១ កូរិនថូស 16 - ព្រះគម្ពីរខ្មែរសាកលជំនួយសម្រាប់វិសុទ្ធជន 1 ចំពោះការប្រមូលតង្វាយសម្រាប់វិសុទ្ធជន ដូចដែលខ្ញុំបានបង្គាប់ក្រុមជំនុំទាំងប៉ុន្មាននៅកាឡាទីយ៉ាងណា ចូរអ្នករាល់គ្នាធ្វើយ៉ាងនោះដែរ។ 2 រាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យអ្នករាល់គ្នាម្នាក់ៗទុកដោយឡែកពីអ្វីដែលខ្លួនឯងបានសន្សំ តាមដែលបានចំណេញ ដើម្បីកុំឲ្យមានការប្រមូលតង្វាយនៅពេលខ្ញុំមកដល់ឡើយ។ 3 កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាជ្រើសរើស ឲ្យយកអំណោយរបស់អ្នករាល់គ្នាទៅយេរូសាឡិម ទាំងកាន់សំបុត្រទៅជាមួយផង។ 4 ប៉ុន្តែប្រសិនបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងទៅជាមួយខ្ញុំ។ គម្រោងធ្វើដំណើររបស់ប៉ូល 5 កាលណាខ្ញុំធ្វើដំណើរឆ្លងកាត់ម៉ាសេដូន ខ្ញុំនឹងមករកអ្នករាល់គ្នា ដ្បិតខ្ញុំចង់ធ្វើដំណើរឆ្លងកាត់ម៉ាសេដូនដែរ 6 ហើយប្រហែលជាស្នាក់នៅជាមួយអ្នករាល់គ្នា ឬអាចនៅរហូតដល់ផុតរដូវរងា ដើម្បីឲ្យអ្នករាល់គ្នាបានជូនដំណើរខ្ញុំទៅកន្លែងណាដែលខ្ញុំត្រូវទៅ។ 7 តាមពិត ខ្ញុំមិនចង់ជួបអ្នករាល់គ្នាឥឡូវនេះ ដោយគ្រាន់តែឆ្លងកាត់នោះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។ 8 ប៉ុន្តែខ្ញុំនឹងស្នាក់នៅអេភេសូរ រហូតដល់បុណ្យថ្ងៃទីហាសិប 9 ដ្បិតមានទ្វារដ៏ធំសម្រាប់ការងារដែលមានប្រសិទ្ធភាព បានបើកចំហឲ្យខ្ញុំ ហើយក៏មានអ្នកប្រឆាំងច្រើនដែរ។ 10 ប្រសិនបើធីម៉ូថេមកដល់ សូមយកចិត្តទុកដាក់ឲ្យគាត់បាននៅដោយឥតភ័យខ្លាចជាមួយអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការងាររបស់ព្រះអម្ចាស់ដូចខ្ញុំដែរ។ 11 ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ។ ផ្ទុយទៅវិញ សូមជូនដំណើរគាត់ដោយសុខសាន្តចុះ ដើម្បីឲ្យគាត់បានមកដល់ខ្ញុំ ពីព្រោះខ្ញុំកំពុងរង់ចាំគាត់ជាមួយបងប្អូនឯទៀត។ 12 ចំពោះអ័ប៉ុឡូសដែលជាបងប្អូន ខ្ញុំបានជំរុញគាត់ជាច្រើនដងឲ្យមករកអ្នករាល់គ្នាជាមួយបងប្អូនឯទៀតៗ ប៉ុន្តែគាត់ពិតជាមិនចង់មកឥឡូវនេះទេ គាត់នឹងមកកាលណាគាត់មានឱកាស។ ពាក្យជំរុញទឹកចិត្តចុងក្រោយ 13 ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង; 14 គ្រប់ការទាំងអស់ដែលអ្នករាល់គ្នាធ្វើ ចូរធ្វើដោយសេចក្ដីស្រឡាញ់។ 15 បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា អ្នកផ្ទះរបស់ស្ទេផាណាស ជាផលដំបូងនៅអាខៃ ហើយពួកគេបានថ្វាយខ្លួនក្នុងការបម្រើវិសុទ្ធជន។ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នា 16 ឲ្យចុះចូលនឹងមនុស្សបែបនេះ ហើយនឹងអស់អ្នកដែលរួមការងារ និងការនឿយហត់ជាមួយពួកគេដែរ។ 17 ខ្ញុំអរសប្បាយនឹងការមកដល់របស់ស្ទេផាណាស ភ័រទូណាតុស និងអ័ខៃកុស ពីព្រោះអ្នកទាំងនោះបានបំពេញជំនួសអវត្តមានរបស់អ្នករាល់គ្នា 18 ហើយបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាស្រស់ស្រាយឡើងវិញ ដូច្នេះចូររាប់អានមនុស្សបែបនេះចុះ។ សរុបសេចក្ដី 19 ក្រុមជំនុំទាំងប៉ុន្មាននៅអាស៊ី ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អ័គីឡា និងព្រីស៊ីឡា ព្រមទាំងក្រុមជំនុំក្នុងផ្ទះរបស់ពួកគាត់ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់។ 20 បងប្អូនទាំងអស់ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ 21 ខ្ញុំ ប៉ូល សូមសរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ 22 ប្រសិនបើអ្នកណាម្នាក់មិនស្រឡាញ់ព្រះអម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ សូមព្រះអម្ចាស់យាងមកវិញ! 23 សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ស្ថិតនៅជាមួយអ្នករាល់គ្នា! 24 សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ស្ថិតនៅជាមួយអ្នកទាំងអស់គ្នា!៕៚ |