Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 36 - អាល់គីតាប


ស្តេច​យ៉ូ‌អា‌ហាស់​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1 ប្រជា‌ជន​យូដា​នាំ​គ្នា​តែង‌តាំង​ស្តេច​យ៉ូ‌អា‌ហាស់ ជា​បុត្រ​របស់​ស្តេច​យ៉ូ‌សៀស​ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក នៅ​ក្រុង​យេរូ‌សាឡឹម។

2 កាល​ស្តេច​យ៉ូ‌អា‌ហាស់​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។

3 ស្តេច​ស្រុក​អេស៊ីប​បាន​ទម្លាក់​រាជ្យ​របស់​ស្តេច​យ៉ូ‌អា‌ហាស់ ហើយ​តំរូវ​ឲ្យ​ស្រុក​យូដា​បង់​សួយ‌សារ‌អាករ ជា​ប្រាក់​ហា‌សិប​ហាប និង​មាស​កន្លះ​ហាប​ទៀត​ផង។

4 ស្តេច​ហ្វៀរ៉‌អ៊ូន‌នេ‌កោ​បាន​តែង‌តាំង​ស្តេច​អេលា‌គីម ជា​ប្អូន​របស់​ស្តេច​យ៉ូ‌អា‌ហាស់​ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ដូរ​នាម​ថា យេហូ‌យ៉ាគីម​វិញ។ រីឯ​ស្តេច​យ៉ូ‌អា‌ហាស់​ស្តេច​នេកោ​នាំ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អេស៊ីប។


ស្តេច​យេហូ‌យ៉ាគីម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

5 កាល​ស្តេច​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទេ។

6 ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង​នឹង​ស្តេច​យេហូ‌យ៉ាគីម ហើយ​ចាប់​ស្តេច​ចង​នឹង​ច្រវាក់​ធ្វើ​ពី​លង្ហិន នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

7 ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​ទុក​ក្នុង​វាំង​របស់​ស្តេច​នៅ​ក្រុង​បាប៊ី‌ឡូន​ដែរ។

8 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​យេហូ‌យ៉ាគីម គឺ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​ស្តេច​ផ្ទាល់​បាន​ប្រព្រឹត្ត សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល និង​ស្តេច​ស្រុក​យូដា។ ស្តេច​យ៉ូយ៉ា‌គីន ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ស្តេច​យ៉ូយ៉ា‌គីន​សោយ​រាជ្យ​លើ​ស្រុក​យូដា

9 កាល​ស្តេច​យ៉ូយ៉ា‌គីន​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ប្រាំ​បី​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ចិត្តអុលឡោះ‌តាអាឡា​ទេ។

10 នៅ​ពេល​ចូល​ឆ្នាំ​ស្តេច​នេប៊ូ‌ក្នេសា​ចាប់​ស្តេច ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាំ​ទៅ​ស្រុក​បាប៊ី‌ឡូន។ ស្តេច​នេប៊ូ‌ក្នេសារ​បាន​តែង‌តាំង​ស្តេច​សេដេ‌គា ជា​ប្អូន​របស់​ស្តេច​យ៉ូយ៉ា‌គីន ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


ស្តេច​សេដេ‌គា​សោយ​រាជ្យ​លើ​ស្រុក​យូដា ចុង​បញ្ចប់​នៃ​អាណា‌ចក្រ​យូដា

11 កាល​ស្តេច​សេដេ‌គា​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​មួយ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

12 ស្តេច​សេដេ‌គា​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទេ ហើយ​ពេល​ណាពី​យេរេ‌មា​ថ្លែង​បន្ទូល​ក្នុង​នាមអុលឡោះ‌តាអាឡា ក៏​ស្តេច​ពុំ​ព្រម​សារ‌ភាព​កំហុស​ដែរ។

13 ស្តេច​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្តេច​ស្បថ​ក្នុង​នាម​អុលឡោះប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​នេ‌ប៊ូក្នេ‌សា​ដែរ។ ស្តេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។

14 មេ​ដឹក​នាំ​ទាំង​អស់​របស់​ក្រុម​អ៊ីមុាំ​ព្រម​ទាំង​ប្រជា‌ជន នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្បត់​អុលឡោះ​កាន់​តែ​ច្រើន​ឡើងៗ ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​នានា ហើយ​បន្ថោក​ដំណាក់​របស់អុលឡោះ‌តាអាឡា ដែល​ទ្រង់​បាន​ញែក​ជា​សក្ការៈ​នៅ​ក្រុង​យេរូ‌សាឡឹម។

15 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចាត់​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​ទៅ​ដាស់‌តឿន​ពួក​គេ​ជា​ច្រើន​ដង ព្រោះ​ទ្រង់​មាន​ចិត្ត​មេត្តា​ប្រជា‌រាស្ត្រ និង​ដំណាក់​របស់​ទ្រង់​ផ្ទាល់។

16 ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រមាថ​អ្នក​ដែល​ទ្រង់​ចាត់​ឲ្យ​ទៅ ពួក​គេ​មើល‌ងាយ​បន្ទូល​របស់​ទ្រង់ ព្រម​ទាំង​ប្រមាថ​ពួក​ណាពី រហូត​ធ្វើ​ឲ្យ​ទ្រង់​ខឹង​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់​យ៉ាង​ខ្លាំង មិន​អាច​ប្រែ‌ប្រួល​បាន។

17 ពេល​នោះអុលឡោះ‌តាអាឡា​ក៏​បាន​ចាត់​ស្តេច​នៃ​ជន‌ជាតិ​ខាល់‌ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ទ្រង់​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​នោះ។

18 ស្តេច​នេប៊ូ‌ក្នេសា​ប្រមូល​វត្ថុ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​របស់​ទាំង​តូច ទាំង​ធំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដំណាក់​ស្តេច និង​ផ្ទះ​របស់​ពួក​មន្ត្រី នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

19 កង‌ទ័ព​បាប៊ី‌ឡូន​បាន​ដុត​ដំណាក់​របស់​អុលឡោះផ្តួល​រំលំ​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ដុត​វិមាន​ផ្សេងៗ និង​កំទេច​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​អស់​ចោល។

20 ស្តេច​នេប៊ូ‌ក្នេសារ​កៀរ​ប្រជា‌ជន ដែល​នៅ​សេស‌សល់​ពី​សង្គ្រាម យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន។ អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ​របស់​ស្តេច​នេក្នេ‌នេសារ និង​បុត្រ​របស់​ស្តេច រហូត​ដល់​អាណា‌ចក្រ​ពែរ្ស​គ្រប់‌គ្រង​ស្រុក។

21 ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​បន្ទូល ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​ណាពី​យេរេ‌មា​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ​ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក​ជំនួស​ឆ្នាំ​ឈប់​សម្រាក​ដែល​ប្រជា‌ជន​ពុំ​បាន​គោរព»។


ស្តេច​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ម៉ាស្ជិទ​ឡើង​វិញ

22 ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស​ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​ប្រកាស និង​រាជ‌ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង តាម​រយៈ​ណាពី​យេរេ‌មា មាន​សេចក្តី​ដូច​ត​ទៅ៖

23 «ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស​មាន​ប្រសាសន៍​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​សូរ៉កា បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី មក​ឲ្យ​យើង​គ្រប់‌គ្រង។ ទ្រង់​បញ្ជា​ឲ្យ​យើង​សង់​ដំណាក់​មួយ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជូន​ទ្រង់។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សូម​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​គេ នៅ​ជា​មួយ​គេ»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម