Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាស្តា 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


គ្រប់​ទាំង​អស់​សុទ្ធ​តែ​មាន​ពេល​របស់​វា

1 មាន​ពេល​សម្រាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សម្រាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ

2 មាន​ពេល​សម្រាប់​កើត​មក ពេល​សម្រាប់​ស្លាប់​ទៅ មាន​ពេល​សម្រាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ

3 មាន​ពេល​សម្រាប់​សម្លាប់ ពេល​សម្រាប់​មើល​ឲ្យ​ជា មាន​ពេល​សម្រាប់​រំលំ​រំលាយ និង​ពេល​សង់​ឡើង

4 មាន​ពេល​យំ ពេល​សើច មាន​ពេល​សម្រាប់​សោយ‌សោក និង​ពេល​សម្រាប់​លោត​កព្ឆោង។

5 មាន​ពេល​សម្រាប់​បោះ​ថ្ម​ចោល ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប

6 មាន​ពេល​សម្រាប់​ស្វែង​រក ពេល​សម្រាប់​បាត់‌បង់ មាន​ពេល​សម្រាប់​រក្សា​ទុក និង​ពេល​សម្រាប់​បោះ‌បង់​ចោល។

7 មាន​ពេល​សម្រាប់​ហែក​ចោល ពេល​សម្រាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម និង​ពេល​សម្រាប់​និយាយ។

8 មាន​ពេល​សម្រាប់​ស្រឡាញ់ ពេល​សម្រាប់​ស្អប់ មាន​ពេល​សម្រាប់​ចម្បាំង និង​ពេល​សម្រាប់​សេចក្ដី​សុខ។


កិច្ច‌ការ​ដែល​ព្រះ​ប្រទាន

9 តើ​មនុស្ស​មាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​ដែល​គេ​ខំ​ធ្វើ?

10 យើង​បាន​ឃើញ​ការ​នឿយ​ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។

11 ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។

12 យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​សម្រាប់​គេ​ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ

13 ដូច្នេះ ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី និង​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ‌ទាន​របស់​ព្រះ។

14 យើង​ក៏​ដឹង​ដែរ​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប មិន​ត្រូវ​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​បាន​ឡើយ មួយ​ទៀត ព្រះ​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។

15 អ្វីៗ​ដែល​មាន គឺ​មាន​ជា​យូរ​អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​មាន​ខាង​មុខ​ទៀត ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ​ស្វែង​រក​អ្វីៗ​ដែល​កន្លង​បាត់ទៅ ឲ្យ​បាន​មក​វិញ។


ការ​ជំនុំ​ជម្រះ និងអនាគតស្រេច​លើ​ព្រះ

16 ម្យ៉ាង​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ​មាន​អំពើ​ទុច្ចរិត ហើយ​នៅ​កន្លែង​សុចរិត​មាន​អំពើ​អយុត្តិ‌ធម៌​ដែរ។

17 យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​នឹង​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សម្រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន។

18 យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ​ចង់​ល្បង​ល​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ។

19 ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​ពីរ​ពួក ពួក​មួយ​ស្លាប់​យ៉ាង​ណា ពួក​មួយ​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។

20 គ្រប់​ទាំង​អស់​ទៅ​ឯ​កន្លែង​តែ​មួយ​ប៉ុណ្ណោះ ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រូវ​ត្រឡប់​ទៅ​ឯ​ធូលី​ដី​វិញ។

21 តើ​មាន​អ្នក​ណា​ដឹង​បាន​ថា វិញ្ញាណ​របស់​មនុស្ស​ឡើង​ទៅ​លើ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្នុង​ដី​វិញ​ឬ​ទេ?

22 ដូច្នេះ យើង​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ តើ​មាន​អ្នក​ណា​អាច​នាំ​មនុស្ស​មក​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​ពី​គេ​ស្លាប់​ទៅ​បាន?

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម