យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន គឺអន្ទាក់គេបានធ្លុះធ្លាយ ហើយក៏យើងបានរួចផុត។
១ កូរិនថូស 10:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ ព្រះគម្ពីរខ្មែរសាកល គ្មានការសាកល្បងកើតឡើងដល់អ្នករាល់គ្នាឡើយ លើកលែងតែការសាកល្បងដែលសាមញ្ញដល់មនុស្សលោកប៉ុណ្ណោះ។ ព្រះទ្រង់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្ដាលឲ្យអ្នករាល់គ្នាត្រូវបានល្បងលហួសអ្វីដែលអ្នករាល់គ្នាអាចទ្រាំបាននោះឡើយ ផ្ទុយទៅវិញ ព្រះអង្គនឹងរៀបចំផ្លូវចេញជាមួយនឹងការសាកល្បងដែរ ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំបាន។ Khmer Christian Bible គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គមិនបណ្ដោយឲ្យមារ*ល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។ អាល់គីតាប គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ អុលឡោះស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ៊ីព្លេសល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្ដែ នៅពេលបងប្អូនជួបការល្បួង ទ្រង់នឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។ |
យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន គឺអន្ទាក់គេបានធ្លុះធ្លាយ ហើយក៏យើងបានរួចផុត។
ដ្បិតដំបងនៃសេចក្ដីអាក្រក់ នឹងមិនស្ថិតលើស្រុកដែលជាចំណែក របស់មនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិត លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។
៙ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់ពពក។
ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស របស់យើងចេញពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។
យើងសម្រេចថា យើងនឹងនាំអ្នករាល់គ្នាចេញពីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅកាន់ស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ"។
សេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះ របស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាខ្សែក្រវាត់កម្លាំងផង។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធរបស់គេ ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នកទាំងឡាយដែលមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបម្រើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្ដាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ព្រោះព្រះយេហូវ៉ា ព្រះអង្គជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលព្រះអង្គបានរើសអ្នក។
បើអ្នកបានរត់ជាមួយពួកថ្មើរជើង ហើយគេបាននាំឲ្យអ្នកអស់កម្លាំង ដូច្នេះ ធ្វើដូចម្តេចឲ្យអ្នកប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ អ្នកមិនសូវមានសេចក្ដីសុខទេ នោះតើអ្នកនឹងធ្វើដូចម្តេចក្នុងកាល ដែលទន្លេយ័រដាន់ជន់ពេញកម្លាំង?
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។
យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ [តែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញ]»។
ម្យ៉ាងទៀត មានជង្ហុកមួយយ៉ាងធំ ស្ថិតនៅកណ្តាលរវាងយើងនឹងឯងរាល់គ្នា ហើយគ្មានអ្នកណាអាចឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើងបានឡើយ"។
ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួង»។
ឯអ្នកដែលនៅសល់ តោងបន្ទះក្តារ ឬបំណែកសំពៅទៅតាមក្រោយ។ ដូច្នេះ គេទាំងអស់គ្នាក៏បានទៅដល់គោកដោយសុវត្ថិភាព។
ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ពិតជាព្រះមែន គឺជាព្រះស្មោះត្រង់ដែលគោរពតាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ រហូតដល់មួយពាន់តំណ
ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។
ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
បន្ទាប់មក ខ្ញុំបានឃើញស្ថានសួគ៌បើកចំហ ហើយមើល៍ មានសេះសមួយ! ព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ហើយពិតប្រាកដ» ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។
ហេតុនេះ ចូរអ្នក ព្រមទាំងពួកអ្នកបម្រើរបស់ចៅហ្វាយអ្នកដែលមកជាមួយ ក្រោកពីព្រលឹម [ហើយធ្វើដំណើរទៅកន្លែងមួយ ដែលយើងបានតម្រូវទុកឲ្យអ្នក។ ឯដំណឹងអាក្រក់ សូមកុំអំពល់អ្វីឡើយ ដ្បិតអ្នកបានប្រព្រឹត្តយ៉ាងត្រឹមត្រូវនៅចំពោះយើងហើយ] ។ ចូរក្រោកឡើងពីព្រលឹមស្រាង ហើយចេញដំណើរទៅ នៅពេលថ្ងៃរះចុះ»។