អែសរ៉ា 4 - អាល់គីតាបការប្រឆាំងនឹងការសាងសង់ម៉ាស្ជិទឡើងវិញ 1 ពេលបច្ចាមិត្តរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ឮថា ពួកឈ្លើយដែលត្រឡប់មកវិញ នាំគ្នាសង់ម៉ាស្ជិទជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល 2 នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើអុលឡោះជាម្ចាស់របស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងធ្វើគូរបានជូនទ្រង់ តាំងពីជំនាន់ដែលស្តេចអេសារ-ហាដោន ជាស្តេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។ 3 ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ដំណាក់ជូនអុលឡោះជាម្ចាស់របស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដូចស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស បានបញ្ជាដល់ពួកយើង»។ 4 ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។ 5 អ្នកស្រុកទាំងនោះបានសូកប៉ាន់ពួកទីប្រឹក្សារបស់ស្តេច ឲ្យរារាំងគម្រោងការរបស់ជនជាតិយូដា តាំងពីរជ្ជកាលស្តេចស៊ីរូស រហូតដល់រជ្ជកាលស្តេចដារីយុស ជាស្តេចស្រុកពែរ្ស។ 6 នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ 7 នៅរជ្ជកាលស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារជូនស្តេចអើថាស៊ើកសេសជាស្តេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។ 8 លោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារជូនស្តេចអើថាស៊ើកសេសស្តីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖ 9 «យើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់គ្នានៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ 10 និងប្រជាជនឯទៀតៗដែលស្តេចអស្នាផារ ជាស្ដេចដ៏ប្រសើរឧត្ដម បានកៀរឲ្យមករស់នៅក្នុងក្រុងសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។» 11 សេចក្ដីនៅក្នុងសារ ដែលពួកគេផ្ញើជូនស្តេចអើថាស៊ើកសេស មានដូចតទៅ៖ «យើងខ្ញុំជាប្រជាជនរស់នៅប៉ែកខាងលិចទន្លេអឺប្រាត។ ល។ 12 សូមស្តេចជ្រាបថា ជនជាតិយូដាដែលត្រឡប់ពីនគររបស់ស្តេច មកដល់ក្រុងយេរូសាឡឹម ក្នុងចំណោមយើងខ្ញុំ កំពុងតែនាំគ្នាសង់ក្រុងអាក្រក់ និងបះបោរនេះឡើងវិញ។ ពួកគេជួសជុលកំពែងក្រុង ព្រមទាំងកំពុងចាក់គ្រឹះទៀតផង។ 13 សូមស្តេចជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យស្តេចខាតបង់រាជទ្រព្យមិនខាន។ 14 ដោយយើងខ្ញុំជ្រកក្រោមម្លប់បារមីរបស់ស្តេច យើងខ្ញុំមិនអាចព្រងើយកន្តើយ ទុកឲ្យគេបង្អាប់កិត្តិយសរបស់ស្តេចឡើយ ដូច្នេះ ទើបយើងខ្ញុំផ្ញើដំណឹងទាំងនេះមកជូនស្តេច។ 15 សូមស្តេចឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ស្តេចចងក្រងទុក នោះនឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ស្តេច និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។ 16 យើងខ្ញុំសូមជម្រាបស្តេចឲ្យបានជ្រាប ថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង នោះស្តេចនឹងបាត់បង់ទឹកដី នៅប៉ែកខាងលិចទន្លេអឺប្រាតជាមិនខាន»។ ចម្លើយរបស់ស្តេចអើថាស៊ើកសេស 17 ស្តេចផ្ញើសារតបវិញដូចតទៅ៖ «ជូនចំពោះលោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់គ្នានៅស្រុកសាម៉ារី និងតំបន់ដែលនៅប៉ែកខាងលិចទន្លេអឺប្រាត សូមជ្រាប។ 18 សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានឲ្យយើងស្ដាប់សព្វគ្រប់ហើយ។ 19 យើងបញ្ជាឲ្យគេស្រាវជ្រាវ ហើយឃើញថា តាំងពីដើមរៀងមក អ្នកក្រុងយេរូសាឡឹមតែងតែបង្កចលនាបះបោរ និងឃុបឃិតគ្នាប្រឆាំងនឹងស្ដេចជានិច្ច។ 20 កាលពីដើម នៅក្រុងយេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។ 21 ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។ 22 សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជទ្រព្យ»។ 23 កាលគេអានសាររបស់ស្តេចអើថាស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់គ្នា ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។ ជនជាតិយូដានាំគ្នាសង់ម៉ាស្ជិទជាបន្តទៀត 24 ជនជាតិយូដាផ្អាកការសាងសង់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស ជាស្តេចស្រុកពែរ្ស។ |
© 2014 United Bible Societies, UK.
United Bible Societies