Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 39 - អាល់គីតាប

1 ពពែ​ព្រៃ​មាន​កូន​នៅ​ពេល​ណា តើ​អ្នក​ដឹង​ឬ​ទេ? តើ​អ្នក​ដែល​សង្កេត​ឃើញ ក្ដាន់​ញី​បង្កើត​កូន​ឬ​ទេ?

2 តើ​អ្នក​បាន​រាប់​ចំនួន​ខែ​ដែល​វា​ផើម ហើយ​ដឹង​ពេល​ដែល​វា​ត្រូវ​បង្កើត​កូន​ឬ​ទេ?

3 វា​ក្រាប​ចុះ រួច​បង្កើត​កូន​ចេញ​មក ហើយ​បាត់​ការ​ឈឺ​ចាប់។

4 កូន​របស់​វា​ក៏​មាន​កម្លាំង​មាំ‌មួន ហើយ​ចំរើន​ធំ​ឡើង​នៅ​តាម​ទី​វាល រួច​ចាក​ចេញ​ពី​មេ​វា​ទៅ ឥត​វិល​ត្រឡប់​មក​វិញ​ឡើយ។

5 តើ​នរណា​ផ្ដល់​សេរី‌ភាព​ឲ្យ​លា​ព្រៃ ដោយ​ស្រាយ​ចំណង​របស់​វា?

6 យើង​បាន​ឲ្យ​វា​រស់​នៅ​តាម​ព្រៃ​ល្បោះ ដី​ដែល​មាន​ជាតិ​ប្រៃ​ជា​លំ‌នៅ​របស់​វា។

7 វា​មិន​ដែល​ស្គាល់​ទីក្រុង​ដ៏​អ៊ូ‌អរ ហើយ​ក៏​មិន​ដែល​ឮ​សំឡេង​ម្ចាស់​ណា ស្រែក​ដាក់​វា​ដែរ។

8 វា​រក​ស៊ី​នៅ​តាម​ដង​ភ្នំ វា​ស្វែង​រក​ស្លឹក​ឈើ​ខៀវ​ខ្ចី​មក​ធ្វើ​ជា​ចំណី។

9 តើ​គោ​ព្រៃ​ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អ្នក ហើយ​ចង់​ដេក​នៅ​ក្នុង​ក្រោល​គោ​របស់​អ្នក​ឬ​ទេ?

10 តើ​អ្នក​អាច​យក​ខ្សែ​មក​ចង​គោ​ព្រៃ បង្ខំ​វា​ឲ្យ​ភ្ជួរ​ស្រែ​បាន​ឬ​ទេ? តើ​វា​សុខ​ចិត្ត​អូស​រនាស់​ឲ្យ​អ្នក នៅ​តាម​ជ្រលង​ភ្នំ​ឬ​ទេ?

11 តើ​អ្នក​អាច​ទុក​ចិត្ត​វា ព្រោះ​តែ​វា​មាន​កម្លាំង​ដ៏​ខ្លាំង‌ក្លា ហើយ​ចង់​ឲ្យ​វា​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន របស់​អ្នក​ឬ​ទេ?

12 តើ​អ្នក​អាច​ទុក​ចិត្ត​វា​ឲ្យ​ដឹក​ស្រូវ យក​ទៅ​លាន​បោក​បែន ហើយ​នាំ​ភោគ‌ផល​ទៅ​ដាក់​ជង្រុក​បាន​ឬ​ទេ?

13 សត្វ​អូទ្រុស​ទទះ​ស្លាប​យ៉ាង​សង្ហា ក៏​ប៉ុន្តែ តើ​វា​អាច​ហើរ​ដូច​សត្វ​កុក​បាន​ឬ?

14 វា​ពង​ចោល​នៅ​លើ​ដី ហើយ​បង្កប់​ពង​នោះ​ឲ្យ​ក្ដៅ​នៅ​ក្នុង​ខ្សាច់

15 ដោយ​ពុំ​នឹក​ស្មាន​ថា គេ​អាច​ដើរ​ពី​លើ ឬ​មាន​សត្វ​ព្រៃ​មក​ជាន់​កំទេច​ឡើយ។

16 វា​តឹង‌តែង​ជា​មួយ​កូន​របស់​វា ធ្វើ​ហាក់​ដូច​ជា​មិន​មែន​កូន​របស់​វា។ វា​ខំ​ប្រឹង​ពង ទោះ​បី​មិន​បាន​ការ ក៏​វា​មិន​ខ្វល់​ខ្វាយ​អ្វី​ដែរ

17 ដ្បិត​អុលឡោះ​បាន​ធ្វើ​ឲ្យ​វា​ខ្វះ​ប្រាជ្ញា ហើយ​គ្មាន​គំនិត​យោបល់។

18 ប៉ុន្តែ ពេល​វា​ក្រោក​ឡើង រត់​បោះ‌ពួយ​ទៅ​មុខ នោះ​សេះ និង​អ្នក​ជិះ​សេះ ពុំ​អាច​ដេញ​តាម​វា​ទាន់​ឡើយ។

19 តើ​អ្នក​ឬ​ដែល​ផ្ដល់​កម្លាំង​ឲ្យ​សេះ? តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​មាន​សក់​ដ៏​វែង​អន្លាយ ដុះ​នៅ​លើ​កញ្ចឹង‌ក​របស់​វា?

20 តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប និង​មាន​សំរែក​គួរ​ឲ្យ​ញាប់‌ញ័រ?

21 វា​បោល​នៅ​តាម​ជ្រលង​ភ្នំ ហើយ​បញ្ចេញ​កម្លាំង សំរុក​ទៅ​រក​សមរ‌ភូមិ។

22 វា​មិន​ចេះ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត ហើយ​មិន​រា​ថយ​នៅ​ចំពោះ​មុខ​ដាវ​ឡើយ។

23 សំឡេង​បំពង់​ព្រួញ សន្ធឹក​លំពែង និង​ស្ន លាន់​ឮ​នៅ​លើ​ខ្លួន​វា។

24 វា​លោត វា​កញ្ជ្រោល វា​បោះ‌ពួយ​ទៅ​មុខ ហើយ​ពេល​ឮ​គេ​ផ្លុំ​ស្នែង វា​ពុំ​អាច​នៅ​ស្ងៀម​បាន​ទេ។

25 កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើង វា​ស្រង់​ក្លិន​ចំបាំង​ពី​ចម្ងាយ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ព និង​សំរែក​ប្រកាស​សឹក​ដែរ។

26 តើ​សត្វ​ប្រមង់​សំកាំង​ស្លាប តម្រង់​ទៅ​ទិស​ខាង​ត្បូង ដើម្បី​ឲ្យ​រោម​ស្លាប​ដុះ​ឡើង​សា​ជា​ថ្មី ដោយ‌សារ​គំនិត​យោបល់​របស់​អ្នក​ឬ?

27 តើ​សត្វ​ឥន្ទ្រី​ហើរ​ឡើង​ទៅ​លើ ហើយ​ដាក់​កូន​របស់​វា​នៅ​តាម​ទី​ខ្ពស់ៗ តាម​បញ្ជា​របស់​អ្នក​ឬ?

28 នៅ​ពេល​យប់ វា​ស្នាក់​នៅ​តាម​ថ្ម វា​យក​ក្រហែង​ថ្ម​នៅ​តាម​កំពូល​ភ្នំ​ដ៏​ខ្ពស់ៗ ធ្វើ​ជា​កំពែង​ការពារ​ខ្លួន។

29 ពី​ទី​ខ្ពស់​នោះ វា​សម្លឹង​ចាំ​ចាប់​រំពា វា​អាច​មើល​ឃើញ​ពី​ចម្ងាយ។

30 កូន​របស់​វា​ជញ្ជក់​ឈាម ទី​ណា​មាន​សាក‌សព វា​ស្ថិត​នៅ​ទី​នោះ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម