យ៉ូស្វេ 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកយ៉ូស្វេរំឭកដាស់តឿនប្រជាជន 1 លុះពេលជាយូរក្រោយមក កាលព្រះយេហូវ៉ាបានប្រទានឲ្យពួកអ៊ីស្រាអែលបានស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ នោះលោកយ៉ូស្វេមានវ័យចាស់ជរាហើយ 2 លោកយ៉ូស្វេបានកោះហៅពួកអ៊ីស្រាអែលទាំងអស់ ពួកចាស់ទុំ ពួកមេដឹកនាំ ពួកចៅក្រម និងពួកនាយករបស់គេឲ្យមក ហើយមានប្រសាសន៍ទៅគេថា៖ «ឥឡូវនេះ ខ្ញុំមានវ័យចាស់ជរាហើយ 3 អ្នករាល់គ្នាក៏បានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានធ្វើដល់សាសន៍ទាំងប៉ុន្មាននេះ ដោយព្រោះអ្នករាល់គ្នា ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាហើយ ដែលបានប្រយុទ្ធដើម្បីអ្នករាល់គ្នា។ 4 មើល៍ ខ្ញុំបានចែកអស់ទាំងទឹកដីរបស់សាសន៍នានាដែលនៅសេសសល់ឲ្យអ្នករាល់គ្នា ទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន រួមទាំងទឹកដីរបស់សាសន៍នានា ដែលខ្ញុំបានវាយបំផ្លាញចេញ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់សមុទ្រធំនៅទិសខាងលិច។ 5 ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នឹងច្រានគេចេញពីមុខអ្នករាល់គ្នា ហើយបណ្តេញគេឲ្យផុតពីភ្នែករបស់អ្នក អ្នករាល់គ្នានឹងចាប់យកស្រុកគេ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យានឹងអ្នក»។ 6 ដូច្នេះ ចូរសម្រេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលបានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេចុះ មិនត្រូវបែរចេញពីសេចក្ដីទាំងនោះ ដោយងាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ 7 ដើម្បីកុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា កុំដំណាលពីឈ្មោះព្រះរបស់គេ កុំយកឈ្មោះព្រះទាំងនោះមកស្បថ កុំគោរពប្រតិបត្តិ ហើយកុំក្រាបថ្វាយបង្គំដល់ព្រះទាំងនោះឡើយ 8 គឺត្រូវនៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាបានប្រព្រឹត្តរហូតមកដល់ថ្ងៃនេះ។ 9 ដ្បិតព្រះយេហូវ៉ាបានបណ្តេញសាសន៍ធំៗ ហើយពូកែ ចេញពីមុខអ្នករាល់គ្នា គ្មានអ្នកណាអាចឈរនៅមុខអ្នករាល់គ្នាបានឡើយ រហូតមកដល់ថ្ងៃនេះ។ 10 មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដេញតាមមនុស្សមួយពាន់នាក់ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ព្រះអង្គច្បាំងជំនួសអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នក។ 11 ដូច្នេះ ចូរប្រយ័ត្នខ្លួនឲ្យអស់ពីចិត្ត ដើម្បីស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ 12 ប៉ុន្ដែ បើអ្នករាល់គ្នាបែរចេញ ទៅភ្ជាប់ខ្លួនជាមួយសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ហើយរៀបការជាមួយគេ គឺអ្នករាល់គ្នាចូលទៅរកគេ ហើយគេចូលមករកអ្នករាល់គ្នា 13 ត្រូវដឹងឲ្យប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងមិនបណ្តេញសាសន៍ទាំងនេះចេញពីមុខអ្នករាល់គ្នាទៀតឡើយ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់អ្នករាល់គ្នា ក៏ជារំពាត់នៅខ្នង និងជាបន្លានៅក្នុងភ្នែករបស់អ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាវិនាសបាត់ពីស្រុកដ៏ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ។ 14 មើល៍ នៅថ្ងៃនេះ ខ្ញុំហៀបនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ហើយអ្នកក៏ដឹងនៅក្នុងចិត្ត និងក្នុងវិញ្ញាណរបស់អ្នកទាំងអស់គ្នាដែរថា អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានសន្យា នោះគ្មានខ្វះណាមួយសោះ ទាំងអស់សុទ្ធតែបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ។ 15 ប៉ុន្តែ គ្រប់ទាំងសេចក្ដីល្អបានសម្រេចដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានសន្យាយ៉ាងណា ព្រះយេហូវ៉ាក៏នឹងនាំអស់ទាំងសេចក្ដីអាក្រក់ មកលើអ្នករាល់គ្នាយ៉ាងនោះដែរ រហូតទាល់តែព្រះអង្គបានបំផ្លាញអ្នករាល់គ្នាចេញពីស្រុកដ៏ល្អនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រទានឲ្យ 16 គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។ |
© 2016 United Bible Societies
Bible Society in Cambodia