មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
យ៉ូស្វេ 22:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ត្រូវប្រយ័ត្នឲ្យអស់ពីចិត្ត គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ ដើម្បីស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអង្គ ត្រូវនៅជាប់នឹងព្រះអង្គ ហើយត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីចិត្ត និងអស់ពីព្រលឹងរបស់អ្នក »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងក្រឹត្យវិន័យ ដែលលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គ ត្រូវគោរពបម្រើព្រះអង្គឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែត្រូវប្រយ័តឲ្យអស់ពីចិត្ត នឹងប្រព្រឹត្តតាមបញ្ញត្ត ហើយនឹងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបំរើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង អាល់គីតាប ប៉ុន្តែ ចូរប្រុងប្រយ័ត្នឲ្យមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និងហ៊ូកុំ ដែលម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា បានប្រគល់ឲ្យ: គឺត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ទ្រង់ ត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ទ្រង់ ត្រូវជាប់ចិត្តជាមួយទ្រង់ ត្រូវគោរពបម្រើទ្រង់ឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត»។ |
មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កម្លាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ? ចូរស្តាប់តាមយើងឲ្យអស់ពីចិត្តចុះ នោះអ្នកនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងអ្នកបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស។
យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក"
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ទ្រង់នឹងសង្គ្រោះយើងឲ្យរួចពីកណ្តាប់ដៃ ពួកខ្មាំងសត្រូវរបស់យើង ដើម្បីឲ្យយើងអាចគោរពបម្រើ ព្រះអង្គដោយឥតភ័យខ្លាច
អ្នកណាបម្រើខ្ញុំ ត្រូវមកតាមខ្ញុំ ទោះបីខ្ញុំនៅឯណា អ្នកបម្រើខ្ញុំក៏នឹងនៅទីនោះដែរ បើអ្នកណាបម្រើខ្ញុំ ព្រះវរបិតានឹងលើកមុខអ្នកនោះ»។
ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច
ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ
ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
«ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ នៅជាប់នឹងព្រះអង្គ ហើយអ្នកត្រូវស្បថក្នុងនាមព្រះអង្គ។
«ដូច្នេះ ត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយកាន់តាមបញ្ជា ច្បាប់ បញ្ញត្តិ និងសេចក្ដីបង្គាប់របស់ព្រះអង្គជានិច្ច។
ប្រសិនបើអ្នករាល់គ្នាធ្វើតាមបទបញ្ជារបស់ព្រះ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺឲ្យស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយគោរពប្រតិបត្តិដល់ព្រះអង្គឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក
ដ្បិតបើអ្នករាល់គ្នាប្រយ័ត្ននឹងកាន់តាមអស់ទាំងបទបញ្ជាដែលខ្ញុំបង្គាប់អ្នករាល់គ្នានេះ ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ
ត្រូវដើរតាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ត្រូវស្តាប់តាមសូរសៀងរបស់ព្រះអង្គ និងត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ។
ប៉ុន្តែ នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយអ្នកនឹងរកព្រះអង្គឃើញ ប្រសិនបើអ្នកស្វែងរកព្រះអង្គអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក ។
ចំណែកឯអ្នករាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះបានរស់នៅរហូតមកដល់សព្វថ្ងៃ។
អ្នករាល់គ្នាត្រូវកាន់ ហើយប្រព្រឹត្តតាមសេចក្ដីទាំងនេះចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា និងជាការយល់ដឹងដល់អ្នករាល់គ្នា នៅចំពោះជាតិសាសន៍នានា ដែលកាលណាគេឮពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ គេនឹងពោលថា "សាសន៍ដ៏ធំនេះពិតជាមនុស្សមានប្រាជ្ញា និងការយល់ដឹងមែន!"។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
ត្រូវកាន់តាមបទបញ្ជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត ព្រមទាំងបន្ទាល់ និងច្បាប់ទាំងឡាយដែលព្រះអង្គបានបង្គាប់មក។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
បងប្អូនស្ងួនភ្ងាអើយ ចូរស្តាប់ចុះ តើព្រះមិនបានរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានខាងជំនឿ ហើយជាអ្នកទទួលមត៌កក្នុងព្រះរាជ្យ ដែលព្រះអង្គបានសន្យាដល់អស់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
គឺត្រូវនៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាបានប្រព្រឹត្តរហូតមកដល់ថ្ងៃនេះ។
គេច្រៀងទំនុករបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ និងទំនុករបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ កិច្ចការរបស់ព្រះអង្គសុទ្ធតែធំ ហើយអស្ចារ្យ! ឱស្តេចនៃជាតិសាសន៍ទាំងឡាយអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងពិតត្រង់!
លោកសាំយូអែលឆ្លើយថា៖ «កុំខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវគោរពបម្រើព្រះយេហូវ៉ាឲ្យអស់ពីចិត្ត។
សូមអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គ ដោយស្មោះត្រង់អស់អំពីចិត្តប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំធេង ដែលព្រះអង្គបានប្រោសដល់អ្នករាល់គ្នា។
នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។