ចោទិយកថា 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 «ប្រសិនបើមានហោរាណាម្នាក់ ឬអ្នកយល់សប្ដិណាកើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា 2 រួចទីសម្គាល់ ឬការអស្ចារ្យដែលអ្នកនោះប្រាប់កើតឡើងមែន ហើយគេនិយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់) 3 នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។ 4 ត្រូវដើរតាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ត្រូវស្តាប់តាមសូរសៀងរបស់ព្រះអង្គ និងត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ។ 5 រីឯហោរា ឬអ្នកយល់សប្តិនោះ នឹងត្រូវសម្លាប់ចោល ព្រោះបានល្បួងឲ្យបះបោរនឹងព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលទ្រង់បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ ព្រមទាំងលោះឲ្យរួចពីផ្ទះដែលអ្នកធ្វើជាទាសករ អ្នកនោះចង់តែទាញអ្នករាល់គ្នាឲ្យបែរចេញពីផ្លូវដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ឲ្យដើរតាម។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ 6 ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់ 7 គឺក្នុងអស់ទាំងព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញអ្នក ទោះជិត ឬឆ្ងាយពីអ្នកក្តី ចាប់តាំងពីចុងផែនដីម្ខាង ដល់ចុងផែនដីម្ខាង 8 នោះមិនត្រូវយល់ព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែករបស់អ្នកអាណិត ឬប្រណី ឬបិទបាំងអ្នកនោះឡើយ។ 9 ផ្ទុយទៅវិញ ត្រូវសម្លាប់អ្នកនោះចេញកុំខាន។ អ្នកត្រូវដាក់ដៃលើអ្នកនោះមុនគេ រួចសឹមបណ្ដាជនទាំងអស់គ្នាតាមក្រោយ ដើម្បីប្រហារអ្នកនោះចោល។ 10 ត្រូវចោលសម្លាប់នឹងថ្ម ដ្បិតអ្នកនោះរកទាញឲ្យអ្នកបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបាននាំអ្នកចេញពីផ្ទះដែលអ្នកធ្វើជាទាសករ នៅស្រុកអេស៊ីព្ទ។ 11 ដូច្នេះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់បែបនេះ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។ 12 ប្រសិនបើអ្នកឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នករស់នៅថា 13 មានមនុស្សទមិឡល្មើសខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយទាញពួកអ្នកក្រុងនោះចេញ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់ 14 នោះត្រូវស៊ើបសួរ ហើយតាមដានរកឲ្យអស់ពីចិត្ត ហើយបើឃើញពិតប្រាកដថា មានអំពើរគួរស្អប់ខ្ពើមកើតឡើងក្នុងចំណោមអ្នករាល់គ្នាដូច្នោះមែន 15 នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ គឺត្រូវបំផ្លាញចេញឲ្យអស់កុំឲ្យសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងរបស់របរទាំងប៉ុន្មាននៅក្នុងទីក្រុងនោះ ហើយទាំងហ្វូងសត្វផង ដោយមុខដាវ។ 16 ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។ 17 មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក 18 ប្រសិនបើអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ |
© 2016 United Bible Societies
Bible Society in Cambodia