១ កូរិនថូស 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ 1 ឥឡូវនេះ ខាងឯការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំនានានៅស្រុកកាឡាទីចុះ 2 គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។ 3 កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាដែលអ្នករាល់គ្នាពេញចិត្ត ឲ្យកាន់សំបុត្រ ហើយយកអំណោយរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម។ 4 ប្រសិនបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងធ្វើដំណើរជាមួយខ្ញុំ។ គម្រោងការរបស់លោកប៉ុល 5 កាលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូនសិន) 6 ហើយប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយអ្នករាល់គ្នា ឬអាចនៅពេញមួយរដូវរងាផង ដើម្បីឲ្យអ្នករាល់គ្នាបានជូនដំណើរខ្ញុំបន្តទៅកន្លែងដែលខ្ញុំត្រូវទៅ។ 7 ដ្បិតខ្ញុំមិនចង់មកជួបអ្នករាល់គ្នា ត្រឹមតែពេលឆ្លងកាត់ឥឡូវនេះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។ 8 ប៉ុន្តែ ខ្ញុំនឹងស្នាក់នៅក្រុងអេភេសូរ រហូតដល់បុណ្យថ្ងៃទីហាសិប 9 ដ្បិតមានទ្វារយ៉ាងធំបានបើកចំហរ សម្រាប់ឲ្យខ្ញុំបំពេញការងារយ៉ាងមានប្រសិទ្ធភាព ហើយក៏មានអ្នកប្រឆាំងជាច្រើនដែរ។ 10 ប្រសិនបើធីម៉ូថេមកដល់ សូមរាក់ទាក់ទទួល កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ 11 ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ តែត្រូវជួយគាត់ឲ្យបន្តដំណើរដោយសុខសាន្ត ដើម្បីឲ្យគាត់បានមកជួបខ្ញុំ ដ្បិតខ្ញុំ និងពួកបងប្អូនកំពុងរង់ចាំគាត់។ 12 រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។ ពាក្យផ្ដែផ្ដាំផ្សេងៗ 13 ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។ 14 ត្រូវឲ្យអ្នករាល់គ្នាធ្វើគ្រប់ការទាំងអស់ ដោយសេចក្តីស្រឡាញ់។ 15 បងប្អូនអើយ អ្នករាល់គ្នាជ្រាបហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ហើយគេបានដាក់ខ្លួនបម្រើដល់ពួកបរិសុទ្ធ។ 16 ដូច្នេះ ខ្ញុំសូមដាស់តឿនឲ្យអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះចុះ ព្រមទាំងអស់អ្នកដែលធ្វើការនឿយហត់ រួមជាមួយបងប្អូនទាំងនោះផង។ 17 ខ្ញុំត្រេកអរនឹងការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាតុស និងលោកអ័ខៃកុស ព្រោះអ្នកទាំងនោះបានបំពេញសេចក្ដីដែលអ្នករាល់គ្នាខកខាន 18 ដ្បិតគេបានធ្វើឲ្យវិញ្ញាណខ្ញុំ និងវិញ្ញាណអ្នករាល់គ្នាធូរស្បើយ។ ដូច្នេះ សូមរាប់អានមនុស្សបែបនេះចុះ។ 19 ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។ 20 ពួកបងប្អូនទាំងអស់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។ 21 ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះ ដោយដៃរបស់ខ្ញុំផ្ទាល់។ 22 បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាទៅចុះ។ ម៉ារ៉ាណាថា! 23 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ! 24 សូមឲ្យសេចក្តីស្រឡាញ់របស់ខ្ញុំ នៅជាមួយអ្នកទាំងអស់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។ អាម៉ែន។:៚ |
© 2016 United Bible Societies
Bible Society in Cambodia