ស្តេចសុបិនដល់ទៅពីរដង ដូច្នេះបញ្ជាក់ថា អុលឡោះបានគ្រោងនឹងធ្វើកិច្ចការនេះ រួចស្រេចហើយ ហើយទ្រង់នឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។
ដានីយ៉ែល 10:1 - អាល់គីតាប នៅឆ្នាំទីបីនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចរបស់ចក្រភពពែរ្ស អុលឡោះមានបន្ទូលមកកាន់ដានីយ៉ែល ហៅបេលថិស្សាសារ។ បន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ ដានីយ៉ែលរិះគិតពិចារណាអំពីបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលគាត់បានឃើញ។ ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី នោះមានព្រះបន្ទូលមួយបើកសម្ដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ បានយល់។ ព្រះបន្ទូលនោះជាសេចក្ដីពិត គឺជាជម្លោះមួយយ៉ាងធំ។ លោកពិចារណាព្រះបន្ទូលនោះ ហើយក៏យល់អត្ថន័យក្នុងនិមិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីយ៉ែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៣ ក្នុងរាជ្យនៃស៊ីរូស ជាស្តេចពើស៊ី នោះមានការ១បើកសំដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ ឃើញ ការនោះក៏ពិតប្រាកដ គឺជាការសង្គ្រាមយ៉ាងធំ លោកក៏ពិចារណាដំណើរនោះ ហើយបានយល់ចំពោះការជាក់ស្តែង |
ស្តេចសុបិនដល់ទៅពីរដង ដូច្នេះបញ្ជាក់ថា អុលឡោះបានគ្រោងនឹងធ្វើកិច្ចការនេះ រួចស្រេចហើយ ហើយទ្រង់នឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។
ក្នុងឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូសជាស្តេចស្រុកពែរ្ស អុលឡោះតាអាឡាបានជំរុញចិត្តស្តេចស៊ីរូស ឲ្យចេញប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមបន្ទូលដែលទ្រង់បានថ្លែង តាមរយៈណាពីយេរេមា មានសេចក្តីដូចតទៅ៖
ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ស្តេចស៊ីរូស ជាស្ដេចស្រុកពែរ្ស។
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ដំណាក់ជូនអុលឡោះជាម្ចាស់របស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដូចស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស បានបញ្ជាដល់ពួកយើង»។
អ្នកស្រុកទាំងនោះបានសូកប៉ាន់ពួកទីប្រឹក្សារបស់ស្តេច ឲ្យរារាំងគម្រោងការរបស់ជនជាតិយូដា តាំងពីរជ្ជកាលស្តេចស៊ីរូស រហូតដល់រជ្ជកាលស្តេចដារីយុស ជាស្តេចស្រុកពែរ្ស។
ពួកអះលីជំអះនៃជនជាតិយូដាបន្តការសាងសង់ម៉ាស្ជិទដោយជោគជ័យ ស្របតាមសេចក្ដីដែលណាពីហាកាយ និងណាពីសាការីយ៉ា ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ម៉ាស្ជិទ ស្របតាមបញ្ជារបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល និងស្របតាមរាជក្រឹត្យរបស់ស្តេចស៊ីរូស ស្តេចដារីយូស និងស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស។
នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ស្តេចបានចេញរាជបញ្ជាមួយស្តីអំពីដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹម។ ត្រូវសង់ដំណាក់ឡើងវិញនៅលើគ្រឹះចាស់ ទុកជាកន្លែងធ្វើគូរបាន។ ដំណាក់នេះត្រូវមានកំពស់ហុកសិបហត្ថ និងទទឹងហុកសិបហត្ថ។
យើងនិយាយអំពីស្តេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងម៉ាស្ជិទឡើងវិញ”។
អុលឡោះប្រោសប្រទានឲ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀតដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។
លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។
ខ្ញុំមកពន្យល់ប្រាប់អ្នកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់អ្នក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។
ឥឡូវនេះ ខ្ញុំសូមជម្រាបសេចក្ដីពិតជូនអ្នក ដូចតទៅ: ស្ដេចបីនាក់នឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។
ចំពោះអ្នវិញ ដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចំរើនឡើង»។
គាត់តបមកខ្ញុំវិញថា៖ «ដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។
ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
នៅទីបំផុត ដានីយ៉ែលចូលមក (គាត់ក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យគាត់ដឹងពីសុបិនរបស់យើង ដូចតទៅ:
ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ គាត់នោះគឺដានីយ៉ែល ដែលបិតារបស់ស្តេចប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក គាត់នឹងពន្យល់អត្ថន័យជូនស្តេចជាមិនខាន»។
ពេលនោះ ដានីយ៉ែលជម្រាបស្តេចវិញថា៖ «សូមស្តេចទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯខ្ញុំ ខ្ញុំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យជូនស្តេចជ្រាប។
ដានីយ៉ែលបានចំរុងចំរើនរុងរឿងឡើង ក្នុងរជ្ជកាលស្តេចដារីយូស និងក្នុងរជ្ជកាលស្តេចស៊ីរូស ជាជនជាតិពែរ្ស។
ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «ជីព្រអេលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។
រីឯកំណត់ពេលព្រឹក និងល្ងាច ដែលអ្នកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមអ្នកលាក់និមិត្តហេតុដ៏អស្ចារ្យនេះឲ្យជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។
ប៉ុន្តែ ដោយអ្នកពុំព្រមជឿពាក្យខ្ញុំ អ្នកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំថា៖ «ចូរកត់ត្រាទុក អ្នកណាដែលអុលឡោះបានត្រាស់ហៅឲ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!»។ បន្ទាប់មក ម៉ាឡាអ៊ីកាត់ប្រាប់ខ្ញុំថា៖ «សេចក្ដីទាំងនេះពិតជាបន្ទូលរបស់អុលឡោះមែន»។