Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


លោក​យ៉ូប​រំឭក​ពី​គ្រា​ដែល​លោក​បាន​រុងរឿង

1 លោក​យ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដូច​ត​ទៅ៖

2 «ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ដូច​កាល​ពី​មុន គឺ​នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​មើល​ថែ​ទាំ​ខ្ញុំ

3 នៅ​គ្រា​ដែល​ចង្កៀង​របស់​ព្រះអង្គ​បំភ្លឺ​ខ្ញុំ ហើយ​ពន្លឺ​របស់​ព្រះអង្គ​នាំ​ខ្ញុំ ឲ្យ​ដើរ​កាត់​ភាព​ងងឹត។

4 ពេល​ដែល​ខ្ញុំ​កំពុង​តែ​ចម្រុង‌ចម្រើន​នោះ ព្រះ‌ជាម្ចាស់​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។

5 ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ ហើយ​កូន​ចៅ​របស់​ខ្ញុំ​ក៏​នៅ​ជុំ‌វិញ​ខ្ញុំ​ដែរ។

6 ហ្វូង​សត្វ​របស់​ខ្ញុំ​ផ្ដល់​ទឹក​ដោះ​ឲ្យ​ខ្ញុំ យ៉ាង​បរិបូណ៌ ចម្ការ​អូលីវ​របស់​ខ្ញុំ ផ្ដល់​ប្រេង​ដ៏​ច្រើន​ហូរ‌ហៀរ​មក​ខ្ញុំ។

7 ពេល​ខ្ញុំ​ចេញ​ទៅ​មាត់​ទ្វារ​ក្រុង អង្គុយ​កាត់​ក្ដី​ក្នុង​ចំណោម​ពួក​ព្រឹទ្ធា‌ចារ្យ

8 ពួក​យុវជន​ឃើញ​ខ្ញុំ គេ​នាំ​គ្នា​ដក​ខ្លួន​ថយ ពួក​ចាស់​ទុំ​នាំ​គ្នា​ក្រោក​ឈរ។

9 ពួក​មេ​ដឹក​នាំ​ឈប់​និយាយ យក​ដៃ​ខ្ទប់​មាត់ ហើយ​នៅ​ស្ងៀម

10 ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់ មិន​ហ៊ាន​និយាយ​ស្ដី​ទេ។

11 ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំ ពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ

12 ដ្បិត​ពេល​មនុស្ស​វេទនា​ស្រែក​អង្វរ ខ្ញុំ​ជួយ​យក​អាសា​គេ ហើយ​ខ្ញុំ​ក៏​បាន​ជួយ​ក្មេង​កំព្រា គ្មាន​ទី​ពឹង​ដែរ។

13 អ្នក​ដែល​ហៀប​នឹង​ស្លាប់ តែង​ឲ្យ​ពរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ស្ត្រី​មេម៉ាយ ឲ្យ​មាន​អំណរ​សប្បាយ។

14 សេចក្ដី​សុចរិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ប្រៀប​ដូច​ជា​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​ខ្ញុំ ហើយ​យុត្តិធម៌​ក៏​ប្រៀប​ដូច​ជា​អាវ​ធំ និង​ឈ្នួត​ក្បាល​របស់​ខ្ញុំ​ដែរ។

15 ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ខ្វាក់ និង​ជា​ជើង​របស់​មនុស្ស​ខ្វិន។

16 ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រ ហើយ​ជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្ស ដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។

17 ខ្ញុំ​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ដណ្ដើម​យក​ជន​រង​គ្រោះ​ពី​ចង្កូម​របស់​គេ។

18 ពេល​នោះ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​មាន​អាយុ​វែង ហើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​លំ‌នៅ​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ។

19 ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក ហើយ​នៅ​ពេល​យប់ មាន​សន្សើម​ធ្លាក់​មក​លើ​មែក។

20 ខ្ញុំ​នឹង​ទទួល​កិត្តិយស​មិន​ចេះ​ចប់ កម្លាំង​របស់​ខ្ញុំ​ចេះ​តែ​ចម្រើន​ឡើង​សា​ជា​ថ្មី ដូច​ខ្សែ​ធ្នូ​ដែល​គេ​រឹត​យ៉ាង​តឹង។

21 មនុស្ស‌ម្នា​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ពេល​ខ្ញុំ​ផ្ដល់​យោបល់ គេ​នៅ​ស្ងៀម​ស្ងាត់។

22 អ្វីៗ​ដែល​ខ្ញុំ​និយាយ​ផុត​ទៅ​ហើយ​នោះ គ្មាន​នរណា​ប្រកែក​តវ៉ា​ទេ តែ​ពួក​គេ​ទទួល​យក​ទាំង​អស់​គ្នា។

23 ពួក​គេ​រង់‌ចាំ​ខ្ញុំ ដូច​រង់‌ចាំ​ទឹក​ភ្លៀង គឺ​ដូច​អ្នក​ស្រែ​ទន្ទឹង​រង់‌ចាំ​ភ្លៀង​ចុង​រដូវ។

24 ពេល​ខ្ញុំ​ញញឹម​ដាក់​ពួក​គេ ពួក​គេ​រក​ជឿ​មិន​បាន។ ពួក​គេ​រង់‌ចាំ​ខ្ញុំ​សម្តែង​ចិត្ត​មេត្តា​ករុណា ចំពោះ​ពួក​គេ។

25 ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ពួក​គេ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ដូច​ស្ដេច​ស្ថិត​នៅ​ជា​មួយ​កង‌ពល​របស់​ខ្លួន និង​ដូច​មនុស្ស​ម្នាក់​លើក​ទឹក​ចិត្ត អស់​អ្នក​ដែល​កើត​ទុក្ខ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម