យេរេមា 8:16 - អាល់គីតាប សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សំរែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក និងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុក ព្រមទាំងទីក្រុង និងពួកអ្នកនៅក្នុងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានឮសូរឃីសនៃសេះរបស់គេចេញពីដាន់មក កាលណាឮសូរសេះខ្លាំងពូកែរបស់គេស្រែកកញ្ជ្រៀវ នោះផែនដីទាំងអស់ក៏ញ័រ ដ្បិតគេបានមកហើយ គេបានស៊ីលេបស្រុក នឹងរបស់ទាំងប៉ុន្មានដែលនៅក្នុងស្រុកផង ព្រមទាំងទីក្រុង នឹងពួកអ្នកនៅក្នុងនោះដែរ |
ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ!
សូមបំបែរកំហឹងរបស់ទ្រង់ ទៅលើប្រជាជាតិនានាដែលពុំស្គាល់ទ្រង់ ទៅលើប្រជាជនទាំងឡាយដែលពុំគោរពបម្រើ នាមរបស់ទ្រង់! ដ្បិតពួកគេបានលេបបំបាត់ពូជពង្ស របស់យ៉ាកកូប ពួកគេបំបាត់ពូជសាសន៍នេះ ព្រមទាំងបំផ្លាញទឹកដីឲ្យទៅជា ទីស្មសានទៀតផង។
តាំងពីយើងខ្ញុំនៅក្មេង ព្រះគំរក់បានធ្វើឲ្យអ្វីៗ ដែលដូនតារបស់យើងខ្ញុំបានសន្សំ វិនាសហិនហោចអស់ គឺទាំងហ្វូងចៀម និងហ្វូងគោ ទាំងកូនប្រុស និងកូនស្រី។
ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮសំរែកភ័យខ្លាច ចលាចលកើតមាននៅក្នុងស្រុក គឺមិនមែនសន្តិភាពទេ!
ខ្ញុំមើលទៅភ្នំទាំងឡាយ ឃើញភ្នំទាំងនោះកក្រើករំពើក រីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
សត្វតោលោតចេញពីរូងរបស់វាហើយ មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ ពីកន្លែងរបស់ខ្លួន ដើម្បីកំទេចស្រុករបស់អ្នក ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ លែងមានប្រជាជនរស់នៅទៀតហើយ។
ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចំបាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។
ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហារ របស់អ្នករាល់គ្នា ពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោ របស់អ្នករាល់គ្នា ពួកគេកំទេចចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់អ្នករាល់គ្នា ហើយរំលាយក្រុងដែលមានកំពែងរឹងមាំ ជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងបាប៊ីឡូន!
ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេល ដែលអុលឡោះតាអាឡាប្រព្រឹត្តចំពោះក្រុងបាប៊ីឡូន តាមគម្រោងការរបស់ទ្រង់ គឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសាន គ្មានមនុស្សរស់នៅ។
ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតំរៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងស៊ីយ៉ូន!»
ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំង ទ័ពសេះបោលយ៉ាងលឿន រទេះចំបាំងបោះពួយទៅមុខ។
ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។
ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់អុលឡោះតាអាឡា»។
ប៉ុន្ដែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។
ពួកគេប្តូរឈ្មោះក្រុងឡាអ៊ីស ដែលគេធ្លាប់ហៅពីមុននោះដាក់ថា «ក្រុងដាន់» តាមឈ្មោះបុព្វបុរសរបស់គេ ដែលត្រូវជាកូនរបស់យ៉ាកកូប។
ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។