ពួកចៅហ្វាយ 20 - អាល់គីតាបជនជាតិអ៊ីស្រអែលធ្វើទោសកុលសម្ព័ន្ធពុនយ៉ាមីន 1 ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។ 2 ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រអែល សុទ្ធតែមានវត្តមានក្នុងអង្គប្រជុំនៃប្រជាជនរបស់អុលឡោះគឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។ 3 កូនចៅពុនយ៉ាមីនបានទទួលដំណឹងថា ប្រជាជនអ៊ីស្រអែលលើកទ័ពមកដល់មីសប៉ាហើយ។ ពេលនោះ ប្រជាជនអ៊ីស្រអែលសួរទៅបុរសលេវីថា៖ «ចូរនិយាយប្រាប់យើងមើល តើឧក្រិដ្ឋកម្មនេះកើតឡើងយ៉ាងដូចម្តេច?។ 4 បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកពុនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។ 5 យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ ដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ។ ពួកគេមានបំណងសម្លាប់ខ្ញុំ ប៉ុន្តែ នៅទីបំផុត ពួកគេបាននាំគ្នារំលោភប្រពន្ធចុងខ្ញុំ រហូតដល់នាងបាត់បង់ជីវិត។ 6 ហេតុនេះហើយបានជាខ្ញុំយកសាកសពរបស់នាងកាប់ជាកំណាត់ៗ រួចផ្ញើទៅគ្រប់តំបន់ក្នុងទឹកដីអ៊ីស្រអែល ដ្បិតពួកពុនយ៉ាមីនបានប្រព្រឹត្តអំពើយង់ឃ្នងមួយដ៏ថោកទាបបំផុតនៅស្រុកអ៊ីស្រអែល។ 7 ឥឡូវនេះ បងប្អូនទាំងអស់គ្នាដែលជាជនជាតិអ៊ីស្រអែលអើយ សូមបងប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។ 8 ប្រជាជនទាំងមូលក៏ក្រោកឈរឡើង ស្រុះគ្នាដូចមនុស្សតែម្នាក់ ដោយពោលថា៖ «ក្នុងចំណោមពួកយើង គ្មាននរណាម្នាក់វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញឡើយ ទោះបីអ្នកនោះរស់នៅក្នុងជំរំក្តី ឬក្នុងផ្ទះក្តី។ 9 យើងត្រូវប្រព្រឹត្តចំពោះអ្នកក្រុងគីបៀរដូចតទៅនេះ គឺយើងនឹងទៅវាយពួកគេ ដោយចាប់ឆ្នោត។ 10 យើងត្រូវជ្រើសរើសមនុស្សមួយភាគដប់ ពីក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ដើម្បីឲ្យគេទទួលខុសត្រូវផ្នែកខាងរកស្បៀងអាហារសម្រាប់ពលទ័ពដែលនឹងចេញទៅវាយពួកពុនយ៉ាមីន នៅក្រុងគីបៀរ ដើម្បីដាក់ទណ្ឌកម្មដល់ពួកគេ ចំពោះអំពើដ៏ថោកទាប ដែលគេបានប្រព្រឹត្តនៅស្រុកអ៊ីស្រអែល»។ 11 ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូលមានចិត្តគំនិតតែមួយ លើកគ្នាប្រឆាំងនឹងអ្នកក្រុងគីបៀរ។ 12 កុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រអែលបានចាត់អ្នកនាំសារឲ្យទៅគ្រប់អំបូរ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន សួរថា៖ «ហេតុអ្វីបានជាមានអំពើឧក្រិដ្ឋបែបនេះកើតឡើង ក្នុងចំណោមអ្នករាល់គ្នា? 13 ឥឡូវនេះ ចូរប្រគល់ជនពាលទាំងនោះនៅគីបៀរមក យើងនឹងសម្លាប់ពួកគេ ដើម្បីបោសសំអាតអំពើអាក្រក់ ចេញពីក្នុងចំណោមប្រជាជនអ៊ីស្រអែល»។ ប៉ុន្តែ កូនចៅពុនយ៉ាមីនមិនព្រមស្តាប់ជនជាតិអ៊ីស្រអែល ជាបងប្អូនរបស់ខ្លួនឡើយ។ 14 កូនចៅពុនយ៉ាមីនក៏ចេញពីក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយមកប្រមូលផ្តុំគ្នានៅក្រុងគីបៀរ ដើម្បីប្រយុទ្ធតទល់នឹងជនជាតិអ៊ីស្រអែល។ 15 នៅថ្ងៃនោះ ទាហានពុនយ៉ាមីនដែលគេបានកេណ្ឌមកពីក្រុងនានា ប្រដាប់ដោយដាវមានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ឥតរាប់ទាហានដ៏ជំនាញៗចំនួនប្រាំពីររយនាក់ពីក្រុងគីបៀរទេ។ 16 ក្នុងចំណោមពួកគេ មានទាហានដ៏ជំនាញៗ ចំនួនប្រាំពីររយនាក់ ដែលប្រើតែដៃឆ្វេង។ អ្នកទាំងនោះអាចប្រើដង្ហក់ចោលដុំគ្រួស សូម្បីតែសក់មួយសរសៃក៏ចោលឥតខុសឡើយ។ 17 រីឯទាហានរបស់កុលសម្ព័ន្ធអ៊ីស្រអែលឯទៀតៗ ក្រៅពីកុលសម្ព័ន្ធពុនយ៉ាមីន មានបួនសែននាក់ដែលប្រដាប់ដោយដាវ ហើយសុទ្ធតែជាអ្នកចំបាំងដ៏ស្ទាត់ជំនាញ។ 18 ពេលនោះ ជនជាតិអ៊ីស្រអែល នាំគ្នាឡើងទៅបេតអែលទូរអាសួរអុលឡោះថា៖ «ក្នុងចំណោមពួកយើង តើកុលសម្ព័ន្ធណាត្រូវចេញទៅវាយពួកពុនយ៉ាមីនមុនគេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «កុលសម្ព័ន្ធយូដាត្រូវចេញទៅមុនគេ»។ 19 ជនជាតិអ៊ីស្រអែលក្រោកឡើងពីព្រលឹម នាំគ្នាទៅបោះទ័ពនៅទល់មុខនឹងគីបៀរ។ 20 បន្ទាប់មក កងទ័ពអ៊ីស្រអែលចូលទៅប្រយុទ្ធនឹងពុនយ៉ាមីន ដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ។ 21 កូនចៅពុនយ៉ាមីនក៏ចេញពីក្រុងគីបៀរ ហើយក្នុងថ្ងៃនោះ ពួកគេបានសម្លាប់ទាហានអ៊ីស្រអែលនៅលើសមរភូមិ អស់ចំនួនពីរម៉ឺនពីរពាន់នាក់។ 22 ទាហានអ៊ីស្រអែលក៏បានពង្រឹងទឹកចិត្តឡើងវិញ ហើយតំរៀបទ័ពនៅលើសមរភូមិដដែល។ 23 បន្ទាប់មក ប្រជាជនអ៊ីស្រអែលក៏ចេញទៅយំសោកនៅចំពោះអុលឡោះតាអាឡារហូតដល់ល្ងាច ដោយទូរអាសួរទ្រង់ថា៖ «តើយើងខ្ញុំត្រូវប្រយុទ្ធនឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀតឬទេ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ចូរឡើងទៅវាយពួកគេចុះ!»។ 24 ជនជាតិអ៊ីស្រអែលក៏វាយលុកកូនចៅពុនយ៉ាមីនសាជាថ្មី។ 25 នៅថ្ងៃទីពីរនេះ កូនចៅពុនយ៉ាមីនចេញពីក្រុងគីបៀរ មកវាយពលទាហានអ៊ីស្រអែល ហើយប្រហារជីវិតពួកគេ នៅលើសមរភូមិនោះអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់ ដែលសុទ្ធតែជាទាហានប្រដាប់ដោយដាវ។ 26 ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងមូល នាំគ្នាឡើងទៅឯបេតអែល អង្គុយយំសោកនៅចំពោះអុលឡោះតាអាឡា។ ថ្ងៃនោះ ពួកគេបានតមអាហាររហូតដល់ល្ងាច។ ពួកគេបានយកសត្វមកធ្វើជាគូរបានដុតទាំងមូល និងគូរបានមេត្រីភាពចំពោះអុលឡោះតាអាឡា។ 27 ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡា ដ្បិតគ្រានោះ ហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះស្ថិតនៅបេតអែល 28 ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់ហារូន ជាអ្នកបម្រើទ្រង់នៅទីនោះ។ ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡាថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ អុលឡោះតាអាឡាឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។ 29 ជនជាតិអ៊ីស្រអែលបានបង្កប់ទ័ពឆ្មក់ នៅជុំវិញក្រុងគីបៀរ។ 30 នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅពុនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។ 31 ពេលនោះ កូនចៅពុនយ៉ាមីន ក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រអែល ហើយទ័ពអ៊ីស្រអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពពុនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រអែល អស់ចំនួនសាមសិបនាក់ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។ 32 កូនចៅពុនយ៉ាមីនពោលថា៖ «មើលហ្ន៎! ពួកវាបាក់ទ័ពដូចគ្រាមុនទៀតហើយ!»។ រីឯជនជាតិអ៊ីស្រអែលវិញ គេពោលថា៖ «យើងនាំគ្នារត់ទៅ ដើម្បីទាក់ទាញពួកវាចេញឲ្យឆ្ងាយពីក្រុង»។ 33 បន្ទាប់មក កងទ័ពអ៊ីស្រអែលបានចេញពីកន្លែងរៀងៗ មកប្រមូលផ្តុំគ្នានៅបាល-តាម៉ារ រីឯទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងលាក់ខ្លួននៅត្រង់វាលទំនាបគីបៀរមកដែរ។ 34 ទាហានដ៏ចំណានៗចំនួនមួយម៉ឺននាក់ ដែលគេបានជ្រើសរើសពីក្នុងចំណោមកងទ័ពអ៊ីស្រអែលទាំងមូល ក៏លើកគ្នាមកដល់មុខក្រុងគីបៀរ។ ពេលនោះការប្រយុទ្ធមួយដ៏សាហាវបានចាប់ផ្តើមឡើង ប៉ុន្តែ ពួកពុនយ៉ាមីនពុំដឹងខ្លួនថា នឹងមានមហន្តរាយមួយកើតឡើងចំពោះពួកគេទេ។ 35 អុលឡោះតាអាឡាបានធ្វើឲ្យពុនយ៉ាមីនបាក់ទ័ព ហើយនៅថ្ងៃនោះ ជនជាតិអ៊ីស្រអែលបានសម្លាប់ទាហានពុនយ៉ាមីន ដែលប្រដាប់ដោយដាវ អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់។ 36 ពេលនោះ កូនចៅពុនយ៉ាមីនដឹងខ្លួនថា ពួកគេចាញ់ហើយ ដ្បិតនៅពេលដែលជនជាតិអ៊ីស្រអែលនាំគ្នារត់នោះ គឺមកពីគេទុកចិត្តលើអន្តរាគមន៍របស់ទ័ពឆ្មក់ដែលបង្កប់ខ្លួន នៅជុំវិញក្រុងគីបៀរ។ 37 ទ័ពឆ្មក់វាយសំរុកយ៉ាងលឿនចូលក្នុងក្រុងគីបៀរ ហើយចាប់យកទីក្រុង ព្រមទាំងសម្លាប់រង្គាលអ្នកក្រុងនោះទៀតផង។ 38 កងទ័ពអ៊ីស្រអែលទាំងមូលបានសន្មតគ្នាជាមួយទ័ពឆ្មក់ថា នៅពេលមានផ្សែងហុយឡើងពីទីក្រុង 39 កងទ័ពដែលរត់នៅមុខកងទ័ពពុនយ៉ាមីន ត្រូវបកក្រោយវិញ។ កងទ័ពពុនយ៉ាមីនសម្លាប់ទាហានអ៊ីស្រអែល អស់ប្រមាណជាសាមសិបនាក់ ហើយពួកគេនឹកគិតថា៖ «ពួកវាប្រាកដជាបាក់ទ័ពរត់នៅមុខយើង ដូចលើកមុនដែរ!»។ 40 ពេលនោះ ស្រាប់តែមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ពីទីក្រុង។ កងទ័ពពុនយ៉ាមីនក្រឡេកមើលក្រោយឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីទីក្រុងទាំងមូល។ 41 កងទ័ពអ៊ីស្រអែលក៏បកក្រោយ ធ្វើឲ្យកងទ័ពពុនយ៉ាមីនភ័យតក់ស្លុតយ៉ាងខ្លាំង ដោយឃើញមហន្តរាយកើតឡើង ចំពោះពួកគេដូច្នេះ។ 42 ពួកគេបែរក្រោយរត់គេចពីកងទ័ពអ៊ីស្រអែល សំដៅទៅវាលរហោស្ថាន ប៉ុន្តែ កងទ័ពអ៊ីស្រអែលបានដេញតាមពួកគេ ហើយទ័ពឆ្មក់ក៏ចេញពីក្រុងមកដែរ រួចវាយផ្ទប់សម្លាប់រង្គាលពួកគេដែលស្ថិតនៅចំកណ្តាល។ 43 កងទ័ពអ៊ីស្រអែលឡោមព័ទ្ធទ័ពពុនយ៉ាមីន និងដេញសម្លាប់ពួកគេ រហូតដល់ខាងកើតក្រុងគីបៀរ មិនទុកឱកាសឲ្យពួកគេរត់រួចឡើយ។ 44 ទាហានពុនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតអស់ចំនួនមួយម៉ឺនប្រាំបីពាន់នាក់។ 45 ក្នុងចំណោមទាហានពុនយ៉ាមីន ដែលរត់គេចខ្លួនឆ្ពោះទៅវាលរហោស្ថាន មានប្រាំពាន់នាក់ត្រូវគេសម្លាប់ នៅតាមផ្លូវទៅផ្ទាំងថ្មរីម៉ូន។ កងទ័ពអ៊ីស្រអែលដេញតាមពួកគេ រហូតដល់គីដូម ហើយសម្លាប់បានពីរពាន់នាក់ថែមទៀត។ 46 នៅថ្ងៃនោះ ទាហានពុនយ៉ាមីនដែលសុទ្ធតែខ្លាំងពូកែ បានបាត់បង់ជីវិតទាំងអស់ពីរម៉ឺនប្រាំពាន់នាក់។ 47 រីឯពួកដែលរត់ទៅវាលរហោស្ថាន មានចំនួនប្រាំមួយរយនាក់បានរួចខ្លួន ពួកគេទៅដល់ផ្ទាំងថ្មរីម៉ូន ហើយស្នាក់នៅទីនោះអស់រយៈពេលបួនខែ។ 48 កងទ័ពអ៊ីស្រអែលវិលត្រឡប់មកវិញ ប្រយុទ្ធនឹងពួកពុនយ៉ាមីនដែលនៅសល់ ហើយសម្លាប់ពួកគេដោយមុខដាវទាំងមនុស្ស ទាំងហ្វូងសត្វ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់គេទៀតផង។ កងទ័ពអ៊ីស្រអែលទៅដល់កន្លែងណា គេដុតកំទេចទីក្រុងទាំងប៉ុន្មាននៅកន្លែងនោះ។ |
© 2014 United Bible Societies, UK.
United Bible Societies