១ សាំយូអែល 29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកភីលីស្ទីនដេញដាវីឌចេញពីកងទ័ពរបស់ពួកគេ 1 ពួកភីលីស្ទីនបានប្រមូលផ្តុំពលទ័ពទាំងអស់នៅត្រង់អាផែក ហើយពួកអ៊ីស្រាអែលបានបោះទ័ពនៅត្រង់រន្ធទឹកយេសរាល។ 2 រីឯពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនបាននាំពលទ័ពរបស់គេទាំងរយ ទាំងពាន់ទៅខាងមុខ ហើយដាវីឌ និងពួកលោក បាននាំគ្នាដើរតាមក្រោយទៅជាមួយព្រះបាទអ័គីស 3 ពួកមេដឹកនាំរបស់សាសន៍ភីលីស្ទីនសួរថា៖ «តើពួកសាសន៍ហេព្រើរទាំងនេះកំពុងធ្វើអី?»។ អ័គីសឆ្លើយតបថា៖ «តើនេះមិនមែនជាដាវីឌ អ្នកបម្រើរបស់ស្តេចសូលនៃសាសន៍អ៊ីស្រាអែល ដែលនៅជាមួយខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬ? ខ្ញុំមិនឃើញថាគាត់មានទោសអ្វីសោះ ចាប់តាំងពីពេលដែលគាត់មក រហូតដល់ថ្ងៃនេះ»។ 4 តែពួកមេដឹកនាំរបស់ពួកភីលីស្ទីនខឹងនឹងទ្រង់ រួចទូលថា៖ «ចូរឲ្យមនុស្សនេះទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដែលទ្រង់បានឲ្យនៅនោះទៅ កុំឲ្យចុះទៅទីចម្បាំងជាមួយយើងឡើយ ក្រែងលោកំពុងតែច្បាំង គេបែរជាត្រឡប់មកទាស់នឹងយើងវិញ នោះតើគេមិនបានមេត្រីនឹងចៅហ្វាយគេ ដោយសារយកក្បាលរបស់មនុស្សទាំងនេះទេឬ? 5 តើនេះមិនមែនដាវីឌ ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីគាត់ក្នុងចម្បាំងរបស់គេថា "សូលបានសម្លាប់ទាំងពាន់ តែដាវីឌទាំងម៉ឺនទេឬ"?»។ 6 ព្រះបាទអ័គីសបានហៅដាវីឌមកមានរាជឱង្ការថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយយើង យើងពេញចិត្តណាស់ ដោយមិនឃើញថាអ្នកមានទោសអ្វីឡើយ ចាប់តាំងពីពេលដែលអ្នកមករហូតដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេដឹកនាំរបស់យើងមិនចូលចិត្តអ្នកទេ។ 7 ដូច្នេះ សូមអ្នកត្រឡប់ទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យពួកមេដឹកនាំសាសន៍ភីលីស្ទីនទាំងនោះអាក់អន់ចិត្ត»។ 8 ដាវីឌទូលសួរព្រះបាទអ័គីសថា៖ «តើទូលបង្គំបានធ្វើខុសអ្វីខ្លះ? ចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ រហូតដល់ថ្ងៃនេះ តើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណា បានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្តេច ជាចៅហ្វាយនៃទូលបង្គំដូច្នេះ?»។ 9 ព្រះបាទអ័គីសមានរាជឱង្ការតបទៅដាវីឌថា៖ «យើងដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះយើង ប្រៀបដូចជាទេវតារបស់ព្រះ ប៉ុន្តែ ពួកមេដឹកនាំភីលីស្ទីនបានសម្រេចថា "អ្នកមិនត្រូវឡើងទៅទីចម្បាំងជាមួយយើងឡើយ"។ 10 ហេតុនេះ ចូរអ្នក ព្រមទាំងពួកអ្នកបម្រើរបស់ចៅហ្វាយអ្នកដែលមកជាមួយ ក្រោកពីព្រលឹម [ហើយធ្វើដំណើរទៅកន្លែងមួយ ដែលយើងបានតម្រូវទុកឲ្យអ្នក។ ឯដំណឹងអាក្រក់ សូមកុំអំពល់អ្វីឡើយ ដ្បិតអ្នកបានប្រព្រឹត្តយ៉ាងត្រឹមត្រូវនៅចំពោះយើងហើយ] ។ ចូរក្រោកឡើងពីព្រលឹមស្រាង ហើយចេញដំណើរទៅ នៅពេលថ្ងៃរះចុះ»។ 11 ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះបានវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ តែពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅយេសរាលទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia