អេភេសូរ 3 - Khmer Christian Bible1 ហេតុនេះហើយខ្ញុំប៉ូល ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ 2 អ្នករាល់គ្នាពិតជាបានឮហើយអំពីតួនាទីមើលការខុសត្រូវ ដែលជាព្រះគុណរបស់ព្រះជាម្ចាស់បានប្រទានមកឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា 3 គឺព្រះអង្គបានបង្ហាញឲ្យខ្ញុំស្គាល់អាថ៌កំបាំងតាមរយៈការបើកសំដែងដូចដែលខ្ញុំបានសរសេរដោយសង្ខេបរួចហើយ 4 កាលអ្នករាល់គ្នាអានសេចក្ដីនោះ អ្នករាល់គ្នាអាចយល់បានអំពីចំណេះរបស់ខ្ញុំចំពោះអាថ៌កំបាំងរបស់ព្រះគ្រិស្ដ 5 ដែលមិនបានបង្ហាញឲ្យកូនចៅមនុស្សជំនាន់មុនៗស្គាល់ ដូចដែលបានបើកសំដែងដល់ពួកសាវក និងពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គនាពេលបច្ចុប្បន្ននេះតាមរយៈព្រះវិញ្ញាណឡើយ។ 6 តាមរយៈដំណឹងល្អពួកសាសន៍ដទៃត្រលប់ជាអ្នករួមស្នងមរតក ជាអ្នករួមក្នុងរូបកាយតែមួយ ហើយជាអ្នករួមចំណែកសេចក្ដីសន្យានៅក្នុងព្រះគ្រិស្ដយេស៊ូ 7 ហើយខ្ញុំបានត្រលប់ជាអ្នកបម្រើដំណឹងល្អនេះតាមរយៈអំណោយទាន ជាព្រះគុណរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យខ្ញុំស្របទៅតាមអំណាចដ៏មានអានុភាពរបស់ព្រះអង្គ។ 8 ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន 9 និងឲ្យបំភ្លឺដល់មនុស្សទាំងអស់អំពីអ្វីដែលជាគម្រោងការអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីអស់កល្បនៅក្នុងព្រះជាម្ចាស់ ជាព្រះដែលបានបង្កើតអ្វីៗទាំងអស់ 10 ដើម្បីបង្ហាញឲ្យការគ្រប់គ្រង និងសិទ្ធិអំណាចទាំងឡាយដែលនៅស្ថានសួគ៌ស្គាល់ប្រាជ្ញារបស់ព្រះជាម្ចាស់ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ 11 ស្របទៅតាមគម្រោងការដ៏អស់កល្បដែលព្រះអង្គធ្វើនៅក្នុងព្រះគ្រិស្ដយេស៊ូដែលជាព្រះអម្ចាស់នៃយើង។ 12 នៅក្នុងព្រះអង្គ យើងមានសេចក្ដីក្លាហាន និងមានផ្លូវទៅព្រះជាម្ចាស់ដោយការទុកចិត្ដតាមរយៈជំនឿលើព្រះអង្គ។ 13 ដូច្នេះ សូមអ្នករាល់គ្នាកុំរសាយចិត្ដដោយព្រោះតែសេចក្ដីវេទនារបស់ខ្ញុំសម្រាប់អ្នករាល់គ្នានេះឡើយ ដ្បិតគឺជាសេចក្ដីរុងរឿងរបស់អ្នករាល់គ្នាទេ។ 14 ហេតុនោះហើយ បានជាខ្ញុំលុតជង្គង់នៅចំពោះមុខព្រះវរបិតា 15 ដែលគ្រួសារទាំងអស់ ទាំងនៅស្ថានសួគ៌ និងផែនដីមានឈ្មោះមកពីព្រះអង្គ 16 សូមឲ្យព្រះអង្គប្រទានឲ្យមនុស្សខាងក្នុងរបស់អ្នករាល់គ្នារឹងមាំឡើងដោយសារអំណាចតាមរយៈវិញ្ញាណរបស់ព្រះអង្គស្របទៅតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ 17 ដើម្បីឲ្យព្រះគ្រិស្ដគង់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាតាមរយៈជំនឿ ហើយសូមឲ្យអ្នករាល់គ្នាដែលត្រូវបានចាក់ឫស និងចាក់គ្រឹះនៅក្នុងសេចក្ដីស្រឡាញ់ 18 អាចយល់ច្បាស់ជាមួយពួកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ 19 ព្រមទាំងស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រិស្ដដែលហួសពីការយល់ដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញរហូតដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះជាម្ចាស់។ 20 សូមឲ្យព្រះអង្គដែលអាចធ្វើលើសលប់ហួសពីសេចក្ដីទាំងឡាយដែលយើងសុំ ឬគិត ស្របតាមអំណាចដែលកំពុងធ្វើការនៅក្នុងយើង 21 បានប្រកបដោយសិរីរុងរឿងនៅក្នុងក្រុមជំនុំ និងនៅក្នុងព្រះគ្រិស្ដយេស៊ូគ្រប់ជំនាន់ អស់កល្បជានិច្ច អាម៉ែន។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.