១ សាំយូអែល 14 - អាល់គីតាបសម្តេចយ៉ូណាថានមានជ័យជំនះលើពួកភីលីស្ទីន 1 ថ្ងៃមួយសម្តេចយ៉ូណាថាន ជាបុត្រារបស់ស្តេចសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ យ៉ូណាថានមិនបានជំរាបឪពុកទេ។ 2 ស្តេចសូលនៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ 3 រីឯអ្នកដែលពាក់អាវអេផូដ ដើម្បីទូរអាសួរអុលឡោះនៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាអ៊ីមុាំនៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្តេចយ៉ូណាថានចេញទៅទេ។ 4 ច្រកភ្នំដែលសម្តេចយ៉ូណាថានបំរុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវមួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។ 5 ថ្មស្រួចមួយស្ថិតនៅខាងជើងទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។ 6 សម្តេចយ៉ូណាថានប្រាប់ទៅសេនាក្មេងដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកមិនខតាន់ ប្រហែលអុលឡោះតាអាឡាជួយយើង ដ្បិតគ្មានអ្វីរារាំងទ្រង់មិនឲ្យប្រទានជ័យជំនះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្តី!»។ 7 សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្តេចចុះ! កុំបង្អង់ឡើយ ខ្ញុំដើរតាមក្រោយសម្តេចជានិច្ច»។ 8 សម្តេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។ 9 បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះ ហើយពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ 10 ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសំគាល់ឲ្យយើងដឹងថា អុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ»។ 11 អ្នកទាំងពីរបង្ហាញខ្លួនឲ្យពួកខ្សែត្រៀមរបស់ភីលីស្ទីនឃើញ។ ពួកភីលីស្ទីនពោលថា៖ «មើលហ្ន៎! ពួកហេប្រឺចេញពីរូងដែលគេពួនហើយ!»។ 12 ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្តេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្តេចយ៉ូណាថានប្រាប់សេនារបស់គាត់ថា៖ «ឡើងតាមខ្ញុំ អុលឡោះតាអាឡាប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលហើយ»។ 13 សម្តេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចក៏វារឡើងតាមក្រោយដែរ។ សម្តេចយ៉ូណាថានវាយផ្តួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធ ក៏សម្លាប់ពួកគេតាមក្រោយ។ 14 នៅគ្រាដំបូងសម្តេចយ៉ូណាថាន និងសេនាបានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។ 15 ពេលនោះ ក៏កើតការភ័យញាប់ញ័រ នៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្តាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។ 16 ពួកអ្នកយាមល្បាតរបស់ស្តេចសូល នៅក្រុងគីបៀរ ក្នុងស្រុកពុនយ៉ាមីន ក៏បានឃើញកងទ័ពភីលីស្ទីនរត់បែកខ្ញែកគ្នាទៅគ្រប់ទិសទីដែរ។ 17 ស្តេចសូលបានបញ្ជា ទៅកាន់ទាហាន ដែលនៅជាមួយគាត់ថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្តេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេច។ 18 ស្តេចសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់អុលឡោះមក!»។ នៅគ្រានោះហិបរបស់អុលឡោះស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល។ 19 ពេលស្តេចសូលកំពុងតែបញ្ជាទៅកាន់អ៊ីមុាំ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ស្តេចសូលក៏ប្រាប់អ៊ីមុាំថា៖ «ចូរដកដៃមកវិញ»។ 20 ស្តេចសូល និងទាហានទាំងអស់ដែលនៅជាមួយគាត់ បានប្រមូលគ្នា រួចចេញទៅដល់ទីលានប្រយុទ្ធ។ ម្នាក់ៗកាន់ដាវចូលប្រឡូកច្បាំង ហើយសភាពច្របូកច្របល់ក៏កើតមានយ៉ាងខ្លាំងឥតឧបមា។ 21 មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រអែល ដែលនៅជាមួយស្តេចសូល និងសម្តេចយ៉ូណាថាន។ 22 ទាហានអ៊ីស្រអែលទាំងប៉ុន្មាន ដែលលាក់ខ្លួននៅតាមតំបន់ភ្នំអេប្រាអ៊ីមដឹងថា ពួកភីលីស្ទីនបាក់ទ័ព នោះក៏ចេញមកដេញតាមប្រហារពួកគេដែរ។ 23 នៅថ្ងៃនោះ អុលឡោះតាអាឡាបានសង្គ្រោះជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។ ទាហានអ៊ីស្រអែលជួយសម្តេចយ៉ូណាថានឲ្យរួចជីវិត 24 នៅថ្ងៃនោះ ទាហានអ៊ីស្រអែលត្រូវវេទនា ព្រោះស្តេចសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ហេតុនេះក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។ 25 ពួកគេទាំងអស់គ្នាបានទៅដល់ក្នុងព្រៃ ត្រង់កន្លែងមួយដែលមានសំបុកឃ្មុំនៅផ្ទាល់នឹងដី។ 26 ពេលពួកទាហានចូលដល់ក្នុងព្រៃ ឃើញទឹកឃ្មុំហូរដូច្នេះ គ្មានអ្នកណាម្នាក់ហ៊ានយកដៃ ទៅកៀរទឹកឃ្មុំនោះដាក់ក្នុងមាត់ឡើយ ព្រោះពួកគេគោរពពាក្យសម្បថ។ 27 សម្តេចយ៉ូណាថានពុំដឹងថា ឪពុកបានឲ្យពួកទាហានស្បថទេ។ សម្តេចក៏យកដំបងដែលគាត់កាន់នោះចាក់ទៅលើសំបុកឃ្មុំ ឆ្កឹះដាក់ក្នុងមាត់ ហើយសម្តេចមានទឹកមុខស្រស់បស់។ 28 ពេលនោះ ទាហានម្នាក់ប្រាប់សម្តេចយ៉ូណាថានថា៖ «ឪពុករបស់សម្តេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្តាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។ 29 សម្តេចយ៉ូណាថានពោលថា៖ «ឪពុករបស់ខ្ញុំបាននាំឲ្យពួកយើងកើតកង្វល់ហើយ។ មើល! ខ្ញុំមានទឹកមុខស្រស់បស់ ព្រោះតែបានភ្លក់ទឹកឃ្មុំនេះបន្តិច។ 30 ថ្ងៃនេះ ប្រសិនបើទាហានទាំងអស់បរិភោគអាហារដែលរឹបអូសយកបានពីខ្មាំងនោះ ប្រហែលជាពួកភីលីស្ទីន ទទួលបរាជ័យធ្ងន់ធ្ងរជាងនេះទៅទៀត!»។ 31 នៅថ្ងៃនោះ ពួកគេវាយប្រហារពួកភីលីស្ទីនចាប់តាំងពីមីកម៉ាស់ រហូតដល់អាយ៉ាឡូន។ ពួកទាហានមានការហេវហត់យ៉ាងខ្លាំង 32 ក៏ស្ទុះតម្រង់ទៅរកជ័យភ័ណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោមកអារក សម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម។ 33 មានគេជម្រាបស្តេចសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងអុលឡោះតាអាឡា ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ស្តេចសូលបានបញ្ជាថា៖ «អ្នករាល់គ្នាក្បត់អុលឡោះតាអាឡាហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំ មកឲ្យខ្ញុំភ្លាម»។ 34 បន្ទាប់មក ស្តេចបញ្ជាទៀតថា៖ «ចូរនាំគ្នាទៅក្នុងចំណោមទាហាន ប្រាប់ពួកគេទាំងអស់គ្នាឲ្យយកគោ និងចៀមរបស់ខ្លួនមក ហើយអារកសម្លាប់នៅលើថ្មនេះរួចនាំគ្នាបរិភោគទៅ។ ធ្វើដូច្នេះ អ្នករាល់គ្នាមិនប្រព្រឹត្តអំពើបាបប្រឆាំងនឹងអុលឡោះតាអាឡា ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាមនេះឡើយ»។ នៅយប់នោះ ពួកទាហានទាំងអស់បាននាំយកគោរបស់ខ្លួនមក ហើយអារកសម្លាប់នៅទីកន្លែងនោះ។ 35 ស្តេចសូលបានសង់អាសនៈមួយជូនអុលឡោះតាអាឡា គឺជាអាសនៈដំបូងបង្អស់ ដែលស្តេចសង់ជូនទ្រង់។ 36 ស្តេចសូលបានបញ្ជាថា៖ «យប់នេះ ចូរយើងនាំគ្នាដេញតាមពួកភីលីស្ទីន ហើយរឹបអូសយកទ្រព្យសម្បត្តិពីពួកគេរហូតដល់ថ្ងៃរះ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ»។ ពួកទាហានជម្រាបស្តេចវិញថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ ប៉ុន្តែ អ៊ីមុាំនិយាយថា៖ «យើងគួរតែទូរអាសួរអុលឡោះសិន»។ 37 ស្តេចសូលទូរអាសួរអុលឡោះថា៖ «តើខ្ញុំអាចដេញតាមពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកនោះមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលឬទេ?»។ ប៉ុន្តែ នៅថ្ងៃនោះ អុលឡោះពុំមានបន្ទូលឆ្លើយតបឡើយ។ 38 ស្តេចសូលមានប្រសាសន៍ថា៖ «សុំអស់លោកដែលជាមេដឹកនាំរបស់ប្រជាជនអញ្ជើញចូលមក! សុំអស់លោកពិនិត្យឲ្យម៉ត់ចត់មើល តើថ្ងៃនេះពួកយើងបានប្រព្រឹត្តអំពើបាបអ្វី?។ 39 ខ្ញុំសុំស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បហើយជាម្ចាស់សង្គ្រោះជនជាតិអ៊ីស្រអែលថា បើអ្នកណាម្នាក់ប្រព្រឹត្តខុស អ្នកនោះនឹងមានទោសដល់ជីវិត ទោះបីយ៉ូណាថានជាកូនរបស់ខ្ញុំក៏ដោយ»។ នៅក្នុងជួរទ័ពទាំងមូលគ្មាននរណាម្នាក់ឆ្លើយតបទេ។ 40 ស្តេចសូលមានប្រសាសន៍ទៅកាន់កងទ័ពអ៊ីស្រអែលទាំងមូលថា៖ «ចូរអ្នករាល់គ្នាឈរនៅម្ខាងទៅ ចំណែកយ៉ូណាថាន ជាកូនខ្ញុំ និងខ្ញុំឈរនៅម្ខាង»។ ពួកទាហានប្រាប់ថា៖ «សូមសម្រេចតាមតម្រិះរបស់ស្តេចចុះ»។ 41 ស្តេចសូលសូមអុលឡោះតាអាឡាថា៖ «ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! សូមសំដែងឲ្យយើងខ្ញុំស្គាល់ការពិតផង!»។ ពេលនោះ គេផ្សងចំលើសម្តេចយ៉ូណាថាន និងស្តេចសូល។ ដូច្នេះ ពួកទាហានក៏រួចខ្លួន។ 42 ស្តេចសូលមានប្រសាសន៍ទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងកូនខ្ញុំមើល៍» នោះក៏ចំលើសម្តេចយ៉ូណាថាន។ 43 ស្តេចសូលសួរទៅកាន់សម្តេចយ៉ូណាថានថា៖ «ចូរប្រាប់ឪពុកមើល៍ តើកូនបានធ្វើអ្វី?»។ សម្តេចយ៉ូណាថានក៏រៀបរាប់ប្រាប់ឪពុក តាមដំណើររឿង ជាហូរហែថា៖ «ខ្ញុំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលខ្ញុំកាន់។ ឥឡូវនេះ ខ្ញុំសុខចិត្តស្លាប់ហើយ!»។ 44 ស្តេចសូលមានប្រសាសន៍ថា៖ «យ៉ូណាថានអើយកូនត្រូវតែស្លាប់! បើមិនដូច្នោះទេ សូមអុលឡោះដាក់ទោសឪពុកយ៉ាងធ្ងន់ទៅ!»។ 45 ពួកទាហានជម្រាបស្តេចសូលថា៖ «សម្តេចយ៉ូណាថានមិនត្រូវស្លាប់ឡើយ! ដ្បិតសម្តេចទេតើដែលដណ្តើមបានជ័យជំនះដ៏ធំធេងនេះ ឲ្យប្រជាជាតិអ៊ីស្រអែល។ យើងខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា យើងខ្ញុំមិនព្រមឲ្យសក់មួយសរសៃជ្រុះពីសម្តេចឡើយ ដ្បិតអុលឡោះបានជួយសម្តេចឲ្យប្រព្រឹត្តដូច្នេះ នៅថ្ងៃនេះ»។ ពួកទាហានក៏បានសង្គ្រោះសម្តេចយ៉ូណាថានឲ្យរួចពីស្លាប់។ 46 បន្ទាប់មក ស្តេចសូលឈប់ដេញតាមពួកភីលីស្ទីន ហើយពួកនោះក៏វិលត្រឡប់ទៅស្រុករបស់គេវិញ។ ជ័យជំនះរបស់ស្តេចសូល និងរាជវង្ស 47 ក្រោយពេលដែលស្តេចសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រអែលហើយ គាត់បានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្តេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្តេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។ 48 ស្តេចសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រអែលឲ្យរួចផុតពីកណ្តាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។ 49 បុត្រារបស់ស្តេចសូល មាន យ៉ូណាថាន យីសវី និងម៉ាល់គីស៊ូអា។ រីឯបុត្រីទាំងពីររបស់ស្តេចសូល គឺម្រ៉ាបជាបុត្រីច្បង និងមិកាល់ជាបុត្រីពៅ។ 50 ភរិយារបស់ស្តេចសូលឈ្មោះអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្តេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ស្តេចសូល។ 51 លោកគីសជាឪពុករបស់ស្តេចសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ អ្នកទាំងពីរត្រូវជាកូនរបស់លោកអបៀល។ 52 ក្នុងមួយជីវិត ស្តេចសូលធ្វើសង្គ្រាមយ៉ាងសាហាវជាមួយនឹងពួកភីលីស្ទីន។ ហេតុនេះហើយ បានជាស្តេចសូលតែងតែសង្កេតរកមើលជនណាដែលមានកម្លាំងខ្លាំងក្លា និងទឹកចិត្តអង់អាច ដើម្បីយកមកធ្វើជាពលទ័ពរបស់គាត់។ |
© 2014 United Bible Societies, UK.
United Bible Societies