Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


បេសកកម្ម​របស់​សិស្ស​ចិត‌សិប​នាក់

1 ក្រោយ​មក ព្រះ‌អម្ចាស់​តម្រូវ​ចិត‌សិប​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ មួយ​គូៗ​ទៅ​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ព្រះ‌អង្គ​បម្រុង​យាង​ទៅ។

2 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ ដូច្នេះ ចូរ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ។

3 ទៅ​ចុះ មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​កូន​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក

4 កុំ​យក​កាបូប ថង់​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ដែរ។

5 ឯ​ផ្ទះ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ មុន​ដំបូង​ត្រូវ​ថា សូម​ឲ្យ​ផ្ទះ​នេះ​បាន​សេចក្តី​សុខ‌សាន្ត

6 បើ​នៅ​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​សេចក្តី​សុខ‌សាន្ត នោះ​សេចក្តី​សុខ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​នោះ តែបើ​គ្មាន​ទេ សេចក្តី​សុខ​នោះ​នឹង​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។

7 ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិ‌ភោគ​របស់​អ្វីៗ​ដែល​គេ​ឲ្យ​ចុះ ព្រោះ​អ្នក​ដែល​ធ្វើ​ការ គួរ​នឹង​បាន​ប្រាក់​ឈ្នួល។ កុំ​ឲ្យ​ផ្លាស់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។

8 ឯ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​រាក់​ទាក់​ទទួល ចូរ​បរិ‌ភោគ​របស់​អ្វីៗដែល​គេ​លើក​មក​ឲ្យ​ចុះ

9 ទាំង​មើល​ពួក​អ្នក​ឈឺ​ក្នុង​ភូមិ​នោះ​ឲ្យ​ជា​ផង ហើយ​ប្រាប់​គេ​ថា "ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ជិត​អ្នក​រាល់​គ្នា​ហើយ"

10 តែ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ហើយ​គេ​មិន​ទទួល​ទេ នោះ​ចូរ​ចេញ​ទៅ​ផ្លូវ ហើយ​និយាយ​ថា៖

11 "ទោះ​ទាំង​ធូលី​ដី​ក្នុង​ភូមិ​អ្នក​រាល់​គ្នា ដែល​ជាប់​នៅ​ជើង​យើង ក៏​យើង​រលាស់​ចេញ​ទាស់​នឹង​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ ត្រូវ​ដឹង​សេចក្តី​នេះ​ថា ព្រះរាជ្យ​របស់​ព្រះ​មក​ជិត​ហើយ"។

12 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​នោះ ក្រុង​សូដុម​នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ភូមិ​នោះ។


វេទនា​ដល់​ក្រុង​នានា​ដែល​មិន​ព្រម​ប្រែ​ចិត្ត

13 វេទនា​ដល់​ឯង ក្រុង​ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង ក្រុង​បេត‌សៃដា​អើយ ព្រោះ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​ប្រែ​ចិត្ត ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ អង្គុយ​ក្នុង​ផេះ​ផង។

14 ដូច្នេះ នៅ​ថ្ងៃ​ជំនុំ‌ជម្រះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ ជា​ជាង​ឯង​រាល់​គ្នា។

15 អ្នក​ក្រុង​កាពើ‌ណិម​អើយ តើ​ឯង​នឹង​តម្កើង​ឡើង​ដល់​ស្ថាន‌សួគ៌​ឬ? ឯង​នឹង​ត្រូវ​ទម្លាក់ចុះដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ»។

16 អ្នក​ណា​ដែល​ស្តាប់​អ្នក​រាល់​គ្នា អ្នកនោះ​ស្តាប់​ខ្ញុំ តែ​អ្នក​ណា​ដែល​មើល​ងាយ​អ្នក​រាល់​គ្នា អ្នក​នោះ​ក៏​មើល​ងាយ​ខ្ញុំដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ខ្ញុំ អ្នក​នោះ​មើល​ងាយ​ដល់​ព្រះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។


សិស្ស​ចិតសិប​នាក់​វិល​ត្រឡប់​មក​វិញ

17 ពួក​សិស្ស​ចិត‌សិប​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា​ដែរ»។

18 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក​ដូច​ជា​ផ្លេក​បន្ទោរ

19 មើល៍! ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ។

20 ប៉ុន្តែ កុំ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​នឹង​អ្នក​រាល់​គ្នា​នោះ​ឡើយ តែត្រូវ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ
(ម៉ាថាយ ១១.២៥-២៧ , ១៣.១៦-១៧ )

21 នៅ​វេលា​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​រីក‌រាយ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​លាក់​សេចក្តី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ និង​ពួក​ឈ្លាស‌វៃ តែ​បាន​សម្តែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ ពិត​មែន​ហើយ​ព្រះ‌វរបិតា​អើយ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ដូច្នោះ។

22 គ្រប់​សេចក្តី​ទាំង​អស់​សុទ្ធ​តែ​បាន​ប្រទាន​មក​ខ្ញុំ ពី​ព្រះ‌វរបិតា​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌រាជ​បុត្រា​ទេ មាន​តែ​ព្រះ‌វរបិតាមួយ​ប៉ុណ្ណោះ ក៏​គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌វរបិតា​ដែរ មាន​តែ​ព្រះ‌រាជ​បុត្រា និង​អ្នក​ណា​ដែល​ព្រះ‌រាជ​បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យ បើក​ឲ្យ​ស្គាល់ព្រះ‌អង្គ​ប៉ុណ្ណោះ»។

23 ព្រះ‌អង្គ​ក៏​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ដោយ​ឡែក​ថា៖ «មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ

24 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា និង​ស្តេច​ជា​ច្រើន ប្រាថ្នា​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ»។


រឿង​ប្រៀប​ធៀប​អំពី​អ្នក​ស្រុក​សាម៉ារី​ម្នាក់​មាន​ចិត្ដ​សប្បុរស

25 នៅ​គ្រា​នោះ មាន​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ឈរ​ឡើង ទូល​ល្បង​ទ្រង់​ថា៖ «លោក​គ្រូ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជានិច្ច?»

26 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​ក្នុង​ក្រឹត្យ‌វិន័យ មាន​ចែង​អ្វី​ខ្លះ? តើ​អ្នក​មើល​យល់​ដូច​ម្តេច»?

27 អ្នក​នោះ​ទូល​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​កម្លាំង ហើយ​អស់​ពី​គំនិត​អ្នក ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ»

28 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត»។

29 ប៉ុន្ដែ អ្នក​នោះ​ចង់​សម្តែង​ថាខ្លួន​សុចរិត ក៏​ទូល​សួរ​ទៀត​ថា៖ «តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ?»

30 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូ‌សាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​នៅទ្រម

31 ជួន​ជា​មាន​សង្ឃ​មួយ​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ

32 ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ​ហើយ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត

33 តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្តួល​អាណិត​ដល់​គាត់

34 ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ​ទាំ​រក្សា​គាត់។

35 ស្អែក​ឡើង​កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​ពីរ​ដេណារី ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា "ចូរ​ថែ​រក្សា​អ្នក​នេះ​ផង ហើយបើ​អ្នក​ចំណាយ​លើស​ពី​នេះ ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក"។

36 ដូច្នេះ ក្នុង​បី​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ?»

37 អ្នក​នោះ​ឆ្លើយ​ថា៖ «គឺ​អ្នក​មួយ​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង»។ ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ»។


ព្រះ‌យេស៊ូវ​យាង​ទៅ​ផ្ទះ​នាង​ម៉ាថា និង​នាង​ម៉ារា

38 កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​មួយ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​យាង​ព្រះ‌អង្គចូល​ទៅ​ក្នុង​ផ្ទះ។

39 នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់

40 ឯ​ម៉ាថា​វិញ នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់​ឲ្យ​ខ្វល់‌ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ? សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។

41 ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​ខ្វល់​ខ្វាយ ហើយរវល់​នឹង​កិច្ច‌ការ​ច្រើនណាស់

42 មាន​សេចក្តី​តែ​មួយ​ទេ ដែល​សម្រាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​យក​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម