះអង្គទេ ពួកគេជាមនុស្សគួរខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយគ្មានប្រយោជន៍សម្រាប់ការល្អទាំងឡាយទាល់តែសោះ។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.