កាឡាទី 6 - Khmer Christian Bible1 បងប្អូនអើយ! បើអ្នកណាម្នាក់ធ្វើបាប ចូរឲ្យអ្នករាល់គ្នាដែលដើរតាមព្រះវិញ្ញាណកែតម្រង់អ្នកនោះដោយចិត្តស្លូតបូត ហើយត្រូវប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវល្បួងដែរ 2 ចូរជួយរំលែកបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះ ទើបអ្នករាល់គ្នាសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ 3 ដ្បិតបើអ្នកណាគិតថាខ្លួនជាអ្វីមួយ ប៉ុន្ដែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ 4 ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗពិសោធការប្រព្រឹត្តិរបស់ខ្លួនចុះ ពេលនោះគេនឹងមានអំនួតចំពោះតែខ្លួនឯងប៉ុណ្ណោះ មិនមែនចំពោះអ្នកដទៃទេ 5 ដ្បិតម្នាក់ៗត្រូវលីបន្ទុករបស់ខ្លួន។ 6 ចូរឲ្យអ្នកដែលរៀនព្រះបន្ទូលចែករំលែករបស់ល្អៗទាំងអស់ដល់អ្នកដែលបង្រៀន។ 7 កុំឲ្យចាញ់បញ្ឆោតឡើយ គ្មានអ្នកណាចំអកឲ្យព្រះជាម្ចាស់បានទេ ដ្បិតអ្នកណាព្រោះអ្វី អ្នកនោះនឹងច្រូតបានផលនោះឯង។ 8 ដ្បិតអ្នកដែលព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាម រីឯអ្នកដែលព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ 9 ចូរយើងកុំនឿយណាយនឹងប្រព្រឹត្តល្អឡើយ ព្រោះបើយើងមិនល្វើយទេ ដល់វេលាកំណត់ យើងនឹងច្រូតបានផល។ 10 ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។ 11 មើល៍ ខ្ញុំសរសេរអក្សរធំៗមកអ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់ថា 12 អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម អ្នកទាំងនោះបានបង្ខំឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីកុំឲ្យពួកគេត្រូវបៀតបៀនដោយឈើឆ្កាងរបស់ព្រះគ្រិស្ដប៉ុណ្ណោះ 13 ដ្បិតពួកអ្នកកាត់ស្បែក ខ្លួនគេផ្ទាល់មិនកាន់តាមគម្ពីរវិន័យ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែក ដើម្បីឲ្យពួកគេបានអួតខ្លួនដោយសារសាច់ឈាមរបស់អ្នករាល់គ្នា។ 14 រីឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតអំពីអ្វីឡើយ ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ហើយដោយសារឈើឆ្កាង សម្រាប់ខ្ញុំ លោកិយត្រូវបានឆ្កាងហើយ រួចសម្រាប់លោកិយ ខ្ញុំក៏ដូច្នោះដែរ 15 ដ្បិតការកាត់ស្បែក ឬមិនកាត់ស្បែកមិនមែនជាអ្វីឡើយ សំខាន់គឺការកើតជាថ្មី។ 16 សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណាមានដល់អស់អ្នកដែលរស់នៅតាមគោលការណ៍នេះ ព្រមទាំងជនជាតិអ៊ីស្រាអែលរបស់ព្រះជាម្ចាស់។ 17 ចាប់ពីពេលនេះតទៅ កុំឲ្យអ្នកណាម្នាក់បង្កបញ្ហាឲ្យខ្ញុំទៀត ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូលើរូបកាយរបស់ខ្ញុំស្រាប់ហើយ។ 18 បងប្អូនអើយ! សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នាចុះ អាម៉ែន។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.