Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អែសរ៉ា 3 - អាល់គីតាប


ការ​សង់​អាសនៈ​ឡើង​វិញ

1 លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។

2 លោក​យេសួរ ជា​កូន​របស់​យ៉ូសា‌ដាក និង​អ៊ីមុាំ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​គាត់​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​បង​ប្អូន​របស់​គាត់ នាំ​គ្នា​សង់​អាសនៈ​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល ដើម្បី​ធ្វើ​គូរបាន​ដុត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​ជំនិត​របស់​អុលឡោះ។

3 ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។

4 បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ជំរំ ដូច​មាន​ចែង​ទុក​ក្នុង​គីតាប ហើយ​ពួក​ធ្វើ​គូរបាន​ដុត​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ។

5 ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជា​អចិន្ត្រៃយ៍ គូរបាន​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ជំនូន​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ជូនអុលឡោះ‌តាអាឡា។

6 ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា ទោះ​បី​គ្រឹះ​នៃ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។

7 ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ស្តេច​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។

8 នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ដំណាក់​នៃ​អុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យេសួរ ជា​កូន​លោក​យ៉ូសា‌ដាក និង​អ៊ីមុាំ​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​គាត់ ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា។

9 លោក​យេសួរ និង​កូន ព្រម​ទាំង​បង​ប្អូន​របស់​លោក គឺ​មាន​លោក​កាឌ‌មាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណា‌ដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ដំណាក់​របស់​អុលឡោះ។

10 នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា គេ​សុំ​ឲ្យ​អ៊ីមុាំ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ដូច​ទត ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល បាន​បង្គាប់​ទុក។

11 ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរគុណអុលឡោះ‌តាអាឡាថា៖ «អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ស្រែក​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

12 មាន​អ៊ីមុាំ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ដំណាក់​របស់​អុលឡោះ​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។

13 ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម