យ៉ូស្វេ 10:25 - អាល់គីតាប យ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតអុលឡោះតាអាឡានឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេមានប្រសាសន៍ទៅពួកគេថា៖ «មិនត្រូវភ័យខ្លាច ឬស្រយុតចិត្តឡើយ ត្រូវមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ានឹងធ្វើបែបនេះចំពោះខ្មាំងសត្រូវទាំងអស់ ដែលអ្នកត្រូវតតាំងនឹងគេ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ូស្វេប្រាប់គេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ត្រូវឲ្យមានកំឡាំង នឹងចិត្តក្លាហានឡើង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងធ្វើយ៉ាងនេះ ដល់ខ្មាំងសត្រូវទាំងអស់ ដែលឯងត្រូវតតាំងនឹងគេដែរ |
អុលឡោះតាអាឡាអើយ ខ្ញុំរំលឹកឡើងវិញ នូវស្នាដៃរបស់ទ្រង់ ខ្ញុំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលទ្រង់បានធ្វើកាលពីជំនាន់ដើម។
ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយអុលឡោះជាអម្ចាស់ដែលបានស្រឡាញ់យើង។
អុលឡោះបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយទ្រង់ក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ទ្រង់នឹងរំដោះយើងទៀតជាមិនខាន។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
អ្នកឃើញស្រាប់ហើយថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានធ្វើឲ្យមានគ្រោះកាចដ៏ធំៗ ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យ ព្រមទាំងអំណាច និងតេជានុភាព ដើម្បីនាំអ្នកចេញពីស្រុកអេស៊ីប។ ដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ក៏ប្រព្រឹត្តបែបនេះចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកនឹកខ្លាចដែរ។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះឲ្យគ្រប់គ្រងស្រុកដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់ឲ្យពួកគេ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។
ទតពោលបន្តទៀតថា៖ «អុលឡោះតាអាឡាតែងតែជួយខ្ញុំ ឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ទ្រង់មុខជាជួយខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ស្តេចសូលបានបញ្ជាទៅកាន់ទតថា៖ «ទៅចុះ! សូមអុលឡោះតាអាឡានៅជាមួយអ្នក»។