សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្ត សូមឲ្យគេទទួលតាមអំពើដែលដៃរបស់គេធ្វើ សូមតបស្នងឲ្យសមនឹងទោសរបស់គេ។
វិវរណៈ 20:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយបញ្ជីក៏បើកឡើង។ បន្ទាប់មក បញ្ជីមួយទៀត គឺជាបញ្ជីជីវិតក៏បានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងបញ្ជីទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយក្រាំងទាំងឡាយត្រូវបានបើកឡើង។ រួចមានក្រាំងមួយទៀតត្រូវបានបើកឡើងដែរ ជាក្រាំងនៃបញ្ជីជីវិត។ មនុស្សស្លាប់ត្រូវបានជំនុំជម្រះតាមសេចក្ដីដែលមានសរសេរទុកនៅក្នុងក្រាំងទាំងនោះ ស្របតាមការប្រព្រឹត្តរបស់ពួកគេ។ Khmer Christian Bible ខ្ញុំបានឃើញមនុស្សស្លាប់ទាំងតូច ទាំងធំ ឈរនៅពីមុខបល្ល័ង្ក ហើយសៀវភៅជាច្រើនក៏ត្រូវបានបើកឡើង រួចសៀវភៅមួយទៀតដែលជាបញ្ជីជីវិត ក៏ត្រូវបានបើកឡើងដែរ។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះពីការទាំងឡាយដែលបានកត់ទុកក្នុងសៀវភៅទាំងនោះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច ឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន អាល់គីតាប ខ្ញុំក៏ឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូចឈរនៅមុខបល្ល័ង្ក ហើយមានក្រាំងជាច្រើនបើកជាស្រេច មានក្រាំងមួយទៀតបើកដែរ គឺក្រាំងនៃបញ្ជីជីវិត។ ទ្រង់ដែលនៅលើបល្ល័ង្ក ទ្រង់វិនិច្ឆ័យទោសមនុស្សស្លាប់ទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ដ ដូចមានកត់ត្រាទុកក្នុងក្រាំងទាំងនោះស្រាប់។ |
សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្ត សូមឲ្យគេទទួលតាមអំពើដែលដៃរបស់គេធ្វើ សូមតបស្នងឲ្យសមនឹងទោសរបស់គេ។
ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។
បើអ្នកថា «មើល៍! យើងមិនបានដឹងទេ» តើមិនមែនព្រះអង្គទេ ដែលថ្លឹងមើលចិត្ត និងជ្រាបទាំងអស់? តើមិនមែនព្រះអង្គទេដែលថែរក្សាព្រលឹងអ្នក ក៏ស្គាល់អ្នកច្បាស់? ហើយតើព្រះអង្គមិនសងដល់មនុស្សទាំងឡាយ តាមការដែលគេប្រព្រឹត្តទេឬ?
កុំឲ្យពោលដូច្នេះឡើយថា យើងនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់យើងដែរ យើងនឹងសង់ដល់អ្នកនោះតាមការ ដែលគេបានប្រព្រឹត្តរួចហើយ។
ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
ព្រះអង្គប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិធ្វើការផ្សេងៗ ព្រះនេត្ររបស់ព្រះអង្គទតឃើញយើង ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។
មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។
ដោយសង្ឃឹមដល់ព្រះ ដែលអស់លោកទាំងនេះក៏យល់ព្រមដែរ គឺថា នឹងមានការរស់ឡើងវិញទាំងអស់ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំងពីរនោះ ដែលបានតតាំងជាមួយខ្ញុំ ក្នុងដំណឹងល្អផង ហើយលោកក្លេមេន និងគូកនខ្ញុំផ្សេងទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។
សត្វដែលអ្នកបានឃើញនោះ ពីដើមវាមាន តែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីជង្ហុកធំមក រួចត្រូវវិនាសបាត់ទៅ។ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតពិភពលោកមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន ហើយដែលត្រូវមកនោះ។
មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អស់ទាំងអ្នកបម្រើ និងពួកអ្នកដែលកោតខ្លាចព្រះ ទាំងធំទាំងតូចអើយ ចូរសរសើរព្រះនៃយើង!»។
យើងនឹងសម្លាប់កូនចៅរបស់នាង ហើយក្រុមជំនុំទាំងអស់នឹងដឹងថា គឺយើងនេះហើយដែលស្ទង់មើលចិត្តគំនិត យើងនឹងសងអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។