ដានីយ៉ែល 10 - ព្រះគម្ពីរខ្មែរសាកលនិមិត្តអំពីម្នាក់ដ៏រុងរឿង 1 នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។ 2 នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខរយៈពេលបីសប្ដាហ៍។ 3 ខ្ញុំមិនបានហូបអាហារដ៏ល្អប្រណិត រីឯសាច់ និងស្រា មិនបានចូលក្នុងមាត់ខ្ញុំឡើយ ហើយខ្ញុំមិនបានលាបប្រេង រហូតដល់រយៈពេលបីសប្ដាហ៍បានផុតទៅ។ 4 លុះដល់ថ្ងៃទី២៤ ខែទីមួយ កាលខ្ញុំនៅមាត់ទន្លេធំ គឺទន្លេទីគ្រីស 5 ខ្ញុំបានងើបភ្នែកឡើងមើលទៅ នោះមើល៍! មានបុរសម្នាក់ស្លៀកពាក់ក្រណាត់ផាឌិប ចង្កេះគាត់ត្រូវបានក្រវាត់ដោយមាសសុទ្ធពីអ៊ូផាស។ 6 រូបកាយរបស់គាត់ដូចជាត្បូងបេរីល មុខរបស់គាត់ដូចជាសណ្ឋាននៃផ្លេកបន្ទោរ ភ្នែករបស់គាត់ដូចជាចន្លុះភ្លើង ដើមដៃ និងជើងរបស់គាត់ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសម្ដីរបស់គាត់ដូចជាសូរសំឡេងនៃហ្វូងមនុស្ស។ 7 ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះតែម្នាក់ឯង ហើយពួកមនុស្សដែលនៅជាមួយខ្ញុំមិនបានឃើញនិមិត្តនោះទេ ប៉ុន្តែការភិតភ័យយ៉ាងខ្លាំងបានធ្លាក់មកលើពួកគេ ហើយពួកគេរត់គេចទៅពួន។ 8 ដូច្នេះ ខ្ញុំត្រូវបានទុកចោលតែម្នាក់ឯង ក៏ឃើញនិមិត្តដ៏ធំនោះ ហើយគ្មានកម្លាំងនៅសល់ក្នុងខ្ញុំឡើយ។ ទឹកមុខរបស់ខ្ញុំបានត្រឡប់ជាស្លេកស្លាំង ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។ 9 ប៉ុន្តែខ្ញុំឮសូរសម្ដីរបស់គាត់ ហើយនៅពេលខ្ញុំបានឮសូរសម្ដីរបស់គាត់ ខ្ញុំបានផ្កាប់មុខលង់លក់ទៅ ដោយមុខរបស់ខ្ញុំដល់ដី។ ចម្បាំងខាងទេវតា 10 ពេលនោះ មើល៍! មានដៃមួយពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំងើបឡើងទាំងញ័រដោយលុតជង្គង់ និងច្រត់ដៃ។ 11 គាត់ក៏និយាយនឹងខ្ញុំថា៖ “ដានីយ៉ែលមនុស្សសំណព្វអើយ ចូរយល់ច្បាស់នូវពាក្យដែលខ្ញុំនិយាយនឹងអ្នក ហើយឈរឲ្យត្រង់ចុះ ដ្បិតឥឡូវនេះ ខ្ញុំត្រូវបានចាត់ឲ្យមកឯអ្នក”។ នៅពេលគាត់និយាយពាក្យនោះនឹងខ្ញុំហើយ ខ្ញុំក៏ឈរឡើងទាំងញ័ររន្ធត់។ 12 រួចគាត់និយាយនឹងខ្ញុំថា៖ “ដានីយ៉ែលអើយ កុំខ្លាចឡើយ ដ្បិតតាំងពីថ្ងៃដំបូងដែលអ្នកបានដាក់ចិត្តរបស់អ្នកដើម្បីយល់ច្បាស់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះរបស់អ្នក ពាក្យរបស់អ្នកត្រូវបានសណ្ដាប់ហើយ ដូច្នេះខ្ញុំបានមកដោយព្រោះពាក្យរបស់អ្នក។ 13 ប៉ុន្តែទេវតាគ្រប់គ្រងនៃអាណាចក្រពើស៊ីបានឈរឡើងទាស់នឹងខ្ញុំម្ភៃមួយថ្ងៃ រួចមើល៍! មីកែលជាម្នាក់ក្នុងពួកមេទេវតាគ្រប់គ្រងបានមកជួយខ្ញុំ ពីព្រោះខ្ញុំត្រូវបានទុកចោលនៅទីនោះជាមួយពួកស្ដេចនៃពើស៊ី។ 14 ឥឡូវនេះ ខ្ញុំបានមកដើម្បីឲ្យអ្នកយល់ច្បាស់នូវអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់អ្នកនៅគ្រាចុងបញ្ចប់ ដ្បិតនិមិត្តនេះសំដៅលើយូរថ្ងៃទៅមុខទៀត”។ 15 នៅពេលគាត់បាននិយាយនឹងខ្ញុំតាមពាក្យទាំងនោះហើយ ខ្ញុំក៏ក្រាបមុខដល់ដី ហើយទៅជាគ។ 16 នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។ 17 តើបាវបម្រើរបស់លោកម្ចាស់ អាចនិយាយនឹងលោកម្ចាស់នៃខ្ញុំដូចម្ដេចកើត? ដ្បិតឥឡូវនេះ គ្មានកម្លាំងនៅសល់ក្នុងខ្ញុំឡើយ ក៏គ្មានដង្ហើមសល់នៅក្នុងខ្ញុំដែរ”។ 18 ម្នាក់ដែលមានភិនភាគដូចមនុស្សបានពាល់ខ្ញុំទៀត ក៏ឲ្យខ្ញុំមានកម្លាំងឡើង 19 រួចនិយាយថា៖ “មនុស្សសំណព្វអើយ កុំខ្លាចឡើយ! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ចូរមានកម្លាំងឡើង មែនហើយ ចូរមានកម្លាំងឡើង!”។ កាលគាត់និយាយនឹងខ្ញុំ ខ្ញុំក៏មានកម្លាំងឡើង ហើយនិយាយថា៖ “សូមលោកម្ចាស់នៃខ្ញុំមានប្រសាសន៍ចុះ ពីព្រោះលោកឲ្យខ្ញុំមានកម្លាំងវិញហើយ”។ 20 គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។ 21 យ៉ាងណាមិញ ខ្ញុំនឹងប្រាប់អ្នកអំពីសេចក្ដីដែលមានកត់ត្រាទុកក្នុងសៀវភៅនៃសេចក្ដីពិត។ គ្មានអ្នកណាម្នាក់គាំទ្រខ្ញុំទាស់នឹងពួកទាំងនោះឡើយ មានតែមីកែលទេវតាគ្រប់គ្រងរបស់អ្នកប៉ុណ្ណោះ”៕ |