សូមលើកតម្កើងនាមដ៏រុងរឿង របស់ទ្រង់រហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ទ្រង់! អាម៉ីន! អាម៉ីន!
រ៉ូម 1:25 - អាល់គីតាប ពួកគេនិយមព្រះក្លែងក្លាយ ជាជាងអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលអុលឡោះបង្កើត មកជំនួសគោរពបម្រើអុលឡោះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងអុលឡោះអស់កល្បជានិច្ច! អាម៉ីន!។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានជំនួសសេចក្ដីពិតរបស់ព្រះ ដោយសេចក្ដីកុហក ហើយថ្វាយបង្គំ និងបម្រើអ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាងព្រះអង្គដែលនិម្មិតបង្កើត។ ព្រះអង្គសមនឹងទទួលការលើកតម្កើងជារៀងរហូត! អាម៉ែន។ Khmer Christian Bible ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់ យកសេចក្ដីភូតភរ ហើយបានថ្វាយបង្គំ និងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើង ជាជាងព្រះដែលបានបង្កើត និងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច អាម៉ែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានផ្លាស់សេចក្ដីពិតនៃព្រះ ឲ្យទៅជាសេចក្ដីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន |
សូមលើកតម្កើងនាមដ៏រុងរឿង របស់ទ្រង់រហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ទ្រង់! អាម៉ីន! អាម៉ីន!
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
យេរូសាឡឹមអើយ នេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នក ដ្បិតអ្នកបានបំភ្លេចយើង ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
អុលឡោះតាអាឡាមានបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ហ៊ូកុំរបស់យើងជាអុលឡោះតាអាឡា ហើយមិនកាន់តាមហ៊ូកុំរបស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។
តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី? គេប្រើរូបដែលធ្វើពីលង្ហិន ដើម្បីប្រៀនប្រដៅបោកប្រាស់។ ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើ ព្រះក្លែងក្លាយ មិនចេះនិយាយស្ដី ជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
«អ្នកណាស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួន ខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើអុលឡោះផង ហើយគោរពបម្រើទ្រព្យសម្បត្តិ ទុកជាម្ចាស់ផងបានឡើយ»។
អុលឡោះសំដែងកំហឹងពីសូរ៉កាមក ប្រឆាំងនឹងការមិនគោរពប្រណិប័តន៍ ទ្រង់ប្រឆាំងនឹងអំពើទុច្ចរិតគ្រប់យ៉ាងដែលមនុស្សលោកប្រព្រឹត្ដ ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្ដីពិតមិនឲ្យលេចចេញមក
គេមិនបានលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដែលនៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។
មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
អុលឡោះដែលជាបិតារបស់អ៊ីសាជាអម្ចាស់ ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំមិននិយាយកុហកទេ (សូមលើកតម្កើងទ្រង់អស់កល្បជានិច្ច!)។
សូមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ក្នុងក្រុមជំអះ និងក្នុងអាល់ម៉ាហ្សៀសអ៊ីសា នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកអុលឡោះ ដើម្បីគោរពបម្រើទ្រង់ដែលនៅអស់កល្ប និងជាម្ចាស់ដ៏ពិតប្រាកដ។
ស្របតាមដំណឹងល្អ ស្ដីអំពីអុលឡោះប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលទ្រង់បានផ្ញើទុកនឹងខ្ញុំ។
សូមឲ្យស្តេច ដែលនៅអស់កល្បជានិច្ច ជាអុលឡោះជាម្ចាស់តែមួយ មានជីវិតមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ជាមនុស្សមានចិត្ដក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្ដសប្បាយជាជាងស្រឡាញ់អុលឡោះ។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។