Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​អេលីហ៊ូវ​ប្រកាស​ពី​សេចក្ដី​យុត្តិធម៌​របស់​ព្រះ

1 អេលី‌ហ៊ូវ​ក៏​ពោល​ឡើង​ទៀត​ថា៖

2 «ឱ​អ្នក​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ចុះ

3 ដ្បិត​ត្រចៀក​តែង‌តែ​ល្បង​ល​ពាក្យ​សម្ដី ដូច​ជា​មាត់​តែង​ភ្លក់​រស​ជាតិ​អាហារ​ដែរ

4 សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក សេចក្ដី​ណា​ដែល​ត្រឹម​ត្រូវ សម្រាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់ សេចក្ដី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង។

5 ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា "ខ្ញុំ​សុចរិត ព្រះ​បាន​ដក​យក សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ខ្ញុំ​ហើយ

6 ទោះ​បើ​ខ្ញុំ​សុចរិត នៅ​តែ​រាប់​ជា​អ្នកកុហក របួស​របស់​ខ្ញុំ​មើល​មិន​ជា​ទេ ទោះ​បើ​ខ្ញុំ​គ្មាន​ទោស​ក៏​ដោយ"។

7 តើ​មាន​អ្នក​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

8 លោក​សេព​គប់​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ក៏​ដើរ​ជា‌មួយ​មនុស្ស​អាក្រក់។

9 ដ្បិត​លោក​ពោល​ថា "គ្មាន​ប្រយោជន៍​សោះ ដែល​មនុស្ស​ខំ​បំ​ពេញ​ចិត្ត​ព្រះ"។

10 ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ​ឡើយ។

11 ដ្បិត​ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល តាម​ផ្លូវ​របស់​ខ្លួន។

12 ពិត​ប្រាកដ​ជា​ព្រះ មិនដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នឹង​មិនបង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ។

13 តើ​អ្នក​ណា​បានប្រគល់​អំណាច ឲ្យ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី? ហើយ​តើ​អ្នក​ណាប្រគល់ ពិភពលោក​ទាំង​មូល​ទៅ​លើ​ព្រះ‌អង្គ?

14 ប្រសិន‌បើ​ព្រះ‌អង្គ​ផ្ចង់​ព្រះ‌ហឫ‌ទ័យ ចំពោះ​តែ​ព្រះ‌អង្គ​ព្រះ‌អង្គ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​របស់​ព្រះ‌អង្គ​ត្រឡប់​ទៅ​វិញ

15 គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

16 ឥឡូវ​នេះ បើ​យល់​ហើយ សូម​ស្តាប់​សេចក្ដី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ។

17 អ្នក​ណា​ដែល​ស្អប់​សេចក្ដី​សុចរិត តើ​នឹង​គ្រប់‌គ្រង​បាន​ឬ? តើ​អ្នក​ហ៊ាន​ថា ព្រះ​ដ៏​សុចរិត​ជា​ទី​បំផុត ព្រះ‌អង្គ​មាន​ទោស​ឬ?

18 អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា "ព្រះ‌អង្គ​ជា​មនុស្ស​ចោល‌ម្សៀត" ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា "លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់"

19 អ្នក​ណា​ដែល​មិន​កោត​ខ្លាច ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

20 អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​មួយ​រំពេច​ភ្លាម នៅ​កណ្ដាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។

21 រីឯ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ

22 គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត នឹង​ពួន​ខ្លួន​បាន​ទេ។

23 ដ្បិត​ព្រះ​មិន​បាន​កំណត់ ពេល​វេលា​ណាមួយដល់​អ្នក​ណា​ម្នាក់ ឲ្យ​ចូល​មក​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ចំពោះ​ព្រះ‌អង្គ​ឡើយ។

24 ព្រះ‌អង្គ​ផ្ដួល​រំលំ​មនុស្ស​ខ្លាំង​ពូកែ ដោយ​មិន​បាច់​សួរនាំ ហើយ​ព្រះ‌អង្គ​ក៏​តាំង​អ្នក​ផ្សេង​ទៀត ឲ្យ​ឡើង​ជំនួស​គេ។

25 គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​អំពើ​របស់​គេ ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​ត្រឡប់​ត្រឡិន ឲ្យ​គេ​វិនាស​ទៅ

26 ព្រះ‌អង្គ​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់ នៅ​កណ្ដាល​ជំនុំ ចំពោះ​មុខ​គេ

27 ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ព្រះ‌អង្គ​ទៀត ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ របស់​ព្រះ‌អង្គ​ឡើយ

28 ដល់​ម៉្លេះ​បាន​ជា​គេ​បណ្ដាល​ឲ្យ ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​ឮ​សម្រែក​របស់​មនុស្ស ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ

29 កាល​ណា​ព្រះ‌អង្គ​ប្រោស ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន? កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ? ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី

30 ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​ទមិឡ​ល្មើស បាន​គ្រប់‌គ្រង​ឡើង ប្រយោជន៍​កុំ​ឲ្យ​មាន​អ្នក​ណា ដាក់​អន្ទាក់​ដល់​ប្រជា​ជន​ឡើយ។

31 ដ្បិត​តើ​មាន​អ្នក​ណា​ម្នាក់​ទូល​ដល់​ព្រះ​ថា "ទូល‌បង្គំ​បាន​ទ្រាំ​រង​ទោស ទូល‌បង្គំ​លែង​ធ្វើ​ខុស​ទៀត​ហើយ

32 សូម​បង្រៀនអ្វី​ដែល​ទូល‌បង្គំ​មើល​មិន​ឃើញ ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ទូល‌បង្គំ​នឹង​លែង​ប្រព្រឹត្ត​ទៀត​ហើយ" ឬ​ទេ?

33 តើ​ព្រះ‌អង្គ​ត្រូវ​ប្រទាន​រង្វាន់ ឲ្យ​ត្រូវ​តាម​ចិត្ត​លោក ដោយ​ព្រោះ​លោក​មិន​ព្រម​ទទួល​ដូច្នេះឬ? ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល នោះ​ស្រេច​នឹង​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្ដី​ដែល​លោក​ដឹង សូម​និយាយ​មក​ចុះ។

34 ឯ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​និយាយ​មក​ខ្ញុំ អើ គ្រប់​ទាំង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្តាប់​ខ្ញុំ គេ​នឹងនិយាយមកខ្ញុំ​ថា

35 លោក​យ៉ូប​ពោល​ពាក្យ​ឥត​បើ​គិត សេចក្ដី​របស់​លោក​ឥត​ខ្លឹម‌សារ​ផង

36 ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្ដី​ល្បង រហូត​ដល់​ចប់ ដោយ​ព្រោះ​ចម្លើយ​របស់​លោក ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់

37 ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្ដាល​ពួក​យើង ហើយ​ក៏​ចម្រើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម