ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅ‌សោក​ឥឡូវ​នេះ​ចុះ

សូមមើលជំពូក

អាល់គីតាប

«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា

សូមមើលជំពូក



យ៉ូអែល 2:12
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ដែល​រាប់​ចំនួន​ប្រជាជន​ហើយ នោះ​ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​នៃ​ការ​អា‌ក្រក់​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់»។


ដូច្នេះ ពួក​រត់​សំបុត្រ​ក៏​ទទួល​យក​សំបុត្រ​ពី​ព្រះ‌ហស្ត​ស្តេច និង​ពី​ពួក​អ្នក​ជា​ប្រធាន ចេញ​ទៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា តាម​បង្គាប់​ស្តេច​ដោយ​ពាក្យ​ថា៖ «ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​វិល​មក​សំណល់​ពួក​អ្នក​រាល់​គ្នា ដែល​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ។


សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ជា​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​បង្រៀន​ឲ្យ​គេ​ដឹង​ផ្លូវ​ណា​ល្អ ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ទុក​ជា​មត៌ក​ផង។


«សូម​ទៅ​ប្រមូល​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​ឃើញ​មាន​នៅ​ក្រុង​ស៊ូសាន ឲ្យ​ប្រជុំ​គ្នា​តម​អាហារ​សម្រាប់​ខ្ញុំ កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​រវាង​បី​ថ្ងៃ ឯ​ខ្ញុំ និង​ពួក​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​អាហារ​ដែរ។ បន្ទាប់​មក ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់ ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង បើ​យើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​តែ​មួយ​ភ្លែត នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​មិន​ខាន។ ដូច្នេះ ចូរ​ដោះ​គ្រឿង​លម្អ​ពី​ខ្លួន​អ្នក​រាល់​គ្នា​ចេញ ដើម្បី​ឲ្យ​យើង​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​អ្នក​រាល់​គ្នា»។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា ឲ្យ​មក​យំ ឲ្យ​មក​សោយ‌សោក កោរ​សក់ ហើយ​ស្លៀក​សំពត់​ធ្មៃ


មើល៍ អ្នក​រាល់​គ្នា​តម​អត់​ឲ្យ​តែ​បាន​រឿង​ជជែក និង​ការ​ទាស់​ទែង​គ្នា វាយ​ដំ​ដោយ​អំពើ​អាក្រក់​ប៉ុណ្ណោះ ការ​ដែល​អ្នក​តម​អត់​នៅពេល​នេះ គឺ​មិន​មាន​ប្រយោជន៍​ឲ្យ​សំឡេង​អ្នក បាន​ឮ​ទៅ​ដល់​ស្ថាន​លើ​ឡើយ។


ឱ​ពួក​កូន​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មើល​អស់​ទាំង​អំពើ​រា​ថយ​របស់​អ្នក ឲ្យ​បាន​ជា​ឡើង​វិញ»។ យើង​ខ្ញុំ​រាល់​គ្នា​មក​រក​ព្រះ‌អង្គ​ហើយ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា។


ប្រហែល​ជា​គេ​នឹង​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន​ទេ​ដឹង ដ្បិត​សេចក្ដី​ក្រោធ និង​សេចក្ដី​ឃោរ‌ឃៅ ដែល​ព្រះ‌យេហូវ៉ា​បាន​ពោល​ទាស់​នឹង​សាសន៍​នេះ នោះ​ធ្ងន់​ក្រៃ‌លែង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​មក​វិញ ឱ​ពួក​អ៊ីស្រា‌អែល​អើយ បើ​អ្នក​មក​រក​យើង ហើយ​លះ‌បង់​អំពើ​គួរ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បំបរ‌បង់​ទេ


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ។ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់?


ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។


ដូច្នេះ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក​វិញ​ចុះ ចូរ​កាន់ចិត្ត​សប្បុ‌រស និង​យុត្តិ‌ធម៌ ហើយ​រង់​ចាំ​ព្រះ​របស់​អ្នក​ជា‌និច្ច​ផង។


ផ្ទុយ​ទៅ​វិញ គេ​ប្រៀប​ដូច​ជា ឈ្មួញ​ដែល​មាន​ល្បិច​កល គេ​ប្រើ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ។


ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។


ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ទួញ​យំ​ទៅ ឱ​ពួក​អ្នក​ដែល​បម្រើ​ការ‌ងារនៅ​អាសនា​អើយ ចូរ​ទ្រហោរ​យំ​ទៅ ឱ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​ចូល​មក ចូរ​ដេក​ឃ្លុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ​ពេញ​មួយ​យប់ទៅ ដ្បិត​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់ នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។


ហើយ​សួរ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​សួរ​ពួក​ហោរា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​យំ ហើយ​តម​អាហារ​នៅ​ខែ​ទី​ប្រាំ ដូច​ជា​យើង​ធ្លាប់​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ឬ?»


ចូរ​ប្រាប់​ប្រជាជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា ពេល​ណា​ឯង​រាល់​គ្នា​បាន​តមអាហារ ហើយ​យំ​សោក​នៅ​ខែទី​ប្រាំ និង​ខែ​ទីប្រាំពីរ គ្រប់​ទាំង​ចិត​សិប​ឆ្នាំ​មក​នេះ តើ​បាន​តម​អាហារ​ដោយ​គោរព​ដល់យើង​មែន​ឬ?


ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង។ ការ​ទាំង​អស់​នេះ​កើត​ឡើង​ដោយ‌សារ​អ្នក​រាល់​គ្នា ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ទទួល​អ្នក​រាល់​គ្នា​ដោយ​រាក់​ទាក់​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


គឺ​ទូល​បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​មុន​គេ បន្ទាប់មក នៅ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​ទាំង​មូល ហើយ​ដល់​សាសន៍​ដទៃ​ដែរ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​រក​ព្រះ ទាំង​ប្រព្រឹត្ត​អំពើដែល​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ផង។


កាល​ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ហើយ គេ​ក៏​នាំ​គ្នា​ទ្រហោ​យំ។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


នៅ​វេលា​នោះ លោកសាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​តម្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​តែ​មួយ ព្រះ‌អង្គ​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។


គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។