ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ ចោលជាដាច់ខាត
អេសាយ 42:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។ ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹត ឲ្យទៅជាពន្លឺនៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុប ប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ អាល់គីតាប យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺ នៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជា ផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។ |
ដ្បិតព្រះយេហូវ៉ានឹងមិនបោះបង់ចោល ប្រជារាស្ត្ររបស់ព្រះអង្គឡើយ ព្រះអង្គនឹងមិនបោះបង់មត៌ករបស់ព្រះអង្គ ចោលជាដាច់ខាត
របស់ណាដែលវៀច នោះនឹងធ្វើឲ្យត្រង់ឡើងវិញមិនបាន ហើយរបស់អ្នកណាដែលខ្វះខាត នោះនឹងរាប់មិនបានដែរ។
ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលព្រះអង្គបានធ្វើឲ្យក្ងិចក្ងក់ តើអ្នកណាអាចធ្វើឲ្យត្រង់វិញបាន?
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង។
ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់ ហើយមនុស្សដែលរអ៊ូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រឹលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់
គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
ឯគ្រប់ទាំងច្រកភ្នំ នោះនឹងត្រូវលើកឡើង ហើយគ្រប់ទាំងភ្នំធំតូច នឹងត្រូវពង្រាបទៅ នៅកន្លែងណាដែលគ្រលិកគ្រលុក នោះត្រូវធ្វើឲ្យស្មើ ហើយកន្លែងណាដែលរដិបរដុបនឹងត្រូវធ្វើឲ្យរាបចុះ
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។
ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។
ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាប្រោសលោះ នោះអ្នកនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវចោលឡើយ។
គេនឹងកម្សាន្តចិត្តអ្នករាល់គ្នា ដោយអ្នកឃើញផ្លូវ និងអំពើដែលគេប្រព្រឹត្តទាំងប៉ុន្មាន ហើយអ្នករាល់គ្នានឹងដឹងថា ការដែលយើងបានធ្វើដល់គេ នោះមិនមែនដោយឥតហេតុទេ នោះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។
ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។
ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា
គ្រប់ទាំងច្រកភ្នំត្រូវលុបបំពេញ គ្រប់ទាំងភ្នំធំតូចត្រូវពង្រាបឲ្យរាប ផ្លូវវៀចត្រូវតម្រង់ឲ្យត្រង់ ហើយផ្លូវរដិបរដុបធ្វើឲ្យស្មើ
ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
តែត្រូវស្ថិតនៅឃ្លាតពីហិបនោះ នៅចម្ងាយប្រមាណពីរពាន់ហត្ថ។ មិនត្រូវចូលទៅជិតឡើយ ដើម្បីឲ្យអ្នកបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក អ្នករាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ»។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។