ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
១ កូរិនថូស 16:13 - Khmer Christian Bible ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។ ព្រះគម្ពីរខ្មែរសាកល ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្តក្លាហាន និងមានកម្លាំងមាំមួនឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ អាល់គីតាប ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និងមានកម្លាំងមាំមួនឡើង។ |
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»។
ដូច្នេះអ្នករាល់គ្នាត្រូវប្រុងស្មារតី ទាំងអធិស្ឋានគ្រប់ពេលវេលាដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីហេតុការណ៍ទាំងអស់នេះដែលនឹងកើតឡើង ហើយឈរនៅចំពោះមុខកូនមនុស្សបាន»។
បងប្អូនអើយ! កុំឲ្យនៅក្មេងខ្ចីខាងឯគំនិតឡើយ បើខាងឯសេចក្ដីអាក្រក់ ចូរឲ្យនៅជាទារកចុះ ប៉ុន្ដែខាងឯការយល់ដឹង ចូរឲ្យពេញវ័យឡើង។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។
មិនមែនយើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាទេ ប៉ុន្ដែយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា សម្រាប់អំណររបស់អ្នករាល់គ្នាវិញ ព្រោះអ្នករាល់គ្នាបានឈរមាំមួនដោយជំនឿរួចហើយ។
ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។
សូមឲ្យព្រះអង្គប្រទានឲ្យមនុស្សខាងក្នុងរបស់អ្នករាល់គ្នារឹងមាំឡើងដោយសារអំណាចតាមរយៈវិញ្ញាណរបស់ព្រះអង្គស្របទៅតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
ទីបញ្ចប់នេះ ចូរមានកម្លាំងឡើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ
ដូច្នេះ បងប្អូនជាទីស្រឡាញ់ ជាទីនឹករឮកបំផុត ជាអំណរ និងជាកិត្ដិយសរបស់ខ្ញុំអើយ! ចូរបងប្អូនឈរឲ្យមាំមួនដូច្នេះនៅក្នុងព្រះអម្ចាស់ចុះ
បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។
លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។
ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ទាំងប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការអរព្រះគុណ
ដូច្នេះ យើងមិនត្រូវដេកលក់ដូចជាអ្នកឯទៀតឡើយ គឺយើងត្រូវប្រុងស្មារតី ហើយដឹងខ្លួនជានិច្ច។
ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។
ចូរតយុទ្ធខាងជំនឿឲ្យបានល្អ ចូរឈោងចាប់ជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានត្រាស់ហៅអ្នកឲ្យមកទទួលចុះ ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅចំពោះមុខសាក្សីជាច្រើនដែរ។
ដូច្នេះ កូនអើយ! ចូរមានកម្លាំងឡើងដោយសារព្រះគុណដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ
រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។
ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។
ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នាដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។
(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។