១ ពង្សាវតារក្សត្រ 19:11 - អាល់គីតាប ទ្រង់មានបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះអុលឡោះតាអាឡា»។ ទ្រង់កាត់តាមនោះមានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះអុលឡោះតាអាឡា ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងដីដែលរញ្ជួយនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ាយាងទៅតាមទីនោះ ហើយមានខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក មានកក្រើកដី តែព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះ មានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ |
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះអុលឡោះ ជាម្ចាស់របស់អ៊ីស្រអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។
ឱអុលឡោះអើយ! ទ្រង់បានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ទ្រង់ ដើម្បីឲ្យប្រជារាស្ដ្ររបស់ទ្រង់ បានរស់រានឡើងវិញ។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
អុលឡោះតាអាឡាចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ទ្រង់ត្រាស់ហៅម៉ូសាពីលើកំពូលភ្នំ ហើយម៉ូសាក៏ឡើងទៅ។
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្មយើងបានចារឹកហ៊ូកុំ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។
ម៉ូសាចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ គាត់ស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។
បន្ទាប់មក អុលឡោះតាអាឡាបានឆ្លងកាត់ពីមុខម៉ូសា ទាំងប្រកាសថា៖ «អុលឡោះតាអាឡា ជាម្ចាស់ប្រកបដោយចិត្តអាណិតអាសូរ និងប្រណីសន្តោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្តមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។
ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្ដាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។
ខ្ញុំក៏ថ្លែងបន្ទូលតាមបញ្ជារបស់ទ្រង់។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កំរើកចូលជិតគ្នាទៅវិញទៅមក។
អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។
ពេលនោះ ម៉ាឡាអ៊ីកាត់ក៏ពោលមកខ្ញុំទៀតថា៖ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយរសរបស់យើងវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។
ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ ចុះពីសូរ៉កាមកប្រមៀលថ្មចេញពីមាត់ផ្នូរ ហើយអង្គុយលើថ្មនោះថែមទៀតផង។
ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។
ពេលនោះ ក៏កើតការភ័យញាប់ញ័រ នៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្តាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។