អេភេសូរ 6 - Khmer Christian Bible1 ក្មេងរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ឪពុកម្ដាយរបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ 2 ចូរគោរពឪពុកម្ដាយរបស់ខ្លួន នេះជាបញ្ញត្ដិទីមួយ ដែលមានសេចក្ដីសន្យាជាប់មកជាមួយផង 3 ដើម្បីឲ្យអ្នកបានសេចក្ដីសុខ ហើយមានអាយុវែងនៅលើផែនដីនេះ។ 4 ឪពុករាល់គ្នាអើយ! ចូរកុំរករឿងធ្វើឲ្យកូនរបស់ខ្លួនខឹងឡើយ ផ្ទុយទៅវិញ ចូរចិញ្ចឹមកូនទៅតាមការអប់រំ និងការដាស់តឿនរបស់ព្រះអម្ចាស់។ 5 បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមដោយការកោតខ្លាច និងញាប់ញ័រ ទាំងមានចិត្ដស្មោះត្រង់ដូចជាស្ដាប់បង្គាប់ព្រះគ្រិស្ដ 6 មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សឡើយ ផ្ទុយទៅវិញ ចូរបម្រើដូចជាបាវបម្រើរបស់ព្រះគ្រិស្ដ ដោយធ្វើតាមបំណងរបស់ព្រះជាម្ចាស់អស់ពីចិត្ត 7 គឺបម្រើដោយស្ម័គ្រចិត្តដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សឡើយ 8 ទាំងដឹងថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់។ 9 ចៅហ្វាយរាល់គ្នាអើយ! ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ទាំងឈប់គំរាមកំហែង ដោយដឹងថាចៅហ្វាយពួកគេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។ 10 ទីបញ្ចប់នេះ ចូរមានកម្លាំងឡើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ 11 ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងល្បិចប៉ិនប្រសប់របស់អារក្សសាតាំងបាន។ 12 ដ្បិតយើងមិនមែនតយុទ្ធទាស់នឹងសាច់ឈាមទេ គឺយើងតយុទ្ធទាស់នឹងការគ្រប់គ្រង សិទ្ធិអំណាច និងការត្រួតត្រាទាំងឡាយរបស់សេចក្ដីងងឹតនៅលោកិយនេះ ព្រមទាំងទាស់នឹងពួកវិញ្ញាណនៃសេចក្ដីអាក្រក់នៅស្ថានសួគ៌ 13 ហេតុនេះ ចូរអ្នករាល់គ្នាយកគ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចតទល់បាននៅថ្ងៃដ៏អាក្រក់នោះ រួចឈរបានក្រោយពីតទល់សព្វគ្រប់ហើយ។ 14 ដូច្នេះ ចូរឈរដោយក្រវាត់សេចក្ដីពិតនៅនឹងចង្កេះរបស់អ្នករាល់គ្នា ហើយពាក់សេចក្ដីសុចរិតជាអាវក្រោះ 15 ទាំងពាក់សេចក្ដីប្រុងប្រៀបនៃដំណឹងល្អអំពីសេចក្ដីសុខសាន្តនៅនឹងជើង។ 16 ជាមួយនឹងសេចក្ដីទាំងអស់នេះ ចូរយកជំនឿជាខែល ដែលអ្នករាល់គ្នាអាចពន្លត់គ្រាប់ព្រួញភ្លើងទាំងឡាយរបស់អារក្សសាតាំងបានដោយសារខែលនោះ 17 ហើយចូរយកសេចក្ដីសង្គ្រោះជាមួក និងយកដាវរបស់ព្រះវិញ្ញាណដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ 18 ទាំងអធិស្ឋាននៅក្នុងព្រះវិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់បែបយ៉ាង ហើយសម្រាប់ការនេះឯង ចូរប្រុងស្មារតីដោយសេចក្ដីព្យាយាមគ្រប់បែបយ៉ាង និងដោយការទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់ 19 ហើយសម្រាប់ខ្ញុំផង គឺសូមព្រះអង្គប្រទានពាក្យសំដីដល់ខ្ញុំនៅពេលដែលខ្ញុំនិយាយ ដើម្បីឲ្យខ្ញុំប្រាប់គេឲ្យដឹងអំពីអាថ៌កំបាំងនៃដំណឹងល្អដោយសេចក្ដីក្លាហាន 20 ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយសារដំណឹងល្អនេះ ហើយនៅក្នុងការប្រាប់ឲ្យដឹងនេះ សូមឲ្យខ្ញុំនិយាយដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ 21 លោកទីឃីកុស ជាបងប្អូនជាទីស្រឡាញ់ និងជាអ្នកជំនួយដ៏ស្មោះត្រង់នៅក្នុងព្រះអម្ចាស់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីខ្ញុំ គឺអ្វីៗដែលខ្ញុំកំពុងធ្វើ 22 ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នាសម្រាប់ការនេះឯង គឺដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីយើង និងដើម្បីកម្សាន្តចិត្តអ្នករាល់គ្នា។ 23 សូមឲ្យបងប្អូនមានសេចក្ដីសុខសាន្ត សេចក្ដីស្រឡាញ់ ព្រមទាំងជំនឿពីព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ 24 សូមឲ្យអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ដនៃយើងដោយសេចក្ដីស្រឡាញ់ដែលមិនសាបសូន្យ បានប្រកបដោយព្រះគុណ៕ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.