ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
១ យ៉ូហាន 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។ Khmer Christian Bible ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ អាល់គីតាប ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើនាមបុត្រារបស់អុលឡោះ មានជីវិតអស់កល្បជានិច្ចហើយ។ |
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
ពេលព្រះអង្គគង់នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យរំលង មនុស្សជាច្រើនបានជឿដល់ព្រះនាមព្រះអង្គ ព្រោះគេឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។
តែសេចក្ដីដែលបានកត់ត្រាទុកនេះ គឺដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន ហើយឲ្យអ្នករាល់គ្នាដែលជឿបានជីវិត ដោយសារព្រះនាមព្រះអង្គ។
សិស្សនេះហើយ ដែលធ្វើបន្ទាល់ពីហេតុការណ៍ទាំងនេះ ព្រមទាំងបានកត់ត្រាទុកមកផង យើងដឹងថាបន្ទាល់របស់គាត់ ពិតជាត្រឹមត្រូវមែន។
អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។
ដោយសារជំនឿដល់ព្រះនាមព្រះអង្គ នោះព្រះនាមព្រះអង្គបានធ្វើឲ្យបុរសនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ មានកម្លាំងឡើងវិញ គឺជាជំនឿដល់ព្រះយេស៊ូវនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅមុខអ្នករាល់គ្នាដូច្នេះ។
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។
ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។
ខ្ញុំបានសរសេរសំបុត្រយ៉ាងខ្លីមកអ្នករាល់គ្នា តាមរយៈលោកស៊ីលវ៉ាន ដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយធ្វើបន្ទាល់ថា នេះជាព្រះគុណរបស់ព្រះពិតប្រាកដមែន ចូរឈរឲ្យមាំមួនឡើង។
យើងសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។
ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺដោយព្រោះអ្នកបានស្គាល់សេចក្ដីពិតហើយ ហើយក៏ដឹងថា គ្មានពាក្យភូតភរណាកើតមកពីសេចក្ដីពិតឡើយ។
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអស់អ្នកដែលបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។
រីឯបទបញ្ជារបស់ព្រះអង្គ គឺយើងត្រូវជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានបង្គាប់មកយើង។
នេះជាសេចក្ដីស្រឡាញ់របស់ព្រះ ដែលបានសម្តែងមកក្នុងចំណោមយើង គឺព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គតែមួយឲ្យមកក្នុងលោកនេះ ដើម្បីឲ្យយើងបានរស់ដោយសារព្រះរាជបុត្រា។
អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។