ដ្បិតព្រះអង្គនឹងសងដល់មនុស្ស តាមការដែលគេធ្វើ ហើយនឹងឲ្យគ្រប់គ្នាបានទទួល តាមផ្លូវរបស់ខ្លួន។
អេសាយ 59:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ព្រះអង្គដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ព្រះអង្គដាក់ទោសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវ ទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ អាល់គីតាប ទ្រង់ដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ទ្រង់ដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ទ្រង់ដាក់ទោសដែរ។ |
ដ្បិតព្រះអង្គនឹងសងដល់មនុស្ស តាមការដែលគេធ្វើ ហើយនឹងឲ្យគ្រប់គ្នាបានទទួល តាមផ្លូវរបស់ខ្លួន។
ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។
ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងដោះពួកតតាំង នឹងយើងចេញឲ្យធូរខ្លួនវិញ យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។
តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
នេះគឺយើងបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ឥតមានអ្នកណាក្នុងពួកជនជាតិទាំងឡាយ នៅជាមួយយើងឡើយ យើងបានជាន់គេដោយសេចក្ដីកំហឹង ហើយឈ្លីគេដោយសេចក្ដីឃោរឃៅរបស់យើង ឈាមគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង សម្លៀកបំពាក់យើងបានត្រូវប្រឡាក់ទាំងអស់ហើយ។
យើងបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយកំហឹងរបស់យើង ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់យើង ហើយបានចាក់ឈាមគេចុះដល់ដីផង។
មើល៍! អំពើទាំងនោះបានកត់ទុកនៅចំពោះយើងហើយ យើងមិនព្រមនៅស្ងៀមឡើយ យើងនឹងសងដល់គេ យើងនឹងដាក់សំណងនោះនៅលើដើមទ្រូងរបស់គេ
ជាអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់បុព្វបុរសអ្នកដែរ ជាការដែលអ្នករាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថយើងនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ យើងនឹងវាល់អំពើដែលគេបានប្រព្រឹត្ត ពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អ្នករាល់គ្នានឹងឃើញ ហើយមានអំណររីករាយក្នុងចិត្ត ឯអ្នករាល់គ្នានឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តរបស់ព្រះយេហូវ៉ានឹងសម្ដែងចេញ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវ។
ដ្បិតព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង ហើយព្រះរាជរថរបស់ព្រះអង្គដូចជាខ្យល់កួច ដើម្បីសម្រេចតាមសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ និងតាមពាក្យស្តីបន្ទោសរបស់ព្រះអង្គ ដោយសារអណ្ដាតភ្លើង។
មានឮសំឡេងអឺងកងពីទីក្រុងមក ជាសំឡេងដែលចេញពីព្រះវិហារ គឺជាសូរសៀងនៃព្រះយេហូវ៉ាដែលព្រះអង្គ សងតបដល់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
ព្រះអង្គប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិធ្វើការផ្សេងៗ ព្រះនេត្ររបស់ព្រះអង្គទតឃើញយើង ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។
ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសម្រាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់អ្នក។
ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
ព្រះយេហូវ៉ាក្រោធយ៉ាងខ្លាំង ព្រះអង្គបានចាក់សេចក្ដីក្រោធដ៏សហ័ស របស់ព្រះអង្គចេញហើយ ព្រះអង្គបានបង្កាត់ភ្លើងនៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះទាំងឫសជញ្ជាំងផង។
គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ កាលណាសាសន៍កុកមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់យើងនឹងឆួលឡើងនៅច្រមុះយើង
គឺយ៉ាងនោះឯង ដែលសេចក្ដីក្រោធរបស់យើងនឹងបានសម្រេច ហើយយើងនឹងឲ្យសេចក្ដីក្រោធរបស់យើងនៅលើគេ នោះយើងនឹងបានរសាយចិត្ត កាលណាយើងបានសម្រេចសេចក្ដីក្រោធរបស់យើងដល់គេ នោះគេនឹងដឹងថា ជាយើងនេះហើយ គឺព្រះយេហូវ៉ា ជាព្រះដែលប្រច័ណ្ឌ។
អ្នកណាដែលនៅឆ្ងាយ នឹងស្លាប់ដោយអាសន្នរោគ អ្នកដែលនៅជិត នឹងស្លាប់ដោយដាវ ហើយពួកសល់នៅក្នុងទីក្រុង ដែលត្រូវគេឡោមព័ទ្ធ នឹងស្លាប់ដោយគ្រោះទុរ្ភិក្សវិញ គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើងទៅលើគេ។
ម្នាលក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់នានាទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ តើអ្នកមានការអ្វីនឹងយើង តើអ្នករាល់គ្នាគិតសងសឹកនឹងយើងឬ? ប្រសិនបើអ្នករាល់គ្នាសងយើង នោះយើងនឹងទម្លាក់ទៅលើក្បាលអ្នកវិញភ្លាមមួយរំពេច។
នោះយើងនឹងដើរទាស់ទទឹងនឹងអ្នករាល់គ្នា ដោយសេចក្ដីក្រោធ ហើយវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្តែ ចំពោះពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យយើងសោយរាជ្យលើគេ ចូរនាំគេមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងនេះចុះ"»។
ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។
ប្រសិនបើយើងសំលៀងដាវរបស់យើងដែលភ្លឺចាំង ហើយដៃយើងចាប់កាន់សេចក្ដីយុត្តិធម៌ នោះយើងនឹងសងសឹកបច្ចាមិត្តរបស់យើង ហើយនឹងសងអស់អ្នកដែលស្អប់យើង។
ព្រះអង្គសងដល់អស់អ្នកដែលស្អប់ព្រះអង្គនៅប្រទល់មុខគេ ដោយបំផ្លាញគេចេញ។ ព្រះអង្គនឹងមិនបង្អង់ឡើយចំពោះអ្នកណាដែលស្អប់ព្រះអង្គ គឺនឹងសងដល់អ្នកនោះនៅប្រទល់មុខ ។
ទីក្រុងដ៏ធំនោះ បានបែកចេញជាបីភាគ ឯទីក្រុងរបស់ជាតិសាសន៍នានាទាំងប៉ុន្មានក៏រលំ ហើយព្រះនឹកចាំពីក្រុងបាប៊ីឡូនដ៏ធំ ដើម្បីឲ្យក្រុងនេះផឹកពីពែងស្រានៃសេចក្ដីក្រោធជាខ្លាំងរបស់ព្រះអង្គ។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។