ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ ហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់ ទូលបង្គំដែរ។
អេសាយ 50:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់ និងផ្ញើជីវិតលើព្រះអង្គចុះ! ព្រះគម្ពីរខ្មែរសាកល ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកឯងរាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបំរើទ្រង់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយផ្អែកទៅលើព្រះនៃខ្លួនចុះ អាល់គីតាប ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ទ្រង់ បើអ្នកណាដើរក្នុងភាពងងឹត ហើយមិនឃើញពន្លឺទេ អ្នកនោះត្រូវពឹងផ្អែកលើនាមអុលឡោះតាអាឡា និងផ្ញើជីវិតលើទ្រង់ចុះ! |
ឱព្រះអម្ចាស់អើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ ហើយព្រះអង្គក៏បំភ្លឺភាពងងឹតរបស់ ទូលបង្គំដែរ។
នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។
ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរ ព្រះបាទយ៉ូសាផាតក្រោកឈរឡើង ហើយមានរាជឱង្ការថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្ដាប់យើង! ចូរទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើព្យាការីរបស់ព្រះអង្គ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។
ព្រះអង្គមុខជាប្រហារខ្ញុំ ខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយ ប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះ ព្រះភ័ក្ត្រព្រះអង្គ។
នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំ ហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំ ឲ្យដើរកាត់ភាពងងឹត។
ការគោរពកោតខ្លាចព្រះអម្ចាស់ ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!
អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច ។
អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។
ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើព្រះអង្គ គ្រប់ពេលវេលាទៅ ចូរទូលថ្វាយព្រះអង្គ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។
អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើ យើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាការដែលមនុស្សគ្រប់ៗរូបត្រូវធ្វើ។
នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។ ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។
ព្រះអម្ចាស់មានព្រះបន្ទូលថា: លោកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់ការវិនិច្ឆ័យ។
ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
“ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ ចំណេះដឹងរបស់លោក។ អ្នកបម្រើរបស់យើងសុចរិត លោកក៏ប្រោសមហាជនឲ្យបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។
ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់ នឹងរកយុត្តិធម៌ឲ្យយើង ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។ យើងសង្ឃឹមថានឹងមានពន្លឺ ផ្ទុយទៅវិញ យើងជួបតែភាពងងឹត យើងរង់ចាំថ្ងៃរះ ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។
ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ទេវតា*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្ដេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន!
ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស ព្រះអង្គជាជម្រកនៅគ្រាមានអាសន្ន ព្រះអង្គមើលថែទាំអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គ
យើងនឹងទុកប្រជាជនមួយចំនួន ដែលទន់ទាប ហើយក្រខ្សត់ ឲ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង ដែលជាព្រះអម្ចាស់។
ព្យាការីហាកាយបាននាំយកព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោក ទៅជម្រាបលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនទាំងប៉ុន្មានដែលនៅសេសសល់។ ពួកគេស្ដាប់សេចក្ដីដែលព្រះអម្ចាស់ជាព្រះរបស់ពួកគេ មានព្រះបន្ទូលតាមរយៈព្យាការីហាកាយ ហើយកោតខ្លាចព្រះអម្ចាស់។
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចព្រះអម្ចាស់ ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ ហើយយកព្រះហឫទ័យទុកដាក់នឹង ពាក្យសម្ដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ ទុកជាទីរំឭកនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។
បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
ពេលនោះ លោកដាវីឌមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយលោកគិតគ្នាចង់យកដុំថ្មគប់សម្លាប់លោក ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌ ប្រទានឲ្យលោកមានកម្លាំងចិត្តឡើងវិញ។