សាស្តា 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ខ្ញុំបានយល់ពីកិច្ចការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីការទាំងអស់ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សមានប្រាជ្ញាណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។ ព្រះគម្ពីរខ្មែរសាកល នោះខ្ញុំបានយល់ឃើញពីកិច្ចការទាំងអស់របស់ព្រះថា មនុស្សរកយល់មិនបាននូវកិច្ចការដែលត្រូវបានធ្វើនៅក្រោមថ្ងៃឡើយ ទោះបីជាមនុស្សប្រឹងប្រែងស្វែងរកក៏ដោយ ក៏គេរកយល់មិនបានដែរ។ ទោះបីជាមនុស្សមានប្រាជ្ញាអះអាងថាដឹងក៏ដោយ ក៏គេរកយល់មិនបានដែរ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្ដី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះយើងបានយល់ពីការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីអស់ទាំងការ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សប្រាជ្ញណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។ អាល់គីតាប នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីអុលឡោះ។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្តី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។ |
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។
ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណា នោះក៏មិនស្គាល់កិច្ចការរបស់ព្រះ ដែលជាអ្នកធ្វើគ្រប់ការទាំងអស់ដែរ។
ព្រះអង្គបានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។
ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលព្រះអង្គបានធ្វើឲ្យក្ងិចក្ងក់ តើអ្នកណាអាចធ្វើឲ្យត្រង់វិញបាន?
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!