ទំនុកតម្កើង 36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អំពើអាក្រក់របស់មនុស្ស និងសេចក្ដីល្អរបស់ព្រះ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើនៃព្រះយេហូវ៉ា សម្រាប់មេភ្លេង។ 1 អំពើរំលងច្បាប់របស់មនុស្សអាក្រក់ សម្ដែងក្នុងចិត្តខ្ញុំថា នៅចំពោះភ្នែកគេ គ្មានការកោតខ្លាចដល់ព្រះទេ។ 2 ដ្បិតនៅក្នុងភ្នែកគេ គេបញ្ជោរខ្លួនឯងថា អំពើទុច្ចរិតរបស់គេ មិនអាចមានអ្នកណា ឃើញ ឬស្អប់ឡើយ។ 3 ពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីអន្តរាយ និងពាក្យបោកបញ្ឆោត គេលែងមានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។ 4 គេគិតបង្កើតគម្រោងការអាក្រក់ កាលកំពុងនៅក្នុងដំណេក ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។ 5 ៙ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ផ្ទៃមេឃ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់ពពក។ 6 សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ការវិនិច្ឆ័យរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វ។ 7 ឱព្រះអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ថ្លៃវិសេសយ៉ាងណាហ្ន៎! ពួកកូនមនុស្សលោក ជ្រកក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។ 8 គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។ 9 ដ្បិតប្រភពទឹកនៃជីវិតស្ថិតនៅជាមួយព្រះអង្គ យើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។ 10 ឱសូមសម្ដែងព្រះហឫទ័យសប្បុរស ដល់អស់អ្នកដែលស្គាល់ព្រះអង្គតទៅ ហើយសម្ដែងសេចក្ដីសុចរិតរបស់ព្រះអង្គ ដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។ 11 សូមកុំឲ្យជើងរបស់មនុស្សព្រហើន ជាន់ឈ្លីទូលបង្គំឡើយ ក៏កុំឲ្យដៃមនុស្សអាក្រក់ មកបណ្តេញទូលបង្គំដែរ។ 12 ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ត្រូវដួលចុះនៅទីនោះ គេត្រូវទម្លាក់ចុះ ឥតងើបឡើងវិញបានឡើយ។ |
© 2016 United Bible Societies
Bible Society in Cambodia