Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អែសរ៉ា 6 - អាល់គីតាប


ចម្លើយ​របស់​ស្តេច​ដារី‌យូស

1 ស្តេច​ដារី‌យូស​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ឯក‌សារ​រាជ្យ​ទ្រព្យ ដែល​គេ​រក្សា​ទុក​ក្នុង​មន្ទីរ​តម្កល់​ឯក‌សារ​នៅ​ក្រុង​បាប៊ី‌ឡូន។

2 គេ​រក​ឃើញ​ក្រាំង​មួយ​នៅ​អាក់‌មេថា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នៃ​អាណា‌ខេត្ត​មេឌី។ ក្នុង​ក្រាំង​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «កំណត់​ហេតុ:

3 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស ស្តេច​បាន​ចេញ​រាជ​បញ្ជា​មួយ​ស្តី​អំពី​ដំណាក់​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម។ ត្រូវ​សង់​ដំណាក់​ឡើង​វិញ​នៅ​លើ​គ្រឹះ​ចាស់ ទុក​ជា​កន្លែង​ធ្វើ​គូរបាន។ ដំណាក់​នេះ​ត្រូវ​មាន​កំពស់​ហុក‌សិប​ហត្ថ និង​ទទឹង​ហុក‌សិប​ហត្ថ។

4 គេ​ត្រូវ​រៀប​ថ្ម​ធំៗ​បី​ជួរ​ឆ្លាស់​គ្នា​នឹង​ឈើ​មួយ​ជួរ។ រីឯ​ប្រាក់​ចំណាយ​លើ​ការ​សង់ ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ។

5 គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​នៃ​ដំណាក់​របស់​អុលឡោះដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​រឹប​អូស​យក​ពី​ម៉ាស្ជិទ នៅ​ក្រុង​យេរូ‌សាឡឹម​មក​ក្រុង​បាប៊ី‌ឡូន​នោះ ត្រូវ​តែ​នាំ​ទៅ​ម៉ាស្ជិទ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ដាក់​នៅ​កន្លែង​ដើម​ក្នុង​ដំណាក់​របស់​អុលឡោះ»។

6 ស្តេច​ដារី‌យូស​ផ្ញើ​សារ​ទៅ​លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហ‌ការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺ‌ប្រាត​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សុំ​អស់​លោក​កុំ​រវី‌រវល់​នឹង​រឿង​នេះ​ឡើយ។

7 ទុក​ឲ្យ​ជន‌ជាតិ​យូដា​សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ​ចុះ។ ត្រូវ​ឲ្យ​ទេសា‌ភិបាល និង​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​យូដា សង់​ដំណាក់​ត្រង់​កន្លែង​ដើម។

8 សុំ​អស់​លោក​ជួយ​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​យូដា ក្នុង​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះ​ឡើង​វិញ​ផង។ ចំពោះ​ចំណាយ​ក្នុង​ការ​សង់​ត្រូវ​យក​ពី​ឃ្លាំង​រាជ‌ទ្រព្យ គឺ​ប្រាក់​នៃ​ពន្ធ‌អាករ​ដែល​ទារ​ពី​តំបន់​ខាង​លិច​ទន្លេ​អឺ‌ប្រាត មក​បើក​ឲ្យ​ពួក​គេ​គ្រប់​ចំនួន កុំ​បី​អាក់‌ខាន​ឡើយ។

9 សុំ​អស់​លោក​ផ្គត់‌ផ្គង់​អ្វីៗ​ដែល​ក្រុម​អ៊ីមុាំ នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម សម្រាប់​ជា​គូរបាន​ដុត ជូន​ចំពោះ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ព្រម​ទាំង​ស្រូវ អំបិល ស្រា​ទំពាំង‌បាយជូរ និង​ប្រេង តាម​សំណូម​ពរ​របស់​ក្រុម​អ៊ីមុាំ កុំ​បី​អាក់‌ខាន​ឡើយ។

10 ធ្វើ​ដូច្នេះ ពួក​គេ​អាច​ជូន​ជំនូន​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្ត​អុលឡោះហើយ​ពួក​គេ​ទូរអា‌អង្វរ សូម​ឲ្យ​ស្តេច និង​បុត្រ មាន​អាយុ​យឺន‌យូរ។

11 ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​សេចក្ដី​ដែល​យើង​បង្គាប់​ទេ ត្រូវ​ដក​ឈើ​ពី​ផ្ទះ​របស់​អ្នក​នោះ បញ្ឈរ​ឡើង​សម្រាប់​ដោត​គេ ហើយ​យក​ផ្ទះ​របស់​គេ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​ផង។

12 សូម​ឲ្យ​អុលឡោះ​ដែល​តាំង​នាម​របស់​ទ្រង់​នៅ​ទី​នោះ ទម្លាក់​ស្តេច ឬ​ប្រជា‌ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​សម្រេច​របស់​យើង ដោយ​មាន​បំណង​បំផ្លាញ​ដំណាក់​របស់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម។ យើង​ដារី‌យូស​ចេញ​បញ្ជា​នេះ ដូច្នេះ ត្រូវ​តែ​អនុវត្ត​តាម​ជា​កំហិត»។

13 លោក​ថាថ្នាយ ជា​ទេសា‌ភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថា-‌បូសណាយ ព្រម​ទាំង​ពួក​សហ‌ការី នាំ​គ្នា​អនុវត្ត​តាម​រាជ​បញ្ជា​របស់​ស្តេច​ដារី‌យូស​យ៉ាង​ម៉ត់‌ចត់​បំផុត។


ពិធី​បុណ្យ​ឆ្លង​ម៉ាស្ជិទ

14 ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​បន្ត​ការ​សាង​សង់​ម៉ាស្ជិទ​ដោយ​ជោគ‌ជ័យ ស្រប​តាម​សេចក្ដី​ដែល​ណាពី​ហាកាយ និង​ណាពី​សាកា‌រីយ៉ា ជា​កូន​របស់​លោក​អ៊ីដោ បាន​ថ្លែង។ ពួក​គេ​បង្ហើយ​ការ​សាង​សង់​ម៉ាស្ជិទ ស្រប​តាម​បញ្ជា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល និង​ស្រប​តាម​រាជ‌ក្រឹត្យ​របស់​ស្តេច​ស៊ីរូស ស្តេច​ដារី‌យូស និង​ស្តេច​អើថា‌ស៊ើកសេស ជា​ស្តេច​ស្រុក​ពែរ្ស។

15 គេ​បាន​សង់​ដំណាក់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ដារី‌យូស។

16 ជន‌ជាតិ​អ៊ីស្រ‌អែល ក្រុម​អ៊ីមុាំ ក្រុម​លេវី និង​ប្រជា‌ជន​នៅ​សេស‌សល់ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ដំណាក់​របស់​អុលឡោះដោយ​អំណរ។

17 ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្លង​ដំណាក់​របស់​អុលឡោះ​នេះ ពួក​គេ​យក​គោ​បា​មួយ​រយ​ក្បាល ចៀម​ឈ្មោល​ពីរ​រយ​ក្បាល និង​កូន​ចៀម​ចំនួន​បួន​រយ​ក្បាល មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ គេ​ក៏​បាន​ជូន​ពពែ​ឈ្មោល​ដប់‌ពីរ​ក្បាល តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។

18 គេ​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខ‌ងារ ដែល​ពួក​គេ​បំពេញ​ជូន​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​របស់​ណាពី​ម៉ូសា។


ជន‌ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​រំលង

19 អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។

20 ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ពួក​គេ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា។ ពួក​គេ​អារ ក​កូន​ចៀម​នៃ​ពិធី​បុណ្យ​រំលង សម្រាប់​ប្រជា‌ជន​ទាំង​អស់​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ សម្រាប់​ក្រុម​អ៊ីមុាំ ជា​បង​ប្អូន និង​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។

21 ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ នាំ​គ្នា​បរិភោគ​អាហារ​នៃ​បុណ្យ​រំលង​រួម​ជា​មួយ​អស់​អ្នក ដែល​ផ្ដាច់​ខ្លួន​ចេញ​ពី​ភាព​សៅ‌ហ្មង​របស់​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល​វិញ។

22 ពួក​គេ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​នេះ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​យ៉ាង​សប្បាយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ពួក​គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ គឺ​ទ្រង់​ដូរ​ចិត្ត​របស់​ស្តេច ឲ្យ​មេត្តា​ចំពោះ​ពួក​គេ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ​ក្នុង​ការ​សង់​ដំណាក់​របស់​អុលឡោះជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម