សាស្តា 8 - អាល់គីតាបបញ្ហាជីវិតដែលដោះស្រាយមិនរួច 1 តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ 2 ចូរប្រព្រឹត្តតាមពាក្យរបស់ស្តេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះអុលឡោះ 3 កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនពេញចិត្តដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមបំណងរបស់គាត់។ 4 ស្តេចមានប្រសាសន៍យ៉ាងណាក្តី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្តេចថា “ហេតុអ្វីបានជាស្តេចធ្វើដូច្នេះ” បានឡើយ។ 5 អ្នកធ្វើតាមបទបញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសំគាល់មើលកាលៈទេសៈ និងការវិនិច្ឆ័យ។ 6 អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កំរិត។ 7 មនុស្សពុំអាចដឹងហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាលបានឡើយ គ្មាននរណាម្នាក់ប្រាប់ឲ្យគេដឹងទេ។ 8 មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។ 9 ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះ មនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើឲ្យគេរងទុក្ខវេទនា។ 10 ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់។ អ្នកទាំងនោះធ្លាប់ចូលមកក្នុងទីសក្ការៈ ប៉ុន្តែ នៅក្នុងទីក្រុង អ្នកក្រុងមិននឹកចាំពីអំពើដែលអ្នកទាំងនោះបានប្រព្រឹត្តឡើយ។ ត្រង់នេះទៀតក៏ឥតបានការដែរ។ 11 មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។ 12 ទោះបីមនុស្សមានបាបប្រព្រឹត្តអំពើអាក្រក់មួយរយដង ហើយមានអាយុយឺនយូរយ៉ាងណាក្តី ក៏ខ្ញុំយល់ឃើញថា មានតែអស់អ្នកកោតខ្លាចអុលឡោះប៉ុណ្ណោះ ដែលបានសេចក្ដីសុខ ព្រោះគេគោរពទ្រង់។ 13 មនុស្សអាក្រក់មិនដែលបានសេចក្ដីសុខទេ ហើយក៏គ្មានអាយុវែងដែរ គឺមិនយូរជាងស្រមោលឡើយ ព្រោះគេមិនគោរពអុលឡោះ។ 14 មានការឥតប្រយោជន៍មួយទៀត នៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបម្រុងទុកសម្រាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបម្រុងទុកសម្រាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។ 15 ដូច្នេះ ខ្ញុំឲ្យតម្លៃទៅលើការសប្បាយ ដ្បិតនៅលើផែនដីនេះគ្មានអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការស៊ីផឹក និងសប្បាយរីករាយឡើយ។ គេត្រូវតែធ្វើដូច្នេះ ថែមពីលើការងារដ៏នឿយហត់ ដែលគេបំពេញក្នុងពេលអុលឡោះប្រទានឲ្យគេរស់នៅលើផែនដីនេះ។ 16 ពេលខ្ញុំយកចិត្តទុកដាក់ស្វែងយល់អំពីប្រាជ្ញា ហើយសង្កេតមើលការខ្វល់ខ្វាយរបស់មនុស្សនៅលើផែនដី គឺគេខ្វល់ខ្វាយទាំងថ្ងៃទាំងយប់ ដេកពុំលក់ 17 នោះខ្ញុំក៏យល់ឃើញថា ហេតុការណ៍ទាំងអស់សុទ្ធតែកើតមកពីអុលឡោះ។ គ្មាននរណាម្នាក់អាចយល់ពីហេតុការណ៍ ដែលកើតមាននៅលើផែនដីនេះបានឡើយ ទោះបីមនុស្សខិតខំស្វែងយល់យ៉ាងណាក្តី ក៏គេពុំអាចយល់ សូម្បីតែអ្នកប្រាជ្ញដែលអះអាងថា ខ្លួនដឹងក៏នៅតែពុំអាចយល់បានដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies