Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 3 - អាល់គីតាប


អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង​ស្រី​ពេស្យា​ដែល​មិន​ដូរ​គំនិត

1 អុលឡោះ​មាន​បន្ទូល​ថា៖ «ពេល​បុរស​ម្នាក់​លែង‌លះ​ភរិយា ហើយ​ភរិយា​ចាក​ចេញ​ទៅ​មាន​ប្ដី​មួយ​ទៀត បុរស​នោះ​អាច​វិល​ទៅ​រក​នាង​វិញ​បាន​ឬ? ទេ បើ​ធ្វើ​ដូច្នេះ ស្រុក​ទេស​មុខ​ជា​ត្រូវ​សៅហ្មង​មិន​ខាន។ អ៊ីស្រ‌អែល​អើយ ចំណែក​ឯ​អ្នក​វិញ អ្នក​បាន​ទៅ​ផិត​ក្បត់​ជា​មួយ​ព្រះ​ជា​ច្រើន តើ​អ្នក​ចង់​ឲ្យ​យើង​ទទួល​អ្នក​វិញ​ឬ? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

2 ចូរ​ក្រឡេក​មើល​ទៅ​កំពូល​ភ្នំ​មើល៍ តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​បាន ផិត​ក្បត់​យើង? អ្នក​អង្គុយ​តាម​ផ្លូវ ទន្ទឹង​រង់‌ចាំ​គូ​កំណាន់​ចិត្ត របស់​អ្នក ដូច​អារ៉ាប់​អង្គុយ​នៅ​វាល​រហោ‌ស្ថាន អ្នក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ព្រោះ​តែ​អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាក សីល‌ធម៌​ដែល​អ្នក​ប្រព្រឹត្ត។

3 ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​ឲ្យ មាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ ប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀត អ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។

4 ឥឡូវ​នេះ អ្នក​បែរ​ជា​ហ៊ាន​អង្វរ​យើង​ថា “ឱ​បិតា​អើយ ទ្រង់​បាន​ស្រឡាញ់​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម៉្លេះ!

5 តើ​ទ្រង់​នៅ​តែ​ខឹង​នឹង​ខ្ញុំ ដល់​កាល​ណា? ទ្រង់​ចង​គំនុំ​រហូត​ឬ?”។ អ្នក​ពោល​ដូច្នេះ តែ​អ្នក​ពូកែ​ប្រព្រឹត្ត​អាក្រក់​ណាស់»។


ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!

6 នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រ‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

7 យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រ‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។

8 យើង​បាន​លែង‌លះ​អ៊ីស្រ‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីល‌ធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោត​ខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​ដែរ។

9 ដោយ‌សារ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។

10 ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

11 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រ‌អែល​សាវា​គ្រាន់​បើ​ជាង​យូដា​ដែល​ផិត​ក្បត់។

12 ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖ អ៊ីស្រ‌អែល​សាវា​អើយ ចូរ​វិល​មក​វិញ យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ ដ្បិត​យើង​មាន​ចិត្ត​មេត្តា‌ករុណា យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

13 ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​នាង នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ហើយ​នាង​ពុំ​បាន​ស្ដាប់​យើង​ទេ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុល‌សម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។

15 យើង​នឹង​តែង‌តាំង​មេ​ដឹក​នាំ​ដែល​គាប់​បំណង​យើង ឲ្យ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។

16 នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវី‌រវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។

17 នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់អុលឡោះ‌តាអាឡា” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួបអុលឡោះ‌តាអាឡា។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។

18 នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​រួប‌រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ពី​ស្រុក​ខាង​ជើង​មក​ដល់​ទឹក​ដី ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស​របស់​គេ​ទុក​ជា​មត៌ក។

19 យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “បិតា” ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។

20 ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

21 មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សំរែក​យំ​សោក និង​សំរែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គេ។

22 កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ “យើង​ខ្ញុំ​មក​រក​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ។

23 យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន។

24 តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គំរក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។

25 សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។ តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​បន្ទូល របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ”»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម